ខេត្តបាត់ដំបង ៖ រឿង«បារី១១១ប៊ិច» ដែលមេឈ្មួញទុច្ចរិតត្រៀមបញ្ជូនឆ្លងអូរព្រំដែនចេញទៅប្រទេសសៀម ហើយត្រូវកម្លាំងការពារព្រំដែនកម្ពុជា ស្ទាក់ចាប់បាននៅក្នុងទឹកដី ស្រុកភ្នំព្រឹក បើគិតត្រិមថ្ងៃទី ២៣ ខែកញ្ញានេះ មានរយៈពេល០៤ថ្ងៃហើយ តែអាជ្ញាធរស្រុកអះអាងថា សមត្ថកិច្ចមិនទាន់មានតម្រុយ ពីមេខ្លោងនៅពីក្រោយនៃអំពើរត់ពន្ធបារីខុសច្បាប់នេះនៅឡើយទេ ចាប់បានតែក្រុមកម្មករលីសែង ចំនួន០៧នាក់ និងវត្ថតាងប៉ុណ្ណោះ បញ្ជូនទៅកាន់ស្នងការខេត្ត ។

លោក សុង សុភ័ក្រ អភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈបញ្ជាការកងឯកភាពស្រុក ជាប់ព្រំដែនកម្ពុជា ថៃ បានបញ្ជាក់ប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ ស្ដីពីសំណុំរឿងបារី១១១ប៊ិចខាងលើនេះ ដូច្នេះថា « ករណីបារីនេះ កម្លាំងសមត្ថកិច្ចនូវមិនទាន់មានអ្វីបន្ថែមទេ ។ ប៉ុន្តែយើងបានបញ្ជូនវត្ថុតាងទាំងអស់ និង មនុស្សពាក់ព័ន្ធប៉ុន្មាននាក់ ទៅកាន់ស្នងការខេត្តហើយ ដើម្បីស្រាវជ្រាវបន្ត»។
លោក អភិបាលស្រុក បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបការរត់ពន្ធបារីឆ្លងដែនខុសច្បាប់នេះ គឺកម្លាំងវរៈនគរបាលការពារព្រំដែន និងកម្លាំងយោធាការពារព្រំដែន ជាអ្នកបង្ក្រាបបាន នៅពេលពួកគេចេញល្បាតរួមគ្នា ។

ជាមួយនឹងការរឹបអូសបានបារី មធ្យោបាយដឹកជញ្ជូន កម្មករលីសែងបារីចំនួន០៧នាក់ ក៏ត្រូវបានឃាត់ខ្លួនយកមកសួរនាំដែរ តែពេលនេះបញ្ជូនទៅកាន់ស្នងការអស់ហើយ ។
យោងតាមប្រភពព័ត៌មានពីតំបន់ព្រំដែន បានឲ្យដឹងថា កាលពីថ្ងៃទី ០៩ កញ្ញា (៤ថ្ងៃមុន) កម្លាំងការពារព្រំដែនគោក មានកម្លាំងយោធា និងកម្លាំងវរៈនគរបាល ស្ទាក់ចាប់បានមនុស្សមួយក្រុម ដែលកំពុងដឹកជញ្ជូនបារីជា១១០ប៊ិច បំរ៉ុងឆ្លងព្រំដែនដោយខុសច្បាប់ ចេញទៅប្រទេសសៀម ដែលនៅមិនឆ្ងាយប៉ុន្មានពី« ប៉ុស្ដិ៍វរនគរបាល ការពារព្រំដែន អូររំដួល៨១៩» ស្ថិតក្នុងភូមិភ្នំតូច ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជាមួយនឹងកិច្ចប្រតិបត្តិការបង្ក្រាបអំពើរត់ពន្ធទំនិញនោះសមត្ថកិច្ចបានរឹបអូសបារីចំនួន១១១ប៊ិច ត្រាក់ទ័រម៉ាក«ហ្វ័ត»មួយគ្រឿង ជាមធ្យោបាយដឹកជញ្ជូនបារី និង មនុស្សចំនួន០៧នាក់ ជាកម្មករសម្រាប់លីសែងបារីឆ្លងអូរព្រំដែន ។
កោះសន្តិភាព បានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទទៅលោក ដាញ់ អេងប៊ុនចាន់ ស្នងការខេត្ត នៅព្រឹកថ្ងៃទី ២៣ កញ្ញានេះដែរ ដើម្បីសុំការបញ្ជាក់បន្ថែមអំពីចំណាត់ការបន្ត លើករណីក្រុមអ្នករត់ពន្ធបារីឆ្លងដែនខាងលើនេះ តែពុំមានអ្នកលើកទូរស័ព្ទ ។

ប៉ុន្តែយ៉ាងណា បើតាមលោក សុង សុភ័ក្រ អភិបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា ទាំងវត្ថុតាងទាំងមនុស្សពាក់ព័ន្ធចំនួន០៧នាក់ ត្រូវកម្លាំងសមត្ថកិច្ច បញ្ជូនទៅប្រគល់ដល់ស្នងការខេត្តអស់ហើយ តែចំណាត់ការបន្តបែបណានោះ លោកមិនទាន់ដឹងទេ ។
សូមរំលឹកថា នេះជាលើកទី២ ហើយដែលពួកឈ្មួញទុច្ចរិត លួចនាំបារីឆ្លងដែនដោយខុសច្បាប់ ចេញទៅប្រទេសសៀម ក្នុងគ្រាដែលប្រភេទទាំង០២ មានអរិភាពជាមួយគ្នារឿងព្រំដែន រហូតត្រូវបិទព្រំដែនជាមួយគ្នាទាំងស្រុង ថែមទាំងមានការប៉ះទង្គិចគ្នាដោយអាវុធយ៉ាងដំណំទៀតផង ។ ហើយរហូតមកដល់ពេលនេះ ភាគីទាំង០២ ក៏នៅតែប្រឈមមុខដាក់គ្នានៅតាមព្រំដែន ។
លើកទី១ ពួកឈ្មួញទុច្ចរិត បានលួចនាំបារីឆ្លងដែន ចេញទៅប្រទេសសៀម ចំនួន១៥,០០០កញ្ចប់ កាលពីរសៀលថ្ងៃទី០៥ កក្កដា កន្លងទៅនេះ ហើយត្រូវកម្លាំងទាហានបារ៉ាសៀម ស្ទាក់ចាប់បានទាំងបារី ទាំងកម្មករខ្មែរ០២នាក់ ដែលកំពុងលីការ៉ុងច្រកបារី ឆ្លងអូរព្រំដែន ត្រង់ចំណុចច្រករបៀងមួយកន្លែង ដែលនៅមិនឆ្ងាយប៉ុន្មានខាងត្បូង នៃច្រកទ្វារព្រំដែនអន្តរជាតិ«ភ្នំដី» ស្រុកសំពៅលូន ។
សំណុំរឿងរត់ពន្ធបារីឆ្លងដែននេះ រហូតមកដល់ពេលនេះ គេរកមុខមេខ្លោងនៅពីក្រោយបទល្មើសនេះមិនទាន់ឃើញនៅឡើយទេ ។ សមត្ថកិច្ច និងអាជ្ញាធរ ដែនដី បានត្រឹមតែអះអាងយ៉ាងខ្លី និងប្រើពាក្យដដែលៗថា «ពួកគេកំពុងស្រាវជ្រាវ» ។ ខណៈដែលសំណុំរឿងពួកឈ្មួញរត់ពន្ធបារីឆ្លងដែនខុសច្បាប់ខាងលើ មិនទាន់មានតម្រុយ ផង ស្រាប់តែសំណុំរឿងពួកឈ្មួញរត់ពន្ធបារីឆ្លងដែនទៅកាន់ប្រទេសសត្រូវដដែលនេះបានកើតឡើងជាថ្មីទៀត នៅក្នុងទឹកដីស្រុកភ្នំព្រឹក ។
ប៉ុន្តែលើកទី២ នេះ កម្លាំងការពារព្រំដែនកម្ពុជា ស្ទាក់ចាប់បានទាំងបារី មធ្យោបាយដឹកជញ្ជូនបារី ហើយថែមទាំងចាប់បានមនុស្សចំនួន០៧នាក់ទៀត ដែលគេអះអាងថាជា «កម្មករដឹកជញ្ជូនបារីរត់ពន្ធឆ្លងដែន»។ ដូច្នេះ ការស្វែងរកមុខមេខ្លោងនៅពីក្រោយនៃបទល្មើសឆ្លងដែនបំពានច្បាប់លើកទី២នេះ ហាក់ដូចជា មិនពិបាកស្វែងរកដូចករណីលើកទី១ទេ ។ ពីព្រោះលើកទី១ កម្មករលីសែងបារីចំនួន០២នាក់ រួមទាំងបារីចំនួន១៥,០០០កញ្ចប់ ត្រូវបានពួកទាហានសៀមចាប់យកទៅបាត់ស្ងាត់ដំណឹងឈឹងរហូតដល់ពេលនេះ ដែលសមត្ថកិច្ចកម្ពុជា មិនអាចសួរនាំកម្មករទាំង០២នាក់ ដើម្បីតាមរកមុខមេខ្លោងបានឡើយ ។
ផ្ទុយទៅវិញករណីទី២ ដែលកើតឡើងនៅស្រុកភ្នំព្រឹក នាប៉ុន្មានថ្ងៃមុននេះមហាជនរំពឹងថា សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវរកឃើញមេខ្លោងទុច្ចរិត ដែលនៅពីក្រោយ នៃអំពើរត់ពន្ធបារីឆ្លងដែនខុសច្បាប់ជាង១១០ប៊ិចនេះយកមកប្រគល់ជូនតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ជាមិនខាន ។ ព្រោះវត្ថុតាងក៏មានគ្រប់សព្វ ។ ជាពិសេសក្រុមកម្មករចំនួន០៧នាក់ ដែលត្រូវឃាត់ខ្លួនបាននោះតែម្ដង ដែលអាចធ្វើជាសាក្សីបានយ៉ាងច្បាស់ដូចថ្ងៃ៕
ចែករំលែកព័តមាននេះ