ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យជាចោរប្លន់ម៉ូតូ និងអ្នកទទួលផលចោរកម្មសរុប៤នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការតាមប្រមាញ់បានបន្តបន្ទាប់ ខណៈដែលក្រុមជនសង្ស័យជាចោរបានធ្វើសកម្មភាពប្រើដាវកាប់ទៅលើ២នាក់ប្តីប្រពន្ធ រងរបួសប្លន់យកម៉ូតូព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែសំណាងអាក្រក់ក៏ពើបប្រទះកម្លាំងនគរបាលល្បាតឃាត់ខ្លួនភ្លាមៗបានតែម្តង ។ ការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់ និងអ្នកទទួលផលចោរកម្មបន្តបន្ទាប់គ្នាបាន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ។

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដឹកនាំបញ្ជាដោយរូបលោកផ្ទាល់ ។ លោកថា កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៥ តែតុលា ឆ្នាំ២០២៥កន្លងទៅ នៅលើកំណាត់ផ្លូវជាតិ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤-១៥ ស្ថិតនៅក្នុងភូមិចាស់ ឃុព្រៃញាតិ ស្រុកគងពិសី មានករណីលួចដោយមានស្ថានទម្ងន់ទោសកាប់ប្លន់យកម៉ូតូ ដែលបង្កឡើងដោយជនសង្ស័យមានចំនួន២នាក់ ។ ចោរប្រើដាវចំនួន២ដើម ជិះម៉ូតូម៉ាកវីនន័រអុិច (Winner X)ពណ៌ខ្មៅ គ្មានផ្លាកលេខ ។ ក្រោយកាប់ជនរងគ្រោះរងរបួសប្លន់យកម៉ូតូបានសម្រេចក្រុមចោរបានព្យាយាមជិះគេចខ្លួន ។

លោកអធិការនគរបាលស្រុកគងពិសីបានឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ម៉ែន ណេត ភេទប្រុស អាយុ៣០ឆ្នាំ និងប្រពន្ធមានឈ្មោះ យ៉ាវ មុត អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់
ផ្លាកលេខ តាកែវ 1W-4425 ឌុបប្រពន្ធចេញពីផ្ទះបងប្អូន ។ លុះពេលមកដល់ផ្លូវចូលមុខផ្ទះរបស់ខ្លួន ជនរងគ្រោះបានបង្អង់ម៉ូតូ (បន្ថយល្បឿន) ភ្លាមនោះ មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូតាមពីក្រោយ ហើយជនសង្ស័យធាក់ម៉ូតូជនរងគ្រោះឱ្យដួល ខណៈជនសង្ស័យជិះក្រោយលោតចុះ
យកដាវកាប់មកលើជនរងគ្រោះ បណ្តាលឱ្យរងរបួសដៃស្តាំ ។ ក្រោយកាប់ជនរងគ្រោះរបួស ក្រុមចោរបានលើកយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅដើម្បីគេចខ្លួន ។

ពេលក្រុមចោរជិះបានបន្តិច ក៏ពើបប្រទះជាមួយកម្លាំងល្បាតរបស់នគរបាលស្រុកគងពិសី ដោយមានការសង្ស័យក៏ដេញឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន២នាក់ ម្នាក់ឈ្មោះ ហែល បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិកំណប់ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ ផន ពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
លោកអធិការនគរបាលស្រុកគងពិសីបានបន្តឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួនសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីក្រុមជនរងគ្រោះចំនួន៣លើកមកហើយ គឺនៅក្នុងស្រុកគងពិសី ១លើក និង២លើកទៀត នៅលើផ្លូវជាតិលេខ៣ និងនៅលើផ្លូវជាតិលេខ២ នៅក្នុងភូមិសាស្ត្រខេត្កកណ្ដាល ។

ពួកគេបានយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ដែលកាប់ប្លន់នៅលើផ្លូវជាតិ៤១ បង្គោលគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតនៅក្នុងភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២និង២១នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ យកទៅលក់ឲ្យឈ្មោះ សាយ បូរី ភេទប្រុស ក្នុងតម្លៃ៤០០ដុល្លារអាមេរិក ។
លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបានបញ្ជាក់ថា ក្រោយពីទទួលចម្លើយសារភាពរបស់ក្រុមជនសង្ស័យរួចមក កម្លាំងព្រហ្មទណ្ឌស្រុកគងពិសី សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានមុខសញ្ញាសង្ស័យទទួលផលចោរកម្មចំនួន២នាក់ ម្នាក់ឈ្មោះ សាយ បូរី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ ណៃ ឌីម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជាមុខសញ្ញាទទួលផលចោរកម្ម ហើយថែមទាំងមានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន៣ច្បាប់ថែមទៀតផង ក្នុងឆ្នាំ២០២៤ ។

លោកអធិការនគរបាលស្រុកគងពិសីបានបញ្ជាក់ថា ក្រោយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់ និងអ្នកទទួលផលចោរកម្ម ដកហូតវត្ថុតាងម៉ូតូចំនួន៣គ្រឿង (ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1W-4425 មួយគ្រឿង) ម៉ូតូជនសង្ស័យចំនួន២គ្រឿង (ម៉ាកWinner X ពណ៌ខ្មៅ គ្មានផ្លាកលេខ និងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JV-0279 និងដាវកែច្នៃចំនួន២ដើមផងដែរ ។ រីឯម៉ូតូជនរងគ្រោះនគរបាលបានប្រគល់ជូនយកទៅប្រើប្រាស់វិញហើយ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៤នាក់ ខាងលើរួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ