រាជធានីភ្នំពេញ ៖ ដើម្បីកាត់បន្ថយភាពចង្អៀតណែន ទណ្ឌិតចំនួន២០១នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្ដាល ទៅកាន់មណ្ឌលយុវនីតិសម្បទា ។

យោងតាមអគ្គនាយកដ្ឋានពន្ធនាគារ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅពន្ធនាគារខេត្តកណ្ដាល ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ។

អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នានឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់របស់ខេត្តកណ្ដាល បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន២០១នាក់ ពីពន្ធនាគារខេត្តកណ្តាល ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅមណ្ឌលយុវនីតិសម្បទា ស្ថិតក្នុងភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីកាត់បន្ថយភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ៕

ចែករំលែកព័តមាននេះ