ខេត្តកំពង់ស្ពឺ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានជាសាធារណៈរបស់ស្នងការដ្ឋាននគរបាលខេត្តចុះថ្ងៃទី៦ តុលា ឆ្នាំ២០២៥ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រងនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដែលបានបង្កឱ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះឈ្មោះផាន ផាយុ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ កាលពីថៃ្ងទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០យប់ នៅផ្លូវបេតុងភូមិគ្រញូង ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ បណ្ដាលឱ្យបាត់បង់អាយុជីវិត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ដ ចាត់ការបន្ដតាមនីតិវិធីហើយ ។ សួមរំលឹកថា៖ សំណុំរឿងចម្រូងចម្រាសករណីមេប៉ុស្តិ៍ផ្ទុះអា.វុ.ធ គ្រួសារយុវជនរងគ្រោះថា បា.ញ់ ខាងនគរបាលថា រៀលកៃ

លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ កន្លងមក ដោយបានការចង្អុលណែនាំ និងបញ្ជាពីឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំមន្ត្រីក្រោមឱវាទ និងនាំយកថវិការបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ចំនួន១០លានរៀល ទៅចូលរួមបុណ្យសពយុវជនរងគ្រោះឈ្មោះ ផាន ផាយុ ។ យុវជនរូបនេះបានរងគ្រោះថ្នាក់ដោយសារគ្រាប់កាំភ្លើងរបស់លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំពោធិ៍អង្គ្រង កាលពីយប់ថៃ្ងទី៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ក្នុងពេលចុះបំពេញបេសកកម្មល្បាតនៅក្នុងភូមិសាស្ដ្ររបស់ខ្លួនលើការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈសង្គម ផ្ទុយទៅវិញ បែរជាបង្កឱ្យមានហេតុការណ៍ដ៏ធ្ងន់ធ្ងរបែបនេះ ។

ក្នុងការអញ្ជើញទៅសួរសុខទុក្ខ និងការចូលរួមសោកស្ដាយជាពន់ពេកជាមួយក្រុមគ្រួសារនៃសពយុវជន ផាន ផាយុ លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ដ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ឯកឧត្ដមនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចំពោះការបាត់បង់អាយុជីវិតកូន ក្មួយ ចៅជាទីស្រឡាញ់ជាមួយសាច់ញាតិ ក្រុមគ្រួសារ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នករស់នៅភូមិផងរបងជាមួយ និងជាការសោកស្ដាយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានចំពោះមរណភាពនេះ ។

ក្នុងនាមជាមន្ដ្រីអនុវត្ដច្បាប់ និងក្នុងនាមជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដ អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងប្ដេជ្ញាថា នឹងយកជាពិសោធន៍សម្រាប់ការបំពេញភារកិច្ចរបស់កងកម្លាំងនគរបាលជាតិទាំងមូល ។ សូមការអធ្យាស្រ័យសុំទោសពីក្រុមគ្រួសារ និងសន្យាថា នឹងផ្ដល់យុត្ដិធម៌ជូនក្រុមគ្រួសារសពក្មួយប្រុស ផាន ផាយុ ទៅតាមប្រព័ន្ធច្បាប់នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានភាពសុក្រឹត និងតម្លាភាពសម្រាប់ជនរងគ្រោះ ។

លោកស្នងការ ឃឹម សុកខៃ បានចូលរួមជាទឹកចិត្ដមិនអាចកាត់ថ្លៃបាន និងធានាថា យុត្ដិធម៌ត្រូវតែកើតមាន ។ ចំពោះសកម្មភាពដែលបង្កឡើងដោយមន្ដ្រីនគរបាលប៉ុស្ដិ៍ពោធិ៍អង្គ្រងនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋនេះនឹងយកជាគំរូសម្រាប់ជាមេរៀនចែករំលែកបន្ដទៅតាមបណ្ដាប៉ុស្ដិ៍
នគរបាលរដ្ឋបាលនៅទូទាំងខេត្ដផងដែរ ៕
ចែករំលែកព័តមាននេះ