បរទេស ៖ មាសអន្តរជាតិបានទម្លុះតម្លៃ ៤ពាន់ដុល្លារក្នុង១អោន ឬ ៤ ៨២០ដុល្លារក្នុង១តម្លឹងជាលើកដំបូង ដែលជំរុញតម្រូវការកើនឡើងខ្លាំង សម្រាប់លោហៈធាតុដ៏មានតម្លៃមួយនេះ ដែលត្រូវបានចាប់ទុកជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុត អំឡុងមានភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល រួមជាមួយនឹងការរំពឹងទុកកាន់ខ្ពស់នៃការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្តាលអាមេរិក (Fed)។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។
តម្លៃមាសអន្តរជាតិបានកើនឡើង ១.៥% នៅក្នុងតម្លៃកំណត់ត្រាខ្ពស់បំផុត ៤ ០១៤ដុល្លារក្នុង១អោន ឬ ៤ ៨៣៦ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ១០:១០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) ចំពេលដែលបណ្តាអ្នកជំនាញ និងអ្នកវិភាគបានអះអាងថា តម្លៃនឹងបន្តកើនឡើងបន្ថែមទៀត។
ជាប្រពៃណីទៅហើយ ដែលមាសត្រូវបានចាត់ទុកជាឃ្លាំងនៃតម្លៃ អំឡុងពេលកើតមានអស្ថិរភាព។ នៅឆ្នាំនេះ តម្លៃមាសអន្តរជាតិបានកើនឡើង ៥២% ហើយ គិតមកទល់ពេលនេះ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពីកើនឡើង ២៧% កាលពីឆ្នាំមុន។
លោក Tai Wong ដែលជាពាណិជ្ជករមាសឯករាជ្យបានលើកឡើងថា វិនិយោគិនមានជំនឿកាន់តែខ្លាំងលើការជួញដូរនៅពេលនេះ ខណៈដែលទីផ្សារក៏កំពុងទន្ទឹងរកចាំការកើនឡើងជុំបន្ទាប់គឺ ៥ពាន់ដុល្លារក្នុង១អោន ឬ ៦ ០២៤ដុល្លារក្នុង១តម្លឹង ជាមួយនឹងការរំពឹងថា Fed ទំនងជានឹងបន្តទម្លាក់អត្រាការប្រាក់របស់ខ្លួនបន្ថែមទៀត។
ទោះយ៉ាងណាក៏ដោយ លោកបានបន្ថែមថា អំឡុងពេលកើនឡើងនោះ តម្លៃអាចនឹងជួបរដិបរដុបមួយចំនួនពាក់ព័ន្ធនឹងកត្តាដូចជា បទឈប់បាញ់យូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា ឬសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែកត្តាជំរុញតម្លៃមាសជាមូលដ្ឋានត្រូវបានផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្ម ការកើនឡើងបំណុល ការធ្វើពិពិធកម្មទុនបម្រុងមាស និងកម្សោយប្រាក់ដុល្លារអាមេរិក ដែលទំនងជាមិនផ្លាស់ប្តូរក្នុងរយៈពេលខ្លីនោះទេ។
ការកើនឡើងនៃតម្លៃមាសត្រូវបានជំរុញដោយកត្តាចម្រុះ រួមទាំងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ដោយ Fed ភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលកំពុងបន្ត និងការសម្រុកទិញចូលពីបណ្តាធនាគារកណ្តាលនៅជុំវិញពិភពលោកផងដែរ។
ទន្ទឹមជាមួយគ្នានោះ ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានឈានចូលដល់ថ្ងៃទី ៧ របស់ខ្លួនហើយ កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ។ ការបិទទ្វារបានពន្យារពេលការចេញផ្សាយទិន្នន័យសំខាន់ៗ រួមទាំងសកម្មភាពការងារ ដែលជាកត្តាជំរុញសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយបង្ខំឱ្យបណ្តាវិនិយោគិនពឹងផ្អែកលើទិន្នន័យបន្ទាប់បន្សំមិនមែនរបស់រដ្ឋាភិបាល ដើម្បីវាស់ស្ទង់ពេលវេលា និងទំហំនៃការកាត់បន្ថយអត្រាការប្រាក់របស់ Fed។ វិនិយោគិនឥឡូវនេះ កំពុងកំណត់តួលេខនៃការកាត់បន្ថយ ២៥ពិន្ទុមូលដ្ឋាននៅឯកិច្ចប្រជុំរបស់ Fed ក្នុងខែនេះ ជាមួយការកាត់បន្ថយ ២៥ពិន្ទុបន្ថែមទៀត ដែលរំពឹងទុកនៅក្នុងខែធ្នូ។
លើសពីនេះទៅទៀត ភាពចលាចលនយោបាយនៅក្នុងប្រទេសបារាំង និងជប៉ុន ក៏ត្រូវបានមើលឃើញថាជាកត្តាជំរុញឱ្យមានតម្រូវការមាសកើនឡើងផងដែរ៕ ប្រភព ៖ Reuters និង goldprice.org

ចែករំលែកព័តមាននេះ