ទីក្រុងហាណូយ៖ រួចចាកផុតពីខ្យល់ព្យុះកាជីគិមិនទាន់បានប៉ុន្មានផង ឥឡូវនេះ ប្រទេសវៀតណាមទទួលរងនូវខ្យល់ព្យុះថ្មីមួយទៀតឈ្មោះណងហ្វា (Nongfa) ដែលចាប់ផ្ដើមបក់នៅតំបន់មាត់សមុទ្រភាគខាងជើង និងភាគកណ្ដាលដោយមានល្បឿនខ្យល់៧៤គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្យល់ព្យុះបានបង្កជាភ្លៀងធ្លាក់ខ្លាំងដល់ថ្នាក់លិចបាត់ផ្លូវអស់រលីង និងកាត់ផ្ដាច់ភូមិរបស់អ្នកស្រុករស់នៅតំបន់ភ្នំមួយចំនួនឱ្យលិចលង់នៅកណ្ដាលវាលទឹកដូចជានៅខេត្តហាទិញ និងខេត្តក្វាងទ្រីជាដើម។
ត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ ខេត្តក្វាងទ្រីទទួលបានអត្រាទឹកភ្លៀងលើសពី២៥០មិល្លីម៉ែត្រ បណ្ដាលឱ្យទឹកទន្លេហក់ឡើងខ្ពស់យ៉ាងឆាប់រហ័ស និងលិចស្ពាន។ នៅភូមិយ៉ាយ៉ា (Gia Gia) ជំនន់ទឹកភ្លៀងឡើងដល់កម្ពស់ជិតមួយម៉ែត្រលិចភូមិបាត់ និងធ្វើឱ្យអ្នកភូមិ៩០០នាក់នៅហេលហាលទៅណាមិនរួច។ នៅភូមិសាវី (Xa Vi) ផ្ទះ៣២ខ្នងត្រូវទឹកព័ទ្ធជុំវិញបន្ទាប់ពីដងផ្លូវនានាត្រូវទឹកលិចជម្រៅជាងកន្លះម៉ែត្រ។ ឃុំហឿងឡឹប (Huong Lap) ទទួលបានអត្រាទឹកភ្លៀង២៥៨មិល្លីម៉ែត្រដែលជាកម្រិតខ្ពស់បំផុតបើប្រៀបធៀបទៅនឹងទីកន្លែងដទៃទៀតទូទាំងខេត្តក្វាងទ្រី។
ខេត្តហាទិញក៏ជួបនឹងជោគវាសនាមិនខុសគ្នាប៉ុន្មានឡើយ។ ដងវិថីនានាត្រូវទឹកលិចជាងកន្លះម៉ែត្រ។ ផ្លូវហាយវេត្រូវបិទដំណើរការដោយសារទឹកលិចខ្លាំង។ នៅទីក្រុងហឿងកេ (Huong Khe) ខេត្តដដែលនេះ ឡាន និងម៉ូតូជាច្រើនត្រូវម្ចាស់ទុកចោលកណ្ដាលវាលទឹកដើម្បីរត់យករួចខ្លួន។ ម្ចាស់ចម្ការក្រូចឃ្វិចប្រញាប់រួសរាន់ទៅប្រមូលផលដើម្បីកុំឱ្យទឹកជំនន់លិចដីរបស់ខ្លួនទាន់។
អាជ្ញាធរខេត្តបានកោះប្រជុំបន្ទាន់ និងត្រៀមប្រតិបត្តិការជម្លៀសមនុស្ស និងចាត់វិធានការដោះស្រាយបញ្ហាប្រឈម។ អ្វីដែលជាចំណុចអាទិភាពរបស់ខេត្តគឺត្រូវការពារសុវត្ថិភាពរបស់ប្រជាជន និងទ្រព្យសម្បត្តិរបស់ពួកគេ។ តំបន់ណាដែលប្រឈមនឹងការលិចលង់ត្រូវតែប្រញាប់ជម្លៀសមនុស្សចេញជាបន្ទាន់។ ក្រឡេកទៅមើលខេត្តញ៉ែអាន (Nghe An) ឯណោះវិញ អាជ្ញាធរអំពាវនាវឱ្យប្រជាជនផ្អាកធ្វើសកម្មភាពនៅមាត់សមុទ្រ ឬនៅលើផ្ទៃសមុទ្រ។ ទូកនេសាទតូចធំទាំងអស់ត្រូវតែចូលចតកំពង់ជាបន្ទាន់។ ខាងលើនេះជាការដកស្រង់ប្រភពពីវៀតណាមអ៊ិចប្រែស (Vietnam Express) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ