រាជធានីភ្នំពេញ ៖ បុរសជាជនរងគ្រោះម្នាក់ អាយុ៧៥ឆ្នាំ ជិះម៉ូតូម៉ាកPCX ចេញពីផ្ទះក៏មានខ្មាន់កាំភ្លើង២នាក់ជិះម៉ូតូហុងដាឌ្រីមសង់សេ១២៥ ដកកាំភ្លើងខ្លីបាញ់ចំនួន១គ្រាប់ បណ្ដាលឱ្យជនរងគ្រោះរបួសធ្ងន់ ហើយខ្មាន់កាំភ្លើងជិះគេចខ្លួនបាត់ បន្សល់ជនរងគ្រោះនៅកន្លែងកើតហេតុ និងបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៨ តុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចមុខស្ថានីយប្រេងឥន្ធនៈ LPG លើផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខ (គេចខ្លួន) ។

ហេតុការណ៍មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះបុរីប៉េង ហួត ទៅផឹកកាហ្វេ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខ មកពីក្រោយដកអាវុធខ្លីមិនស្គាល់ម៉ាក បាញ់ជនរងគ្រោះ១គ្រាប់ចំខ្នងរបួសធ្ងន់ រួចជិះម៉ូតូគេចខ្លួន ។ ចំណែកជនរងគ្រោះ សមត្ថកិច្ចយើងបានអន្តរាគមន៍ហៅរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកច្បារអំពៅ រួមជាមួយគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តខ្មែរ-សូរវៀត ។

បច្ចុប្បន្ន លោកម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ និងសហការជាមួយការិយាល័យព្រហ្មទណ្ឌស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបន្តនៅកន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាឈានដល់ការបង្ក្រាបជនល្មើសយកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់។






ចែករំលែកព័តមាននេះ