ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជូនវីរៈកងទ័ពនៅមន្ទីរពេទ្យ​​ខេត្ត​សៀមរាប និងព្រះវិហារ

4 ម៉ោង មុន
  • សៀមរាប

ខេត្តមណ្ឌលគិរី ៖ ក្នុង​ដំណើរ​ចុះ​សាកសួរ​សុខទុក្ខ វី​រៈ​កងទ័ព​ជួរ​មុខ​រយៈពេល​ពីរ​ថ្ងៃ ប្រតិភូ​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ធ្វើ​ដំណើរ​ប្រមាណ​ជាង​មួយ​ពាន់​គីឡូម៉ែត្រ ដើម្បី​ផ្តល់​កម្លាំងចិត្ត​និង​នាំ​យក​ជំនួយ​ឧបត្ថម្ភ ជូន​ដល់​យុ​ទ្ឋ​ជន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ…

ខេត្តមណ្ឌលគិរី ៖ ក្នុង​ដំណើរ​ចុះ​សាកសួរ​សុខទុក្ខ វី​រៈ​កងទ័ព​ជួរ​មុខ​រយៈពេល​ពីរ​ថ្ងៃ ប្រតិភូ​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ធ្វើ​ដំណើរ​ប្រមាណ​ជាង​មួយ​ពាន់​គីឡូម៉ែត្រ ដើម្បី​ផ្តល់​កម្លាំងចិត្ត​និង​នាំ​យក​ជំនួយ​ឧបត្ថម្ភ ជូន​ដល់​យុ​ទ្ឋ​ជន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ នា​ថ្ងៃ​ទី​៣០-៣១ ខែសីហា ឆ្នាំ​២០២៥ ។

ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ និង​សេចក្តី​នឹករ​ឮ​ក​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែង​យកចិត្តទុកដាក់ និង​ព្រួយបារម្ភ​ពី​សុខ​សុវត្ថិភាព របស់​បងប្អូន​កងទ័ព​របស់​យើង​។

ឯកឧត្តម ថង សា​វុន បាន​លើក​ឡើង​ថា ផលវិបាក​នៃ​សង្គ្រាម​បាន​បង្ក​មហន្តរាយ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​សោកនាដកម្ម ផ្តាច់ជីវិត​មនុស្ស​មិន​រើសមុខ ទាំង​ទាហាន និង​ជន​ស៊ី​វិល​ស្លូតត្រង់​។

ប្រជាពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន ចាក​ចេញពីផ្ទះ​សម្បែង ទ្រព្យសម្បត្តិ​សត្វ​ចិញ្ចឹម​ដែល​មិន​អាចយ​កមក​ជាមួយ​បាន ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ខ្វះ​ទីជម្រក ខ្វះ​អាហារ​ហូប​ចុក ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ បាត់បង់​មុខរបរ បាត់បង់​ចំណូល ជួប​ការ​លំបាក​ក្នុង​ជីវភាព ក្មេង​ៗ​អាក់ខាន​ការ​សិក្សា ព្រមទាំង​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​ផ្សេង​ទៀត​។ ទុក្ខ​លំបាក​ទាំងនេះ គឺ​កាន់តែ​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​យល់​យ៉ាង​ច្បាស់​ពី​គុណ​តម្លៃ​នៃ​សុខ​សន្តិភាព​។ ដូច្នេះ​ហើយ សន្តិភាព គឺ​ពិតជា​មាន​តម្លៃ​ណាស់ ដែល​ភាគី​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា និង​ការពារ​ឱ្យ​ខាង​តែ​បាន​។ ហើយ​ការ​លះបង់​របស់​បងប្អូន​កងទ័ព គឺ​ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ចំពោះ​ជាតិ​មាតុភូមិ​របស់​យើង ។ និង​សូម​បន់ស្រន់​ឲ្យ​ទេវតា​តាម​ជួយ​ថែរក្សា​ការពារ​បងប្អូន​ជនភៀសសឹក និង​បងប្អូន​កងទ័ព​ទាំងអស់ មាន​សុខភាព​ល្អ យកជ័យ​ជម្នះ​ឈ្នះ​អស់​មាស​ត្រូវ គ្រប់ពេលវេលា ។

ក្នុង​ឱកាស​ចុះ​សំណេះសំណាល​សាកសួរ​សុខទុក្ខ វី​រៈ​កងទ័ព​ជួរ​មុខ​ដែល​កំពុង​ព្យាបាល​ជំងឺ ប្រតិភូ​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ផ្តល់​ជូន​គ្រឿង​ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់ និង​ថវិកា​ចំនួន ៦៦​លាន​រៀល ឧបត្ថម្ភ​ដល់​កងពលធំ​លេខ​៣ និង​វីរ​កងទ័ព​នៃ​យោធភូមិ​ភាគ​១ នៅ​ស្រុក​ជាំ​ក្សាន្ត (​តំបន់​មុំ​បី​) ខេត្តព្រះវិហារ​។ ចំណែក​វី​រៈ​យុ​ទ្ឋ​ជន​ជួរ​មុខ​ដែល​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ចំនួន​៦៣​នាក់ ក្នុង​ម្នាក់​ទទួល​បាន​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល និង​ឃី​ត​មួយ​កញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ