រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងអំពីដំណើរ នៃការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលានេះ ។
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ បន្ទាប់ពីការផ្ញើលិខិតអញ្ជើញលើកទីមួយ កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ចំពោះការផ្ញើ នូវលិខិតអញ្ជើញជាលើកទីពីរនេះ ដើម្បីអញ្ជើញកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះ គឺអនុវត្តន៍ទៅតាមស្មារតី នៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការ ដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ។
គួររំលឹកផងដែរថា ការអញ្ជើញភាគីថៃ ចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី២ នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បានឆាប់រហ័ស ៕
ចែករំលែកព័តមាននេះ