សម្តេចតេជោហ៊ុនសែននៅព្រឹកនេះបានបង្ហាញជំហររបស់សម្តេចនៅក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាចំពោះការបញ្ជូនកងទ័ពនិងអាវុធធន់ធ្ងន់ទៅកាន់ព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធនៅតាមព្រំដែនព្រះវិហារកាលពីថ្ងៃទី២៨ ខែ ឧសភា។
សម្ដេចតេជោ ហ៊ុន សែនបានសរសេរតាមហ្វេសប៊ុ ផេក របស់សម្តេចថា “ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត”។
កម្ពុជាបានបញ្ជូនកងទ័ពនិងអាវុធធន់ធ្ងន់ទៅកាន់ព្រំដែនដើម្បីជាផ្នែកមួយនៃការការពារប្រឆាំងនឹងការឈ្លានពានណាមួយ ខណ:បញ្ជាក់អំពីជំហររបស់ខ្លួននៅក្នុងការចរចាដើម្បីដោះស្រាយបញ្ហាជាមួយកងទ័ពថៃ។
នេះបើតាមសាររបស់សម្តេចធិបតី ហ៊ុ ម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជាដែលបានបញ្ចេញតាមហ្វេសប្ក៊ផេករបស់សម្តេចពីទីក្រុង តូក្យូ កាលពីព្រឹកថ្ងៃទី ២៩ ខែ ឧសភា ។
សម្តេចធិបតីបានសរសេរ ថា ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើអោយប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាអោយមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស?
ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុននិងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។
រាល់ការវិវឌ្ឍនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍ឲ្យខ្ញុំតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឲ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមអោយសភាពការណ៍ការវិលត្រឡប់ទៅភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន។
ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។
ក្នុងន័យនេះ ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។
ចំពោះការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។
ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាន និងសូមកុំឲ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ ខ្ញុំក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់ ៕


ចែករំលែកព័តមាននេះ