រាជធានីភ្នំពេញ ៖ រថយន្តព្រុសមួយគ្រឿង ខណៈអ្នកបើកបរស្ថិតក្នុងស្ថានស្រវឹងក៍ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយទាំងកំរោល បណ្ដាលឲ្យក្រឡាប់កង់បីរងការខូចខាត និងរបួសមនុស្ស ហើយរថយន្តបន្តបុកចូលការ៉ាសាំងរងការខូចខាតសំភារៈអស់មួយចំនួនថែមទៀតផង ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំនុចស្ថានីយប្រេងដេប៉ូតេលា អេសធី ជិតច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តម៉ាក តូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-0372 បើកបោះពួយតាមបណ្ដោយផ្លូវ២១៧ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនហើយស្រវឹង លុះមកដល់ចំនុចកើតហេតុ ក៍ជ្រុលទៅបុកនិងម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KB1381 ដែរកំពុងជិះដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នាពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់កង់ជាច្រើនជុំរងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វើឲ្យបុរសអ្នកបើកបររបួសបែកក្បាលហូរឈាម សន្លប់ស្ដូកស្ដឹងមួយសន្ទុះនៅកន្លែងកើតហេតុផងដែរ ត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។
ភ្លាមៗនោះរថយន្តវិញក៍បន្តរេចង្កូតបុកចូលការ៉ាសាំងបន្ថែមទៀត បណ្តាលឲ្យរងការខូចខាតសំភារៈមួយចំនួនក្នុងនោះមានតុកៅអី របងដែក តែមិនគ្រោះថ្នាក់ដល់បុគ្គលិកធ្វើការនៅទីនោះ ។ អ្នកបើកបរបានចុះពីលើរថយន្តក្នុងស្ថានភាពស្រវឹង តែមិនបានគេចទៅណាទេ ដោយចាំទទួលខុសត្រូវជាមួយនិងភាគីរងគ្រោះផងដែរ ។
ក្រោយកើតហេតុ ដោយមិនអាចដោះស្រាយគ្នាបានភ្លាមៗ សមត្ថកិច្ចសម្រេចវាស់វែងយកមធ្យោបាយទាំងអស់ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយនៅពេលក្រោយ ៕










ចែករំលែកព័តមាននេះ