ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក្រុង​កំពុង​រង​សម្ពាធ​ខ្លាំង​ត្រូវ​ចុះ​ពី​តំណែង​ ឬ​ត្រូវ​បោះ​ឆ្នោត​សភា​ជា​ថ្មី

2 ខែ មុន

ទី​ក្រុង​ប៉ារីស៖ ប្រធានា​ធិបតី​បារាំង លោក​ម៉ាក្រុង​ កំពុង​ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង​ដែល​តម្រូវ​ឱ្យ​លោក​មាន​ជម្រើស​​២​​ដែល​អាច​ទៅ​រួច​​ ទី​១​ត្រូវ​លាលែង​ពី​តំណែង​ និង​ទី​២​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​​​ជា​ថ្មី​ដើម្បី​បិទ​បញ្ចប់​វិបត្តិ​នយោ​បាយ​ដែល​ជំរុញ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​លា​លែង​ពី​តំណែង​អស់​៥​នាក់​ត្រឹម​តែ​រយៈ​ពេល​មិន​ដល់​២​ឆ្នាំ​ស្រួល​បួល​ផង​។ មេ​ដឹក​នាំ​ឆ្វេង​និយម​កណ្ដាល​​វ័យ​៤៧​ឆ្នាំ​រូប​នេះ​នៅ​តែ​បញ្ជាក់​ជា​ថ្មី​ថា​លោក​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​ចប់​អាណត្តិ​ឆ្នាំ​២០២៧​។ ប៉ុន្តែ​ការ​អំពាវ​នាវ​ឱ្យ​លោក​ចុះ​ចេញ​ពី​តំណែង​មាន​កាន់តែ​ច្រើន​ឡើង​ៗ​ពី​គ្រប់​និន្នា​ការ​នយោ​បាយ​។ នេះ​ជា​វិបត្តិ​ដ៏​ធំ​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៨​។ នៅ​ថ្ងៃ​អង្គារ​នេះ…

ទី​ក្រុង​ប៉ារីស៖ ប្រធានា​ធិបតី​បារាំង លោក​ម៉ាក្រុង​ កំពុង​ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង​ដែល​តម្រូវ​ឱ្យ​លោក​មាន​ជម្រើស​​២​​ដែល​អាច​ទៅ​រួច​​ ទី​១​ត្រូវ​លាលែង​ពី​តំណែង​ និង​ទី​២​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​​​ជា​ថ្មី​ដើម្បី​បិទ​បញ្ចប់​វិបត្តិ​នយោ​បាយ​ដែល​ជំរុញ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​លា​លែង​ពី​តំណែង​អស់​៥​នាក់​ត្រឹម​តែ​រយៈ​ពេល​មិន​ដល់​២​ឆ្នាំ​ស្រួល​បួល​ផង​។

មេ​ដឹក​នាំ​ឆ្វេង​និយម​កណ្ដាល​​វ័យ​៤៧​ឆ្នាំ​រូប​នេះ​នៅ​តែ​បញ្ជាក់​ជា​ថ្មី​ថា​លោក​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​ចប់​អាណត្តិ​ឆ្នាំ​២០២៧​។ ប៉ុន្តែ​ការ​អំពាវ​នាវ​ឱ្យ​លោក​ចុះ​ចេញ​ពី​តំណែង​មាន​កាន់តែ​ច្រើន​ឡើង​ៗ​ពី​គ្រប់​និន្នា​ការ​នយោ​បាយ​។ នេះ​ជា​វិបត្តិ​ដ៏​ធំ​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៨​។ នៅ​ថ្ងៃ​អង្គារ​នេះ ​លោក​ឡឺ​គ័រ​នូ​ ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​​លា​លែង​ពី​តំណែង​កាល​ពី​ម្សិល​មិញ ​បាន​បើក​កិច្ច​ប្រជុំ​លើក​ចុង​ក្រោយ​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រីថ្មី​។

ទន្ទឹម​នឹង​នោះ អតីត​នាយក​រដ្ឋ​មន្ត្រី​បារាំង​កាល​ពីជំនាន់​លោក​ម៉ាក្រុង​កាន់​អំណាច​អាណត្តិ​ទី​មួយ លោក​អេ​ដ្វាត ហ្វ៊ីលីព (Edouard Philippe) ​យល់​ថា​សភាព​ការណ៍​បាន​ឈាន​ដល់​ដំណាក់​កាល​ទុំ​ជោរ​ដែល​​តម្រូវ​ឱ្យ​លោក​ម៉ាក្រុង​ត្រូវ​តែ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ផ្លូវ​ណា​មួយ​ដើម្បី​បំបែក​ភាព​ទ័ល​ច្រក​។ ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អ៊ែ​តេ​អឹល (RTL) លោក​ហ្វ៊ីលីព​យល់​ថា​លោក​ម៉ាក្រុង​គួរ​តែ​លា​លែង​ពី​តំណែង​តាម​សម្រួល​​ដើម្បី​ឱ្យ​ប្រទេស​ជាតិ​ចាក​ផុត​ពី​វិបត្តិ​។

លោក​ហ្វ៊ីលីព​​​ជា​មនុស្ស​​ម្នាក់​ទៀត​ដែល​បង្ហាញ​ជំហរ​ផ្ទុយ​ពី​លោក​ម៉ាក្រុង​។ លោក​ជាមនុស្ស​ទី​២​នៅ​ក្នុង​ចំណោម​អតីត​នាយក​រដ្ឋ​មន្ត្រី​បារាំង​ជំនាន់​លោក​ម៉ា​ក្រុង​ដែល​បង្ហាញជំហរ​បែប​នេះ​។ លោក​កា​ព្រីយែល​ អាតាល់​ (Gabriel Attal) ដែល​ជា​អ្នក​ស្មោះ​ស្ម័គ្រ​នឹង​លោក​ម៉ាក្រុង​ និង​​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​ប៉ុន្មាន​ខែ​​​កាល​ពី​ឆ្នាំ​២០២៤។ លោក​​ក៏​បង្ហាញ​ជំហរ​ផ្ទុយ​ពី​លោក​ម៉ាក្រុង​ផង​ដែរ​ និង​​និយាយ​រិះ​គន់​លោក​ម៉ាក្រុង​ដោយ​​ត្រង់​ៗ​តែ​ម្ដង​។

លោក​អាតាល់​ថ្លែង​ថាមិន​ខុស​ពី​ប្រជា​ជន​បារាំង​ទូទៅ​នោះ​ទេ លោក​មិន​យល់​ទាល់​តែ​សោះ​ថា​តើ​លោក​ម៉ា​ក្រុង​សម្រេច​ចិត្ត​បែប​ណា​​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ម៉ាក្រុង​ប្រាប់​ឱ្យ​លោក​ឡឺគ័រ​នូ​និយាយ​ជា​មួយ​ក្រុម​ប្រឆាំង​ដើម្បី​ចរ​ចា​គ្នា​។ លោក​គ័រ​នូ​មាន​ពេល​២​ថ្ងៃ​ដើម្បី​ដើរ​កៀរ​គរ​សហ​មតិ​ពី​ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​នានា​។ ប៉ុន្តែ​ផ្ទុយ​ពី​លោក​ហ្វ៊ីលីព​ដែល​ចង់​ឱ្យ​លោក​ម៉ាក្រុង​ចុះ​ពី​តំណែង​ លោក​អាតាល់​មិន​គាំទ្រ​គំនិត​នេះ​ទេ​។​

លោក​ឡឺគ័រ​នូ​ទើប​តែ​ជជែក​គ្នា​ជា​មួយ​មន្ត្រី​ធំ​ៗ​របស់​គណ​បក្ស​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​គ្នា​ និង​ជា​មួយ​ក្រុម​អភិ​រក្ស​និយម​។ ពួក​គេ​យល់​ស្រប​គ្នា​ថា​សំខាន់​ត្រូវ​តែ​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ថវិកា​សម្រាប់​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០២៦​។ លោក​ឡឺគ័រ​នូ​ត្រៀម​ពិភាក្សា​ជា​មួយ​ក្រុម​ប្រឆាំង​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ និង​ព្រឹក​ថ្ងៃ​ពុធ​។ ប៉ុន្តែ​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​ សមាជ​ជាតិ ថ្លែង​ថា​ពួក​គេ​គ្មាន​ការ​ចាំ​បាច់​​ដើម្បី​ពិភាក្សា​ជា​មួយ​លោក​ឡឺ​គ័រ​នូ​ទេ​។​ នេះ​បើ​យោ​ងតាម​កា​រផ្សាយ​របស់​ឆេន​ណល ញូស៍​ អេ​ស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ