ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ពិសេស RBC នៅ​ច្រកអូរ​ស្មាច់ កម្ពុជា​-​ថៃ ពិភាក្សា​លើ​ការ​កែសម្រួល​យុទ្ធោបករណ៍​ធុន​ធ្ងន់

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ នា​វេលា​ម៉ោង ១៥:០៥​នាទី​រសៀល​នេះ នៅ​ច្រកព្រំដែន​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិ​ភាគ​ទី​៤…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ នា​វេលា​ម៉ោង ១៥:០៥​នាទី​រសៀល​នេះ នៅ​ច្រកព្រំដែន​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ បាន​រៀបចំ​កិច្ចប្រជុំ​ពិសេស នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) សម្រាប់​ពិភាក្សា​លើ​ការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ បន្ទាប់​ពី​កិច្ចប្រជុំ​ពិសេស​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) កាលពី​ព្រឹក​មិ​ញ នេះ​បើ​យោង​តាម​ក្រសួងការពារជាតិ ។

សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វី​រ៉ា​ក់​យុទ្ធ រ៉ា​ក់​ស៊ី​ង មេបញ្ជាការ កងទ័ព​ភូមិភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​តាមដាន ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ ភាព​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ។

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា និង​ឯកភាព​គ្នា​លើ​ផែនការ​ជាក់លាក់ ក្នុង​ការ​សម្រួល​យុទ្ធោបករណ៍ និង​អាវុធ​ធុន​ធ្ងន់​របស់​ភាគី​ទាំង​សងខាង​ជា​ជំហាន​ៗ និង​តាម​ដំណាក់កាល នៅ​ក្រោម​ការ​សង្កេត និង​ការ​ផ្ទៀងផ្ទាត់​របស់ AOT សំដៅ​រួម​គ្នា​កាត់​បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​។ កិច្ចប្រជុំ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ភាគី​ទាំង​ពីរ​ក្នុង​ការ​គោរព និង​អនុវត្ត​នូវ​អ្វី​ដែល​បាន​ឯកភាព​គ្នា នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ស្តី​ពី​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ រវាង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ថៃ ដោយ​មាន​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដូ​ណា​ល់ ត្រាំ និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ធ្វើ​ជា​សាក្សី​ផង​ដែរ និង​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ ដោយ​ស្មោះត្រង់ និង​ប្រកបដោយ​សុច្ឆន្ទៈ​ដ៏​ពិតប្រាកដ ។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង ១៥:៤៧​នាទី ជា​លទ្ធផល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រួម​ស្តី​ពី “​ការ​កែសម្រួល​យុទ្ធោបករណ៍ អាវុធ​ធុន​ធ្ងន់ និង​ឧបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​”​។ ភាគី​ទាំង​ពីរ​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​ឯកសារ​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​នេះ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាមួយ​គ្នា​នេះ កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​បោះ​ជំហាន​ដ៏​វិជ្ជមាន​មួយ​នេះ នឹង​ចូលរួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ស្ដី​ពី​លទ្ធផល​កិច្ចប្រជុំ​ពិសេស នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) សម្រាប់​ការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍ បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ រវាង​យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​យោធភូមិ​ភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ (​បកប្រែ​ក្រៅផ្លូវការ​) ដូច​ខាងក្រោម ៖

កិច្ចប្រជុំ​ពិសេស នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) សម្រាប់​ការ​កែ សម្រួល​អាវុធ​និង​យុទ្ធោបករណ៍ បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ រវាង​យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​យោធភូមិ​ភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ នៅ​ច្រកព្រំដែន អន្តរជាតិ​អូ​ស្មាច់ ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចប្រជុំ​នេះ ត្រូវ​បាន​សហ​ប្រធាន​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ឧត្ដម​ស​នី​យ៍​ទោ វី​រ៉ា​ក់​យុទ្ធ រ៉ា​ក់​ស៊ី​ង មេបញ្ជាការ​យោធភូមិ​ភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ​។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន ចូលរួម​សង្កេតការណ៍ ដោយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ACT) ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ក្រុម​អ្នក សង្កេតការណ៍​អាស៊ាន (AOT) ប្រចាំ​នៅ​ប្រទេស​ថៃ ។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង តាម​ស្មារតី​នៃ​លទ្ធផល​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី និង​តាម​រយៈ​ស្មារតី និង​គោលការណ៍ សេចក្ដីថ្លែងការណ៍​រួម​ស្ដី​ពី​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​កាឡា​ឡាំ​ពួរ​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដោយ​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​- ណា​ចក្រ​កម្ពុជា នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រធានាធិបតី នៃ​សហរដ្ឋអាមេរិក ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​នៃ​ប្រទេស​ទាំង​បួន ក្នុង​ការ​ជំរុញ​ឱ្យ​មាន​តម្លាភាព ការ​កសាង​ទំនុកចិត្ត និង​ការ​គ្រប់គ្រង​ជំហរ​យោធា​ក្នុង​តំបន់​ដែល​ប្រកបដោយ​ទំនួល​ខុស​ត្រូវ ។

ដើម្បី​អនុវត្ត​តាម​លទ្ធផល​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) និង​សេចក្តីថ្លែងការណ៍​រួម តាម​រយៈ​ការ​កែសម្រួល​អាវុធ​ធុន​ធ្ងន់​ជា​ដំណាក់កាល និង​ការ​សម្របសម្រួល​វិធាន​ការណ៍ កសាង​ទំនុកចិត្ត លើកកម្ពស់​ការ​ជឿ​ទុកចិត្ត និង​ស្ថិរភាព​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​មាន​ដូច​ខាងក្រោម ៖

ក​. ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ចំណាត់ថ្នាក់​សព្វាវុធ​ជា ០៣ (​បី​) ប្រភេទ និង​កំណត់​និយម​ន័យ​ម ដូច​ខាងក្រោម​៖
-​ប្រភេទ ក (Type A) សំដៅ​ទៅ​លើ​ប្រព័ន្ធ​កាំជ្រួច​ហ្វូង (MLRS) ដែល​មាន​កាណុង​បាញ់​ចាប់ពី ០២ (​ពីរ​) ឡើង​ទៅ​។
-​ប្រភេទ ខ (Type B) សំដៅ​ទៅ​លើ​កាំភ្លើង​ធំ​គ្រប់​ប្រភេទ ដែល​ជា​ប្រភេទ​អូ​សណ្ដោង ឬ​ស្វ័​យ​ចល័ត ដែល​ប្រើប្រាស់​ក្បាល​គ្រាប់ ១០៥​មី​លី​ម៉ែត្រ ១២២​មី​លី​ម៉ែត្រ ១៣០​មី​លី​ម៉ែត្រ ១៥២​មី​លី​ម៉ែត្រ និង ១៥៥ មី​លី​ម៉ែត្រ​។
-​ប្រភេទ (Type C) សំដៅ​ទៅ​លើ​យុទ្ធោបករណ៍​ប្រភេទ​ពាស​ដែក ជា​ពិសេស​រថក្រោះ​ប្រយុទ្ធ (MBTs) ដែល​ផ្តល់​នូវ​ការ​ការពារ​ចល័ត កម្លាំង​បាញ់​ស​ង្ក្រា​ប និង​ការ​គាំទ្រ​ផ្ទាល់​ដល់​កម្លាំង​ថ្មើរជើង​។

ខ​. ភាគី​ទាំង​ពីរ បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ប្រកាន់ខ្ជាប់​ពេញលេញ​នូវ​លទ្ធផល នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) និង​គោលការណ៍ ដែល​មាន​ចែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​កាឡា​ឡាំ​ពួរ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ។

គ​. ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​កែសម្រួល​ជា​ដំណាក់កាល នូវ​អាវុធ​ទាំង​បី​ប្រភេទ (​ប្រភេទ ក ប្រភេទ និង​ប្រភេទ គ​) ក្រោម​ការ​សង្កេតការណ៍ និង​ការ​ផ្ទៀងផ្ទាត់​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) អនុលោម​ទៅ​តាម​ផែនការ​សកម្មភាព​ដែល​បាន​ព្រមព្រៀង​គ្នា​។

ឃ​. ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ក្នុង​ការ​សម្របសម្រួល​លើ​ការ​ផ្ទៀងផ្ទាត់ ការ​ចងក្រង​ឯកសារ និង​ការ​សង្កេត​-​ការណ៍ ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ។

ង​. ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដើម្បី​ផ្ដល់​ព័ត៌មាន​ថ្មី​ៗ​អំពី​វឌ្ឍនភាព និង​ការ​ផ្ទៀងផ្ទាត់​ដំណើរការ​ដក​អាវុធ សំដៅ​ធានា​នូវ​តម្លាភាព គណនេយ្យ​ភាព និង​ទំនុកចិត្ត​សាធារណៈ​ក្នុង​ការ​អនុវត្ត ។

ច​. ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា នៅ​ក្នុង​ករណី​ដែល​ភាគី​ណាមួយ លាក់បាំង ឬ បំភាន់​បរិមាណ ឬ ប្រភេទ​អាវុធ សកម្មភាព​បែប​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​កង្វះ​ភាព​ស្មោះត្រង់​ក្នុង​ការ​ស្ដារ​ប្រក្រតី​ភាព ស្ថេ​រ​ភាព និង​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ​។

ឆ​. ដំណើរការ នៃ​ការ​កែសម្រួល​អាវុធ បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ ក្នុង​ដំណាក់កាល​ទី​១ ត្រូវធ្វើ​ឡើង​ក្នុង រយៈពេល ០៣ (​បី​) ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោម​ការ​សង្កេតការណ៍ និង​ផ្ទៀងផ្ទាត់ ដោយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ។

ជ​. កិច្ចប្រជុំ​មួយ​របស់​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) ស្តី​ពី​ការ​រៀបចំ​ផែនការ និង​ការ​អនុវត្ត​លម្អិត នៃ​ដំណាក់កាល​ទី​២ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោម​ការ​សង្កេតការណ៍ និង​ផ្ទៀងផ្ទាត់​ដោយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ការ​កែសម្រួល​អាវុធ បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ ក្នុង​ដំណាក់កាល​ទី​២ ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ ក្រោម​ការ​សង្កេតការណ៍ និង​ផ្ទៀងផ្ទាត់ ដោយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ។

ឈ​. កិច្ចប្រជុំ​របស់​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) ស្ដី​ពី​ការ​ធ្វើ​រៀបចំ​ផែនការ និង​ការ​អនុវត្ត​លម្អិត ដំណាក់កាល​ទី​៣ នឹង​ត្រូវធ្វើ​ឡើង​ក្នុង​កាលបរិច្ឆេទ​ណាមួយ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ក្រោម​ការ​សង្កេតការណ៍ និង​ផ្ទៀងផ្ទាត់​ដោយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT)​។ ការ​កែសម្រួល​អាវុធ បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ ក្នុង​ដំណាក់កាល​ទី​៣ ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល ០៣ (​បី​) ស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ក្រោម​ការ​សង្កេតការណ៍ និង​ផ្ទៀងផ្ទាត់ ដោយ​ក្រុម​អ្នក​សង្កេតការណ៍
អាស៊ាន (AOT) ។

៣. កិច្ចប្រជុំ ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) អាច​នឹង​កោះ​ប្រជុំ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ ឬ​ដោយ​ផ្ទាល់ តាម​ការ​ឯកភាព​គ្នា​រវាង​ភាគី​ទាំង​ពីរ ក្រោម​ការ​សង្កេតការណ៍ និង​ផ្ទៀងផ្ទាត់ ដោយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដើម្បី​ធានា​បាន នូវ​ការ​សម្របសម្រួល ការពិគ្រោះ​យោបល់​ទាន់​ពេលវេលា និង​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ