ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានអនុម័តគោលនយោបាយមូលដ្ឋាន ដើម្បីលើកលែងថ្លៃសិក្សាសម្រាប់សិស្សសាលារដ្ឋទាំងអស់នៅទូទាំងប្រទេស ចាប់ពីខែកញ្ញា ឆ្នាំនេះតទៅ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA និងសារព័ត៌មាន VnExpress បានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
ចំណាត់ការដែលរដ្ឋសភាវៀតណាមអនុម័តកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានចូលជាធរមានភ្លាមៗ និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអប់រំជាសាកលសម្រាប់កុមារវៀតណាមគ្រប់រូប ដោយនឹងគ្របដណ្តប់លើកុមារមត្តេយ្យសិក្សាដែលមានអាយុចាប់ពី៣ខែដល់៦ឆ្នាំ ក៏ដូចជាសិស្សចាប់ពីថ្នាក់ទី១ ដល់ទី១២។ ក្រោមគោលការណ៍ថ្មី សិស្សទាំងអស់ដែលបានចុះឈ្មោះចូលរៀននៅសាលារដ្ឋ និងកម្មវិធីអប់រំបន្តទាំងអស់ នឹងលែងតម្រូវឱ្យបង់ថ្លៃសិក្សាតទៅទៀតហើយ។
ដោយឡែក សិស្សដែលចុះឈ្មោះចូលរៀននៅឯសាលាឯកជន ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលផងដែរ ជាមួយចំនួនដែលកំណត់ដោយអាជ្ញាធរមូលដ្ឋាន ដោយផ្អែកលើគោលការណ៍ណែនាំថ្នាក់ជាតិ។ ការឧបត្ថម្ភធនទាំងនេះ មិនត្រូវលើសពីថ្លៃសិក្សាជាក់ស្តែងដែលសាលាបានគិតនោះទេ។
គោលនយោបាយនេះ នឹងត្រូវអនុវត្តចំពោះពលរដ្ឋវៀតណាម និងបុគ្គលដែលមានដើមកំណើតវៀតណាមរស់នៅក្នុងប្រទេសវៀតណាម បើទោះបីជាពួកគេមិនទាន់ទទួលបានសញ្ជាតិពេញលេញក៏ដោយ។ ក្រុមមន្ត្រីបានបញ្ជាក់ថា គោលដៅរដ្ឋាភិបាលមិនត្រឹមតែកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុលើក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់រដ្ឋចំពោះប្រជាជនជំនាន់ក្រោយ។
លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការអប់រំក្នុងសម័យប្រជុំរដ្ឋសភា កាលពីចុងឆ្នាំ២០២៤ ដោយបានហៅសាលារៀនទាំងអស់ថា «បេសកកម្មជាតិស្នូល»។ លោកបានបន្តថា ផែនការនេះនឹងត្រូវដាក់ចេញជាជំហានៗ ដោយចាប់ផ្តើមដោយការអប់រំបឋមសិក្សាដោយឥតគិតថ្លៃ និងពង្រីកបន្ថែមដល់កម្រិតខ្ពស់។
ក្រៅពីការលើកលែងការបង់ថ្លៃសិក្សា រដ្ឋាភិបាលវៀតណាមក៏មានគម្រោងជួយសិស្សដោយទទួលបានអាហារមិនគិតថ្លៃ និងជំនួយផ្សេងៗទៀត ខណៈដែលការិយាល័យនយោបាយបានចុះហត្ថលេខាជាផ្លូវការលើផែនការនេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីការសិក្សាលទ្ធភាពដែលបានបញ្ជាក់ពីការត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុ។គំនិតផ្តួចផ្តើមនេះ បានអនុវត្តតាមការជំរុញយ៉ាងទូលំទូលាយដើម្បីធ្វើទំនើបកម្ម និងសម្រួលប្រព័ន្ធនយោបាយជាតិ។
សូមជម្រាបថា ប្រព័ន្ធអប់រំសាធារណៈរបស់វៀតណាមបច្ចុប្បន្នបម្រើដល់កុមារ និងក្មេងជំទង់ប្រមាណ២៣លាននាក់ ហើយការចំណាយសរុបនៃការអនុវត្តគោលនយោបាយការសិក្សាឥតគិតថ្លៃត្រូវបានប៉ាន់ប្រមាណថាមានចំនួនដល់ ៣០,៦ទ្រីលានដុង ឬស្មើនឹង ១,២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ ដើម្បីអនុវត្តការលើកលែងថ្លៃសិក្សា។
សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ កញ្ចប់ថវិកា ២២,៥ទ្រីលានដុង ឬស្នើជាង ៨៦២លានដុល្លារ នឹងឆ្ពោះទៅរកការលើកលែងថ្លៃសិក្សាសម្រាប់សិស្សអាយុ៥ឆ្នាំថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យកម្រិតទាប (ថ្នាក់ទី៦ដល់ទី៩) ហើយទឹកប្រាក់បន្ថែមចំនួន ៨,២ទ្រីលានដុង ឬស្មើនឹងជាង ៣១៤លានដុល្លារត្រូវការជាចាំបាច់ ដើម្បីពង្រីកការគ្របដណ្តប់ពេញលេញនៅគ្រប់កម្រិតទាំងអស់៕

ចែករំលែកព័តមាននេះ