ទីក្រុងបាងកក៖ គណបក្សភឿថៃប្រកាសទទួលយកលក្ខខណ្ឌគ្រប់យ៉ាងរបស់គណបក្សប្រជាជនដើម្បីឱ្យគណបក្សប្រជាជនបោះឆ្នោតគាំទ្របេក្ខភាពរបស់ខ្លួននៅសភា។ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោកភូមិថាម វិឆាយ៉ាឆៃ ថ្លែងថាក្រោយពេលបង្កើតរដ្ឋាភិបាលបាន៤ខែ សភានឹងត្រូវរំលាយស្របតាមលក្ខខណ្ឌទាមទាររបស់គណបក្សប្រជាជន។ លោកថាសភាអាចនឹងរំលាយមុននេះផងក៏ថាបាន។ សំខាន់ឱ្យតែរៀបចំនីតិវិធីបានឆាប់រហ័ស។ កាលពីមុននេះ គណបក្សប្រជាជនបានប្រកាសលក្ខខណ្ឌមួយចំនួនបើគណបក្សដទៃទៀតចង់ឱ្យអ្នកតំណាងរាស្ត្ររបស់ខ្លួនបោះឆ្នោតគាំទ្របេក្ខភាពរបស់ខ្លួន។
គណបក្សប្រជាជនសង្កត់ធ្ងន់ថាខ្លួននឹងបោះឆ្នោតគាំទ្រតែបេក្ខជនរូបណាដែលយល់ព្រមរំលាយសភាក្រោយពេលបង្កើតរដ្ឋាភិបាលបានបួនខែ មានន័យថារំលាយនៅចុងឆ្នាំ២០២៥យ៉ាងយូរដើម្បីបោះឆ្នោតឡើងវិញ។ ក្រៅពីនេះ គណបក្សប្រជាជនចង់ឱ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតប្រជាមតិដើម្បីកំណត់ថាប្រជារាស្ត្រថៃចង់បង្កើតរដ្ឋធម្មនុញ្ញថ្មីដែរឬទេ។ គណបក្សប្រជាជនបញ្ជាក់ថាក្រោយពេលអ្នកតំណាងរាស្ត្ររបស់ខ្លួនបោះឆ្នោតគាំទ្របេក្ខជនរបស់គណបក្សដទៃក្លាយជានាយករដ្ឋមន្ត្រីរួចហើយ ខ្លួននឹងបន្តធ្វើជាគណបក្សប្រឆាំងដដែល។
ក្រោយការពិភាក្សាគ្នារយៈមួយម៉ោងនៅទីស្នាក់ការគណបក្សប្រជាជន លោកភូមិថាម តាងនាមឱ្យគណបក្សភឿថៃ ថ្លែងថាគណបក្សរបស់លោកកំពុងនិយាយអំពីការបង្កើតរដ្ឋាភិបាលជាមួយគណបក្សប្រជាជន។ លោកថាសម្ព័ន្ធភាពគណបក្សទាំង២មានជំហរដូចគ្នាទាំងអស់ស្របទៅតាមការចង់បានរបស់គណបក្សប្រជាជន។ បក្សទាំង២ប្រមើលឃើញថាស្ថានភាពនយោបាយថៃបច្ចុប្បន្នក្លាយជាវិបត្តិដែលតម្រូវឱ្យមានដំណោះស្រាយរួម។ លោកភូមិថាមថ្លែងបន្តទៀតថាគណបក្សប្រជាជនបង្ហាញជំហរច្បាស់ហើយថាខ្លួនមិនប្រកាន់ថាគណបក្សណាជាគណបក្សណាទេ។ សំខាន់ឱ្យតែទទួលយកលក្ខខណ្ឌរបស់ខ្លួនគឺខ្លួននឹងបោះឆ្នោតគាំទ្រគណបក្សនោះ។
នៅពេលបង្កើតរដ្ឋាភិបាលបានហើយ អ្វីដែលជានយោបាយអាទិភាពរបស់រដ្ឋាភិបាលគឺត្រូវកែរដ្ឋធម្មនុញ្ញដើម្បីតម្រែតម្រង់ផ្លូវនយោបាយឡើងវិញ។ លោកភូមិថាមថ្លែងថាគណបក្សប្រជាជនដាក់លក្ខខណ្ឌអ្វីមកយើងក៏យើងទទួលយកទាំងអស់។ ចំណែកសំណើរបស់ភឿថៃដែលដាក់ជូនទៅគណបក្សប្រជាជនគឺងាយស្រួលពិចារណា និងមិនប្រទាំងប្រទើសនឹងជំហររបស់គណបក្សដៃគូទេ។
ប្រភពខ្លះបង្ហើបឱ្យដឹងថាកាលពីមុនជួបគ្នារវាងគណបក្សប្រជាជន និងភឿថៃ លោកថាក់ស៊ីនដែលជាអ្នកធ្វើនយោបាយយ៉ាងសកម្ម និងជាអ្នកចាំបញ្ជាពីក្រោយវាំងនននោះបានបោះដៃទៅរកមេធំៗរបស់គណបក្សប្រជាជន និងចរចាគ្នាស្ងាត់ៗក្រៅឆាក។ ទូរទស្សន៍ថៃភីប៊ីអែសផ្សាយថាលោកថាក់ស៊ីនទាក់ទងទៅលោកថាណាថន (Thanathor) ដែលជាអ្នកមានសិទ្ធិអារកាត់ ឬជាប្រធានប្រយោលរបស់គណបក្សប្រជាជន។
លោកថាណាថនក៏បានទទួលស្គាល់ផងដែរថាបានជួបគ្នាជាមួយលោកថាក់ស៊ីនពិតមែន។ របៀបវារៈសំខាន់គឺស្នើសុំឱ្យអ្នកតំណាងរាស្ត្រគណបក្សប្រជាជនបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់ភឿថៃគឺលោកឆៃកាសឺម។ លោកថាណាថនសព្វថ្ងៃនេះមិនទាន់អាចធ្វើនយោបាយចេញមុខបានទេព្រោះលោកជាប់បម្រាមរយៈពេលដប់ឆ្នាំ។ លោកថាគណបក្សប្រជាជនបានប្រកាន់ជំហរច្បាស់ៗតាំងពី២ខែមុនមកម៉្លេះថាទី១-ត្រូវតែរំលាយរដ្ឋសភានៅអំឡុងពេលបួនខែខាងមុខ និងទី២-ត្រូវបោះឆ្នោតប្រជាមតិដើម្បីកំណត់ថាត្រូវរៀបចំរដ្ឋធម្មនុញ្ញថ្មី ឬយ៉ាងណា។ គណបក្សប្រជាជននឹងប្រកាសជំហររបស់ខ្លួននៅថ្ងៃចន្ទនេះ។ ខាងលើនេះជាការដកស្រង់ប្រភពពីបាងកកប៉ុស្តិ៍, ភីប៊ីអេសថៃ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ