រាជធានីភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ នៃអធិការដ្ឋាននគរបាលបាលខណ្ឌដង្កោ រាជធានីភ្នំពេញ បានបន្តធ្វើការជូនដំណឹងសារជាថ្មីឡើងវិញ អំពីស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ។ ដោយនគរបាលប៉ុស្តិ៍ខាងលើអះអាងថា ទឹកស្ទឹងនេះបានស្រកចុះទៅវិញ១ម៉ែត្រហើយ ប្រសិនបើគ្មានភ្លៀងធ្លាក់បន្តទៀតនោះទេ វានិងវិលទៅរកសភាពដើមវិញមិនខានឡើយ ។ គួររំលឹកថា សូមប្រុងប្រយ័ត្ន! ស្ថានភាពទឹកស្ទឹងព្រែកត្នោត ហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ

យោងតាមការជូនដំណឹងនៅលើផេកហ្វេសប៊ុករបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយនៅវេលាម៉ោង៨និង២០ទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះថា «កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបាទបានបង្ហោះសារជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែររស់នៅក្នុងមូលដ្ឋានសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ មេត្តាជ្រាបថា ទឹកស្ទឹងព្រែកត្នោត បានឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ ។ ប៉ុន្តែឥឡូវមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ព្រឹកនេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោតបានស្រក១ម៉ែត្រវិញហើយ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាជ្រាបជាដំណឹងផង ។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមេឃបានធ្លាក់ភ្លៀងជាប់ស្ទើរតែរាល់ថ្ងៃ ដែលប្រការនេះបានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតហក់ឡើងយ៉ាងខ្លាំង ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ទឹកបានជន់ឡើងពេញប្រៀបស្ទឹងតែម្ដង ។ ពេលនោះបានធ្វើឲ្យអាជ្ញាធរ និងសមត្ថកិច្ចមានការព្រួយបារម្ភ ខ្លាចក្រែងទឹកបន្តជន់ឡើងឥតឈប់ បង្កការជន់លិចដល់ភូមិឋានប្រជាពលរដ្ឋ ។ ដើម្បីបង្ការនិងទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិតប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួននោះ ទើបប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ ជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនេះ ។

គួររំឭកផងដែរថា ជាទៀងទាត់ឲ្យតែមានភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃនៅឯភូមិសាស្រ្តខេត្តកំពង់ស្ពឺនោះ ទឹកស្ទឹងព្រែកត្នោតតែងតែជន់ឡើងលិចភូមិឋានប្រជាពលរដ្ឋជារៀងរាល់ឆ្នាំនៅក្នុងអំឡុងខែកក្កដា ឬ ខែតុលា ។ ដោយឆ្នាំខ្លះជន់លិច១ដងតែនៅក្នុងខែកក្កដាប៉ុណ្ណោះ តែឆ្នាំខ្លះទៀតលិច២ដង គឺទាំងនៅក្នុងខែកក្កដា និងខែតុលា នៅក្នុងឆ្នាំ២០២៤នេះ កាលពីចុងខែកក្កដាកន្លងទៅជន់លិចជាច្រើនភូមិនិងច្រើនសង្កាត់របស់ខណ្ឌដង្កោនេះម្ដងរួចមកហើយ ៕


ចែករំលែកព័តមាននេះ