ប្រទេសវៀតណាម ៖ ជម្លោះនៅតាមព្រំដែននាពេលថ្មីៗនេះ រវាងប្រទេសថៃ និងកម្ពុជា អាចកាត់បន្ថយអត្រាស្នាក់នៅក្នុងសណ្ឋាគារ (Occupancy Rate) របស់ប្រទេសថៃជាង ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈប្រទេសវៀតណាមកំពុងតែពន្លឿនគោលនយោបាយទេសចរណ៍របស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ នេះបើតាមប្រភពសារព័ត៌មាន VnExpress របស់វៀតណាមបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។
លោក Bill Heinecke ប្រធានក្រុមហ៊ុន Minor International ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ច និងភោជនីយដ្ឋានធំជាងគេមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា ចាប់តាំងពីការប៉ះទង្គិចគ្នាបានចាប់ផ្តើមកាលពីខែមុនមក សណ្ឋាគារ Minor ក្នុងប្រទេសថៃបានឃើញអត្រាភ្ញៀវទេសចរបរទេសតិចជាងមុន រួមទាំងភ្ញៀវមកពីសហរដ្ឋអាមេរិកផងដែរ។ លោកបានប៉ាន់ប្រមាណថា ការមកដល់របស់ភ្ញៀវបរទេសសរុបក្នុងប្រទេសថៃអាចធ្លាក់ចុះ ១០% បើធៀបទៅនឹងឆ្នាំមុន ដែលប៉ះពាល់ដល់ការស្នាក់នៅ ឬកាន់កាប់បន្ទប់សណ្ឋាគារពីភ្ញៀវបន្ថែមទៀត។ លោកបានបន្ថែមថា ផ្ទុយទៅវិញ សណ្ឋាគារក្នុងប្រទេសវៀតណាមបានមើលឃើញអត្រាស្នាក់នៅកើនខ្ពស់ជាងមុន។
ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសជាង ២១លាននាក់ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី២៤ សីហា ឆ្នាំ២០២៥ ពោលធ្លាក់ចុះ ៧,១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមបានទទួលភ្ញៀវបរទេសចំនួន ១២.២លាននាក់ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ពោលកើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងរបាយការណ៍ពីក្រសួងទេសចរណ៍ប្រទេសទាំងពីរ។
រដ្ឋាភិបាលវៀតណាមកំពុងតែជំរុញវិស័យទេសចរណ៍របស់ខ្លួន តាមរយៈកំណែទម្រង់គោលនយោបាយទិដ្ឋាការ។ ជាក់ស្តែង នៅក្នុងខែសីហា វៀតណាមបានលើកលែងតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋពីប្រទេសចំនួន ១២ ថែមទៀត រួមមាន បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត សាធារណរដ្ឋឆែក ហុងគ្រី លុចហ្សំបួរ ហូឡង់ ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី ស្លូវេនី និងស្វីស សម្រាប់ការស្នាក់នៅរហូតដល់៤៥ថ្ងៃ ដែលនេះបានពង្រីកបញ្ជីលើកលែងទិដ្ឋាការឯកតោភាគីរបស់វៀតណាមរហូតដល់ ២៤ ប្រទេស នៅក្នុងចំណោមប្រទេសសរុបដល់ ៣៩ ដ្បិតប្រទេសសមាជិកអាស៊ានទាំងអស់បានលើកលែងទិដ្ឋាការសម្រាប់គ្នាទៅវិញទៅមក។
ប្រតិបត្តិករសណ្ឋាគារលំដាប់ពិភពលោក IHG Hotels & Resorts បានបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីៗនេះថា វិស័យសណ្ឋាគាររបស់វៀតណាមក៏មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ។ តួយ៉ាង ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ការស្នាក់នៅក្នុងសណ្ឋាគារបានកើនឡើង ១៣,២% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រាក់ចំណូលគិតក្នុង១បន្ទប់មានការកើនឡើង ១៦,៥% ដោយបានឃើញការកើនឡើង ៤៧% នៃអ្នកធ្វើដំណើរកម្សាន្តពីប្រទេសចិន។
លោក Damien Pfirsch ប្រធានផ្នែកពាណិជ្ជកម្មរបសប់ភ្នាក់ងារទេសចរណ៍អនឡាញ Agoda បានផ្តល់យោបល់ថា ប្រទេសថៃគួរវិនិយោគបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធដែលតភ្ជាប់ភ្ញៀវទេសចរទៅកាន់ទីក្រុងលំដាប់ទីពីររបស់ខ្លួន ដោយផ្តល់នូវបទពិសោធន៍ថ្មីៗលើសពីទីក្រុងបាងកក និងភូកេត ខណៈដែលអ្នកធ្វើដំណើរជាច្រើនបានទៅលេងប្រទេសថៃច្រើនដងរួចមកហើយ។
ដោយឡែក តាមប្រភពពីសារព័ត៌មាន VNA របស់វៀតណាម បានរាយការណ៍ថា លោក Thanet Supornsahasrungsi ប្រធានសមាគមសហព័ន្ធទេសចរណ៍ឈុនបុរី ប្រទេសថៃ បានព្រមានរួចហើយថា ប្រទេសវៀតណាមអាចវ៉ាដាច់ប្រទេសថៃ ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។ លោកបានចង្អុលបង្ហាញថា ការប្រែមុខមាត់ថ្មីរបស់វៀតណាម គឺស្ថិតនៅលើតម្លៃនៃការរស់នៅទាប ការបង្កើតរមណីយដ្ឋាន និងកន្លែងកម្សាន្តថ្មី តម្លៃប្រកួតប្រជែង និងជាពិសេសកញ្ចប់សណ្ឋាគារ ដែលរួមបញ្ចូលទាំងអស់មានតម្លៃប្រហែលពាក់កណ្តាលនៃតម្លៃនៅក្នុងប្រទេសថៃ៕

ចែករំលែកព័តមាននេះ