ខេត្តពោធិ៍សាត់ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប្រកាសការពារសមត្ថកិច្ចតាមផ្លូវច្បាប់ ក្នុងករណីដែលធ្វើប្រតិបត្តិការចាប់បទល្មើស ហើយត្រូវជនល្មើសធ្វើការបំពានច្បាប់តបដាក់វិញ។

សម្តេចបវរធិបតីបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើង គ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា៖ «អ្នកដែលល្មើសច្បាប់យើងត្រូវបង្ក្រាបហើយប្រជាពលរដ្ឋយើងទុកឱកាសឲ្យគាត់ប្រកបរបចឹញ្ចិមជីវិតតាមលក្ខណៈស្របច្បាប់ ដើម្បីឲ្យបានគ្នារស់ ហើយសំខាន់បំផុត គឺចែកគ្នារស់សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តោទន្លេ»។
សម្តេចបវរធិបតីបន្តថា ការឲ្យនេសាទដោយធានាត្រឹមត្រូវតែមានការទទួលខុសត្រូវព្រោះ នៅពេលខ្លះ សម្តេចបានទទួលព័ត៌មានមានករណីប្រើប្រាស់ឧបករណ៍ឆក់ត្រីទ្រង់ទ្រាយធំដែលករណីនេះ ត្រូវតែបង្ក្រាប ។ កងកងកំលាំងប្រដាប់អាវុធត្រូវតែធ្វើការឲ្យមានភាពម៉ឺងម៉ាត់ច្បាស់លាស់ ។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖ «អ្នកខ្លះរហូតដល់ចង់ដេញបាញ់ កងកំលាំងសមត្ថកិច្ចទៀត ហើយខ្លះទៀតឈានដល់ហ៊ានបើកបុកកងកំលាំងទៀត ។ ខ្ញុំសូមប្រាប់កងកំលាំងប្រដាប់ អាវុធមានសិទ្ធិការពារខ្លួន យើងអនុវត្តយើងមិនប្រើហិង្សាជាមួយប្រជាពលរដ្ឋទេ! ប៉ុន្តែបើមានការប្រើហិង្សាជាមួយកងកំលាំង ឬមួយមានចេតនាឲ្យមានគ្រោះថ្នាក់ណាមួយ កងទ័ពកង កំលាំងប្រដាប់អាវុធមានសិទ្ធិការពារខ្លួន ខ្ញុំសូមនិយាយឲ្យច្បាស់។ ព្រោះប្រជាជនធម្មតាគ្មានកាំភ្លើងទេ » ។

ជាមួយគ្នានោះដែរ សម្តេចបវរធិបតីបានព្រមានថា អ្នកដែលប្រព្រឹត្តិខុស សូមកុំចង់សាកបាញ់ កងទ័ព កងកំលាំងប្រដាប់អាវុធ កុំឲ្យសោះ កុំយកទូកមកចង់បុកពន្លិចទូករបស់កងកំលាំង នៅកណ្តាលទន្លេ! ព្រោះកន្លងមក មានករណីនេះ ។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖ «កន្លងមក ករណីនេះហើយបងប្អូនសុំយោបល់មកខ្ញុំ ហើយខ្ញុំថាបើគេបំពានបែបនេះ ប្រើសិទ្ធិការពារខ្លួនទៅ ខ្ញុំទទួលខុសត្រូវ ព្រោះខ្ញុំជាអ្នកអនុវត្តច្បាប់ ខ្ញុំត្រូវការពារបងប្អូន! បើមិនអីញ្ចឹងទេ អ្នកអនុវត្តច្បាប់ មិនលើកទឹកចិត្តទេ នោះគ្មានភាពក្លាហានទេ បើគេមកបាញ់ហើយ អត់មានពីណាការពារ ។ តែខ្ញុំសូមឲ្យអនុវត្តច្បាប់ត្រឹមត្រូវតាមច្បាប់ ហើយសុំអ្នកបំពានច្បាប់កុំលេងឲ្យសោះ»។
សម្តេចបវរធិបតីក៏បានក៏បានលើកឡើងថា ពីករណីមានការបាញ់ឧទ្យានុរក្សនៅខេត្តមណ្ឌលគិរីផងដែរ។ ដោយសម្តេចថា សុំកុំប្រើហិង្សាបែបនឹងឲ្យសោះ ព្រោះកងកំលាំងកងពលលេខ១ ក៏នៅនឹងដែរ ប្រយ័ត្នចុះទៅ។ សូមឲ្យមានការដោះស្រាយដោយសន្តិភាពវិធី កុំប្រើហិង្សា ។ លើសពីនេះ សម្តេចបវរធិបតីបានប្រកាសអះអាងថា នៅពេលដែលមានការបំពេញការងារត្រឹមត្រូវតាមផ្លូវច្បាប់ សម្តេចនឹងការពារ ព្រោះថា ការការពារនឹងដើម្បីផលប្រយោជន៍រួម ៕
ចែករំលែកព័តមាននេះ