ខេត្តកំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ អញ្ជើញដឹកនាំកិច្ចប្រជុំណៈកម្មាធិការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមមុខសញ្ញា ដើម្បីចូលរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ។ នេះបើយោងតាមផេកក្រសួងមហាផ្ទៃបានប្រកាសនាព្រឹកថ្ងៃទី០៨ ខែតុលានេះ ។

ជាក់ស្តែង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំណៈកម្មាធិការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមមុខសញ្ញាក្នុងខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងឱកាសនោះដែរ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមមុខសញ្ញាពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងការចូលរួមថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋការពារធានាបាននូវអត្ថប្រយោជន៍នានាជូនដល់កម្មករនិយោជិក ដែលជាផ្នែកមួយ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងដែលកំពុងកើតមានក្នុងខេត្ត។

លោកបានបន្តទៀតថា គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវបន្តចូលរួមសហការគ្នាឱ្យបានកាន់តែជិតស្និតថែមទៀត ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយ នូវសំណូមពរ ការទាមទារដែលអាចទទួលយកបានស្របតាមច្បាប់ និងបទបញ្ញតិជូនដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ។
ហើយបន្តចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាដែលមានចេតនាក្នុងការញុះញង់បង្កបញ្ហាដល់សង្គម និងខាតបង់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ដោយធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ បង្កជាអំពើហិង្សា បិទផ្លូវសារធារណៈ ការគប់ឬវាយបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ឯកជន ការរាំងមធ្យោបាយដឹកជញ្ជូនទំនិញរបស់រដ្ឋ ឬឯកជន ការបង្ករបួសស្នាម ការគំរាមគំហែងកម្មករមិនឱ្យចូលធ្វើការ ក្នុងករណីមានអំពើហិង្សាត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ ៕


ចែករំលែកព័តមាននេះ