ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​ថា​ខ្លួន​ស.ម្លា.ប់​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​បាន​​ម្នាក់​ទៀត​ហើយ

1 ថ្ងៃ មុន

ទី​ក្រុង​យេរូសាឡឹម៖ ​អ៊ីស្រាអែល​អះ​អាង​ថា​​ខ្លួន​ទើប​តែ​ធ្វើ​​ឃាត​​​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​ថែម​ម្នាក់​ទៀត​​​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​​របស់​អតីត​មេ​ដឹកនាំ​កំពូល​របស់​ហាម៉ាស​ឈ្មោះ​យ៉ា​យ៉ា​ ស៊ីន​វ៉ា (Yahya Sinwar) ដែល​បាន​ស្លាប់​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២៤។ លោក​មហា​មេត​ ស៊ីន​វ៉ា​ (Mohammad…

ទី​ក្រុង​យេរូសាឡឹម៖ ​អ៊ីស្រាអែល​អះ​អាង​ថា​​ខ្លួន​ទើប​តែ​ធ្វើ​​ឃាត​​​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​ថែម​ម្នាក់​ទៀត​​​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​​របស់​អតីត​មេ​ដឹកនាំ​កំពូល​របស់​ហាម៉ាស​ឈ្មោះ​យ៉ា​យ៉ា​ ស៊ីន​វ៉ា (Yahya Sinwar) ដែល​បាន​ស្លាប់​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២៤។ លោក​មហា​មេត​ ស៊ីន​វ៉ា​ (Mohammad Sinwar) ត្រូវ​​អ៊ី​ស្រាអែល​​សម្លាប់​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​។ គាត់​ជា​គោល​ដៅ​ដែល​អ៊ីស្រាអែល​ប៉ង​ប្រហារ​ជា​យូរ​មក​​ហើយ​។​ ប៉ុន្តែ​គ្មាន​ឱកាស​។

កាល​ពី​ដើម​ខែ​ឧសភា​ អ៊ីស្រាអែល​វាយ​ឆ្មក់​ទៅ​លើ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​នៅ​តំបន់​ហ្កាហ្សា​ខាង​ត្បូង​។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា​ ​លោក​ណឺតាន់​យ៉ាហ៊ូ​​សន្មត​ទុក​ជា​មុន​ថា​មហាមេត​ប្រហែល​ជា​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​។ ​ថ្ងៃ​នេះ​​ លោក​ថ្លែង​នៅ​​ក្នុង​​រដ្ឋសភា​ដើម្បី​បញ្ជាក់​ពី​ការ​ស្លាប់​ និង​ប្រកាស​​​​លុប​ចោល​ឈ្មោះ​មហា​មេត​ពី​បញ្ជី​​ខ្មៅ​​​ដែល​ត្រូវ​កម្ចាត់​ចោល​​។

រហូត​មក​ដល់​ពេល​នេះ ក្រុម​ហាម៉ាស់​មិន​ទាន់​បញ្ចេញ​ប្រតិ​កម្ម ឬ​​បដិសេធ ឬ​ធ្វើ​អត្ថា​ធិប្បាយ​​ទៅ​លើ​ដំណឹង​​ស្លាប់​នេះ​ទេ​។​ អ៊ីស្រាអែល​ប្រកាសពី​ការ​ស្លាប់​នេះ​​​ចំ​ពេល​ដែល​ខ្លួន​បន្ត​យុទ្ធ​នា​ការ​វាយ​ប្រហារ​យ៉ាង​ក្ដៅ​គគុក​​​ទៅ​លើ​តំបន់​ហ្កាហ្សា​។ អ៊ី​ស្រា​អែល​ដាក់​ផែន​ការ​កម្ចាត់​ក្រុម​ហាម៉ាស់​ឱ្យ​អស់​ទាំង​អង្គ​ការ​ចាត់​តាំង​នយោបាយ​, ​រដ្ឋ​បាល​ និង​រចនា​សម្ព័ន្ធ​​យោធា​របស់​ពួកគេ​ ហើយ​នឹង​​ខិត​ខំ​​​រំដោះ​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​ត្រឡប់​មក​វិញ​។

ក្រសួង​សុខា​ភិបាល​ប៉ាឡេ​ស្ទីន​នៅ​ហ្កាហ្សា​ថ្លែង​ថា​ចំនួន​ជន​ស៊ីវិល​ដែល​ស្លាប់​ដោយ​សារ​សង្គ្រាម​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​៥,៣​ម៉ឺន​នាក់​។ ប៉ុន្តែ​ពួក​គេ​មិន​បាន​ញែក​ឱ្យ​​ដាច់​ពី​គ្នា​ថា​នៅ​ក្នុង​ចំណោម​នោះ​តើ​មាន​ជន​ស៊ីវិល​ប៉ុន្មាន​នាក់​ និង​យុទ្ធ​ជន​ប៉ុន្មាន​នាក់​ទេ​។ អ៊ីស្រាអែល​ជឿ​ជាក់​ថា​ទោះ​បី​គ្មាន​តួ​លេខ និង​ភស្តុ​តាង​ពិត​ប្រាកដ​ ប៉ុន្តែ​ខ្លួន​បាន​សម្លាប់​យុទ្ធ​ជន​របស់​ហាម៉ាស់​រាប់​ម៉ឺន​នាក់​។

លោក​មហាមេត​ ស៊ីន​វ៉ា​​​​ឡើង​តំណែង និង​តួ​នាទី​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ជួរ​យោធា​បន្ទាប់​ពី​បង​ប្រុស​របស់​គាត់​​​ស្លាប់​កាល​ពី​ចុង​ឆ្នាំ​មុន​។ បង​ប្រុស​គាត់​ជា​មេ​គំនិត​ធំ​ជាង​គេ​នៅ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​វាយ​ប្រហារ​អ៊ីស្រាអែល​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣​។ ក្រោយ​​ការ​ស្លាប់​ហានីយេ (Ismail Haniyeh) ​ដែល​ជា​អតីត​មេ​ដឹក​កំពូល​របស់​ហាម៉ាស់​ លោក​យ៉ា​យ៉ា ស៊ីន​វ៉ា​ក៏​ឡើង​ជំនួស​តំណែង​នេះ​។ ​ក្រោយ​ពេល​ស្លាប់​បង​ប្អូន​ត្រកូល​ស៊ីន​វ៉ា​រហូត​ដល់​ទៅ​២​នាក់​បែប​នេះ ​គេ​មិន​ទាន់​ដឹង​ថា​តើ​នរណា​នឹង​ឡើង​ស្នង​តំណែង​​ជា​បន្ត​ទៀត​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​រ៉យ​ទ័រ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ