រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនាមុននេះថា បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១នាក់បន្ថែមទៀតហើយ ដែលសុទ្ធតែឆ្លងក្នុងសហគមន៍ទាំងអស់ ។ ដូចច្នេះបើគិតត្រឹមថ្ងៃទី២៦ ខែឧសភា រហូតមកដល់ថ្ងៃទី៣០ ខែឧសភានេះ មានអ្នកឆ្លងរហូតដល់៥៥នាក់ហើយ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ មានអ្នកឆ្លងចំនួន១១នាក់ ឆ្លងក្នុងសហគមន៍ ។
បន្ថែមពីនេះទៀត យើងសង្កេតឃើញថា រហូតពេល៣ថ្ងៃកន្លងនេះ មានការឆ្លងកូវីដ១៩ សុទ្ធតែខ្ទង់ដប់ ជាក់ស្តែងថ្ងៃនេះ ឆ្លង១១នាក់ ដោយម្សិលមិញឆ្លង១២នាក់ និងម្សិលម្ងៃមួយឆ្លងរហូតដល់ ២៣នាក់ឯណោះ ។
រយៈពេល៥ថ្ងៃកន្លងមកនេះ បើគិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ យើងឃើញថា មានអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៥៥នាក់ ដូច្នេះសូមបងប្អូនកុំប្រហែសឱ្យសោះ និងចូលរួមលាងដៃជាមួយអាល់កុល និងអនាម័យឱ្យបានជាប្រចាំ ។

ក្រសួងសុខាភិបាល បានអំពាវនាវអោយប្រជាជនកម្ពុជាបង្កើនការប្រុងប្រយ័ត្ន ឆ្លងមេរោគកូវីដ១៩ថ្មី ហើយក៏អំពាវនាវផងដែរ អោយចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ពិសេសចំពោះអ្នកមានសុខភាពទន់ខ្សោយ និងមនុស្សចាស់ជរា ៕
ចែករំលែកព័តមាននេះ