រាជធានីភ្នំពេញ ៖ កិច្ចពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ចេញពីតំបន់ព្រំដែនរវាងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។
សេចក្តីប្រកាសព័ត៌មានរួម ស្ដីពីលទ្ធផលកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍ បំផ្លិចបំផ្លាញធុនធ្ងន់ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ (បកប្រែក្រៅផ្លូវការ) ដូចខាងក្រោម ៖
 កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែ សម្រួលអាវុធនិងយុទ្ធោបករណ៍ បំផ្លិចបំផ្លាញធុនធ្ងន់ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែន អន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានសហប្រធានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្ដមសនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះត្រូវបាន ចូលរួមសង្កេតការណ៍ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (ACT) ប្រចាំនៅប្រទេសកម្ពុជា និងក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសថៃ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង តាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការ ព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងតាមរយៈស្មារតី និងគោលការណ៍ សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកាឡាឡាំពួរដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ដ្រីនៃព្រះរាជា- ណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមនៃប្រទេសទាំងបួន ក្នុងការជំរុញឱ្យមានតម្លាភាព ការកសាងទំនុកចិត្ត និងការគ្រប់គ្រងជំហរយោធាក្នុងតំបន់ដែលប្រកបដោយទំនួលខុសត្រូវ ។
ដើម្បីអនុវត្តតាមលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងសេចក្តីថ្លែងការណ៍រួម តាមរយៈការកែសម្រួលអាវុធធុនធ្ងន់ជាដំណាក់កាល និងការសម្របសម្រួលវិធានការណ៍ កសាងទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្ត និងស្ថិរភាពគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពគ្នាមានដូចខាងក្រោម ៖
ក. ភាគីទាំងពីរបានឯកភាពគ្នាលើចំណាត់ថ្នាក់សព្វាវុធជា ០៣ (បី) ប្រភេទ និងកំណត់និយមន័យម ដូចខាងក្រោម៖
-ប្រភេទ ក (Type A) សំដៅទៅលើប្រព័ន្ធកាំជ្រួចហ្វូង (MLRS) ដែលមានកាណុងបាញ់ចាប់ពី ០២ (ពីរ) ឡើងទៅ។
-ប្រភេទ ខ (Type B) សំដៅទៅលើកាំភ្លើងធំគ្រប់ប្រភេទ ដែលជាប្រភេទអូសណ្ដោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ។
-ប្រភេទ (Type C) សំដៅទៅលើយុទ្ធោបករណ៍ប្រភេទពាសដែក ជាពិសេសរថក្រោះប្រយុទ្ធ (MBTs) ដែលផ្តល់នូវការការពារចល័ត កម្លាំងបាញ់សង្ក្រាប និងការគាំទ្រផ្ទាល់ដល់កម្លាំងថ្មើរជើង។
ខ. ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រកាន់ខ្ជាប់នូវ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់ពេញលេញនូវលទ្ធផល នៃកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគោលការណ៍ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកាឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។
គ. ភាគីទាំងពីរបានឯកភាពគ្នាក្នុងការកែសម្រួលជាដំណាក់កាល នូវអាវុធទាំងបីប្រភេទ (ប្រភេទ ក ប្រភេទ និងប្រភេទ គ) ក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អនុលោមទៅតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា។
ឃ. ភាគីទាំងពីរឯកភាពគ្នាក្នុងការសម្របសម្រួលលើការផ្ទៀងផ្ទាត់ ការចងក្រងឯកសារ និងការសង្កេត-ការណ៍ ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
ង. ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាព និងការផ្ទៀងផ្ទាត់ដំណើរការដកអាវុធ សំដៅធានានូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តសាធារណៈក្នុងការអនុវត្ត ។
ច. ភាគីទាំងពីរឯកភាពគ្នាថា នៅក្នុងករណីដែលភាគីណាមួយ លាក់បាំង ឬ បំភាន់បរិមាណ ឬ ប្រភេទអាវុធ សកម្មភាពបែបនេះត្រូវបានចាត់ទុកថា ជាការកង្វះភាពស្មោះត្រង់ក្នុងការស្ដារប្រក្រតីភាព ស្ថេរភាព និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ឆ. ដំណើរការ នៃការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី១ ត្រូវធ្វើឡើងក្នុង រយៈពេល ០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
ជ. កិច្ចប្រជុំមួយរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្តីពីការរៀបចំផែនការ និងការអនុវត្តលម្អិត នៃដំណាក់កាលទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី២ ត្រូវធ្វើឡើងក្នុងរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
ឈ. កិច្ចប្រជុំរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្ដីពីការធ្វើរៀបចំផែនការ និងការអនុវត្តលម្អិត ដំណាក់កាលទី៣ នឹងត្រូវធ្វើឡើងក្នុងកាលបរិច្ឆេទណាមួយ ដែលភាគីទាំងពីរបានឯកភាពគ្នា ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី៣ ត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្ដាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍
អាស៊ាន (AOT) ។
៣. កិច្ចប្រជុំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) អាចនឹងកោះប្រជុំ តាមរយៈប្រព័ន្ធអនឡាញ ឬដោយផ្ទាល់ តាមការឯកភាពគ្នារវាងភាគីទាំងពីរ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាបាន នូវការសម្របសម្រួល ការពិគ្រោះយោបល់ទាន់ពេលវេលា និងការអនុវត្តប្រកបដោយប្រសិទ្ធភាព ៕




 
                        
			         
				
ចែករំលែកព័តមាននេះ