ទីក្រុងកៀវ៖ ស្រុកកំពុងតែសង្គ្រាមផង ឥឡូវនេះអ៊ុយក្រែនមានទុក្ខជាទម្ងន់ជាលក្ខណៈទុក្ខជាន់លើទុក្ខ។ មានដំណឹងដ៏គួរឱ្យសោកសៅមួយកើតឡើងបន្ទាប់ពីអតីតប្រធានរដ្ឋសភា លោកអេនឌ្រី ប៉ារូប៊ី (Andriy Parubiy) ត្រូវជនប្រដាប់អាវុធបាញ់សម្លាប់នៅទីក្រុងល្វីវ (Lviv)។ ឥឡូវនេះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត និងស្វែងរកជនដៃដល់យកមកផ្ដន្ទាទោស។
ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនថ្លែងថាជនប្រដាប់អាវុធម្នាក់បាញ់ទៅលើលោកប៉ារូប៊ីជាច្រើនគ្រាប់ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង។ បន្ទាប់មក ជនដៃដល់ក៏បានរត់គេចខ្លួនបាត់ស្រមោល។ លោកប៉ារូប៊ីអាយុ៥៤ឆ្នាំធ្លាប់ជាអ្នកតំណាងរាស្ត្រ និងធ្លាប់ជាប្រធានរដ្ឋសភាពីខែមេសា ឆ្នាំ២០១៦-ខែសីហា ឆ្នាំ២០១៩។ កាលពីអំឡុងពេលផ្ទុះបាតុកម្មខ្លាំងចាប់ពីឆ្នាំ២០១៣-២០១៤ លោកជាមេដឹកនាំចលនាដ៏សកម្មម្នាក់ដែលទាមទារឱ្យអ៊ុយក្រែនពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប។
លោកធ្លាប់ជាអគ្គលេខាក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិរបស់អ៊ុយក្រែនចាប់ពីខែកុម្ភៈដល់ខែសីហា ឆ្នាំ២០១៤។ កាលនោះ សង្គ្រាមចាប់ផ្ដើមផ្ទុះហើយរវាងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមឧទ្ទាមផ្ដាច់ទឹកដីនៅភាគខាងកើតដែលគាំទ្ររុស្ស៊ី និងក៏ជាពេលដែលរុស្ស៊ីទើបតែកាត់ខ្វៀលយកតំបន់គ្រីម៉េជាទឹកដីរបស់ខ្លួន។ រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់កំណត់មុខសញ្ញាថាអំពើមនុស្សឃាតទៅលើរូបលោកមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សង្គ្រាមនៅអ៊ុយក្រែនដែរឬទេ។
លោកហ្សេឡិនស្គីបង្ហោះសារនៅលើបណ្ដាញអ៊ិចថារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងអគ្គរដ្ឋអាជ្ញាទើបតែបញ្ជូនរបាយការណ៍ស្ដីពីការធ្វើឃាតអតីតប្រធានសភារូបនេះនៅទីក្រុងល្វីវ។ លោកបញ្ជាក់ថាលោកអេនឌ្រី ប៉ារូប៊ី បានស្លាប់ហើយ។ លោកសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព និងមនុស្សជាទីស្រឡាញ់របស់គាត់។ លោកនឹងប្រើប្រាស់វិធានការសរុប និងធនធានដែលមានទាំងប៉ុន្មានដើម្បីស្រាវជ្រាវរកជនដៃដល់នៅក្នុងអំពើឃាតកម្មនេះ។ ខាងលើនេះជាការដកស្រង់ប្រភពពីឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ