ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញភ្ញៀវទេសចរដែលធ្វើដំណើរមកពីខេត្តផ្សេងៗក៏ដូចជាប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិន បាននាំគ្នាដើរលេងកម្សាន្តជាលក្ខណៈគ្រួសារដោយពួកគាត់នាំគ្នាអង្គុយនៅតាមក្រោមម្លប់ដើមឈើធំៗក្បែរមាត់ស្ទឹង និងខ្លះទៀត ជួលខ្យូសគេអង្គុយលេង និងទទួលទានអាហារជួបជុំជាលក្ខណៈគ្រួសារ ខណៈដែលប្រជាពលរដ្ឋមួយចំនួនទៀត បានចាកចេញពីលំនៅឋាន ធ្វើដំណើរទៅលេងនៅឯស្រុកកំណើតជួបជុំក្រុមគ្រួសារបងប្អូននៅទីនោះ រហូតដល់ចប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ទើបធ្វើដំណើរត្រឡប់មកខេត្តប៉ៃលិនវិញ ដើម្បីបន្តប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ។

បើតាមប្រភពព័ត៌មានពីលោក សែម សុខា ជាភ្ញៀវទេសចរធ្វើដំណើរមកពីខេត្តបាត់ដំបង បានរៀបរាប់ឱ្យដឹងថា ៖ នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ក្រុមគ្រួសាររបស់លោក អត់បានដើរលេងទៅខេត្តឆ្ងាយៗ ដូចកាលពីមុនឡើយ ព្រោះតែលោកបានសង្កេតឃើញបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃជាច្រើនកន្លែងកំពុងតែប្រឈមមុខដាក់គ្នា ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យការដើរលេងកម្សាន្តរបស់លោក នៅឆ្នាំ២០២៥នេះមិនសូវសប្បាយដូចឆ្នាំមុនៗឡើយ ណាមួយព្រួយបារម្ភពីបញ្ហាឈ្លានពានរបស់យោធាថៃ ណាមួយទៀត ការប្រកបរបរធ្វើស្រែចំការដាំដំណាំ មានការធ្លាក់ចុះជាងមុនបន្តិច អត់សូវមានថវិកាដើរលេង ចាយវាយច្រើនប៉ុន្មាននោះទេ ។

លោកបន្តទៀតថា ទោះជាយ៉ាងណា ក្រុមគ្រួសាររបស់លោកក៏បាននាំគ្នាធ្វើដំណើរមកខេត្តប៉ៃលិន ដើម្បីឱ្យកូនៗបានលំហែកាយសប្បាយចិត្ត ខណៈនាំពួកគេទៅលេងនៅតាមរមណីដ្ឋានទឹកធ្លាក់ភ្នំខៀវ រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានផ្សេង ៗមួយចំនួនទៀត និងទៅលេងទឹកស្ទឹងនៅស្ពានតារាប រហូតដល់ពេលល្ងាច ទើបនាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។

បើតាមប្រភពព័ត៌មានពីស្ត្រីម្នាក់ ឈ្មោះ សុខលី អាយុ៤៥ឆ្នាំ ជាអាជីវករលក់ដូរ បានប្រាប់ឱ្យដឹងថា ការដើរលេងកម្សាន្តរបស់ភ្ញៀវទេសចរនាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំថ្មីនេះ ភាគច្រើន គឺពួកគេដើរលេងជាលក្ខណៈគ្រួសារ ដោយអ្នកខ្លះវេចបាយម្ហូបអាហារ និងគ្រឿងបរិភោគដាក់តាមរថយន្ត យកមកទទួលទានជាមួយក្រុមគ្រួសារសាច់ញាតិ ដោយគ្រាន់តែជួលខ្យូសអង្គុយលេងប៉ុណ្ណោះក៏មានអ្នកខ្លះទិញម្ហូប ដើម្បីទទួលទានបន្ថែមទៀតដែរ ។

ប្រភពបន្តទៀតថា ការលក់ដូរនៅឆ្នាំនេះមានការធ្លាក់ចុះជាងឆ្នាំមុនបន្តិច ខណៈដែលភ្ញៀវទេសចរក៏មិនសូវដើរលេងកម្សាន្តច្រើនដូចឆ្នាំមុនៗនោះទេ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ភ្ញៀវទេសចរដែលធ្លាប់មកពីខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប មានការថយចុះជាងឆ្នាំមុន ខណៈដែលបញ្ហាឈ្លានពានព្រំដែនពីសំណាក់ប្រទេសថៃ មិនទាន់បានស្ងប់ស្ងាត់នៅឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់ មិនសូវសប្បាយចិត្ត ក្នុងការដើរលេងកម្សាន្តនោះឡើយ ។
ចំណែកឯព្រំដែននៅក្នុងខេត្តប៉ៃលិន មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ ដោយប្រជាពលរដ្ឋ នាំគ្នាប្រកបមុខរបរទទួលទានជារៀងរាល់ថ្ងៃ ដូចសព្វមួយដង ។ បើទោះបីជាព្រំដែនមានការបិទទ្វារអស់រយៈពេលយូរ តែបងប្អូនប្រជាពលរដ្ឋនៅតែអាចប្រកបរបរធ្វើការងារ និងស៊ីឈ្នួលគេប្រចាំថ្ងៃ ដោយគ្មានបញ្ហាអ្វីនោះឡើយ ៕







ចែករំលែកព័តមាននេះ