ខេត្តកំពង់ស្ពឺ ៖ ព្រោះតែឥទ្ធិពលគ្រឿងញៀនបានធ្វើឱ្យយុវជនម្នាក់លែងដឹងខុស ដឹងត្រូវ លែងដឹងគុណទោសវាយម្តាយ និងគំរាមសម្លា.ប់ម្តាយថែមទៀតផង ប្រសិនបើមិនលក់ទ្រព្យសម្បត្តិក្នុងផ្ទះយកលុយមកឱ្យរូបគេទិញគ្រឿងញៀនប្រើប្រាស់នោះ ដោយទ្រាំនឹងទង្វើរបស់កូនលែងបាន ម្តាយក៏ដាច់ចិត្តប្តឹងឱ្យនគរបាលឃាត់ខ្លួនតែម្តងទៅ ។
ការឃាត់ខ្លួនកូនដែលវាយ និងគំរាមសម្លា.ប់ម្តាយខ្លួនឯងបានធ្វើឡើង កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា កូនដែលឃាត់ខ្លួនមានឈ្មោះ ផាត មាស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជាមួយម្តាយឪពុក ក្នុងភូមិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ។
នគរបាលខេត្តកំពង់ស្ពឺ បានបន្តទៀតថា ដោយមានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាឱ្យកម្លាំងជំនាញចុះអន្ដរាគមន៍ករណីបង្កហិង្សា និងគំរាមសម្លា.ប់ម្ដាយបង្កើត កាលពីវេលាម៉ោង០២នឹង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ទទួលព័ត៌មានតាមរយៈទូរស័ព្ទទាន់ហេតុការណ៍ ទីតាំងកើតហេតុ នៅចំណុចភូមិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
យុវជនបង្កជាកូនបង្កើតមានឈ្មោះ ផាត មាស ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយកន្លងទៅ យុវជនជាកូនរូបនោះបានធ្វើសកម្មភាពវាយដំទៅលើម្តាយរបស់ខ្លួនជាញឹកញាប់ ប៉ុន្ដែម្តាយនឹកឃើញថា ជាកូនទើបចេះតែទ្រាំទៅ ចុងក្រោយដោយមើលឃើញពីគ្រោះមហន្ដរាយកៀកមកដល់ហើយនោះ ។ ទើបម្តាយដាច់ចិត្ដដាក់ពាក្យប្ដឹង សមត្ថកិច្ចឲ្យជួយអន្ដរាគមន៍តែម្ដង ។
នគរបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា កូនប្រុសខាងលើវាយម្តាយ និងគំរាមសម្លា.ប់មិនឱ្យម្ដាយចូលផ្ទះបានឡើយ គោលបំណងដើម្បីមានឱកាសលួចយកទ្រព្យសម្បត្តិក្នុងផ្ទះយកទៅលក់ ។
ក្រោយឃាត់ខ្លួន យុវជនជាកូនខាងលើបានឆ្លើយសារភាពថា កន្លងទៅខ្លួនពិតជាបានធ្វើសកម្មភាពវាយម្តាយ និងគំរាមសម្លា.ប់ម្តាយពិតប្រាកដមែន ដោយសារតែចង់យកទ្រព្យសម្បត្ដិលក់យកលុយទៅទិញគ្រឿងញៀនជក់ បើមិនឱ្យទេ គឺគេសម្លា.ប់តែម្តង ។
បច្ចុប្បន្នយុវជនខាងលើ ត្រូវបានឃាត់ខ្លួនបញ្ជូននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីអនុវត្ដបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ