ខេត្តបាត់ដំបង ៖ សត្វ«ស្វាន»ដែលជាសត្វដ៏កាចសាហាវមួយប្រភេទស្រដៀងគ្នាទៅនឹងសត្វ«ឆ្កែចចក»ដែរនោះ ត្រូវបានអ្នកភូមិអះអាងថា ពួកវាកំពុងបែកហ្វូង ដោយសារទឹកឡើងខ្លាំង បាត់បង់ទីជម្រកនៅតំបន់ព្រៃរនាមជាប់បឹងទន្លេសាប ។ ពេលនេះ ពួកវាបាននិងកំពុងចូលអុកឡុកអ្នកភូមិមួយចំនួននៅក្នុងទឹកដី ឃុំជ្រៃ ស្រុកមោងប្ញស្សី រហូតអាជ្ញាធរមូលដ្ឋានប្រកាសអាសន្នឲ្យប្រជាពលរដ្ឋមានការប្រយ័ត្នចំពោះសកម្មភាពហ្វូងសត្វដ៏កាចសាហាវប្រភេទនេះ ។

អ្នកភូមិមួយចំនួន និងកម្លាំងប្រជាការពារផង ដែលកំពុងប្រឈមជាមួយនឹងហ្វូងសត្វដ៏កាចសាហាវនេះ បាននាំគ្នាបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងនៅពេលនេះ ក្រោយពីពួកគេបានដេញវាយសម្លាប់សត្វនេះ ងាប់អស់ប៉ុន្មានក្បាល បន្ទាប់ពីវាបានដេញខាំមនុស្សឲ្យរងរបួសយ៉ាងតិចចំនួន០៤នាក់ កាលពីប៉ុន្មានថ្ងៃមុន ។
ជាក់ស្ដែង នៅវេលាម៉ោងព្រឹកថ្ងៃទី០៧ តុលា នេះ ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ បាននាំគ្នាដេញវាយសត្វដ៏កាចសាហាវនេះងាប់អស់០១ក្បាលទៀត នៅពេលគេប្រទះឃើញវាកំពុងដេញខាំសត្វឆ្កែចិញ្ចឹមនៅក្នុងភូមិទូលតាថុន ឃុំជ្រៃ ស្រុកមោងប្ញស្សី។ នេះជាការផ្ដល់ព័ត៌មានចុងក្រោយ ដោយលោក ក្រេន សាមាន មេភូមិទូលតាថុន (ភូមិកើតហេតុ) ។

លោក ក្រេន សាមាន បានប្រាប់ថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោក រួមជាមួយកម្លាំងប្រជាការពារផង បានដេញវាយសត្វព្រៃដ៏គ្រោះថ្នាក់មួយក្បាលនេះទាំងព្រឹករហូតដល់ងាប់ ពេលដែលវាកំពុងដេញខាំសត្វឆ្កែក្នុងភូមិ ។ ពាក់ព័ន្ធនឹងប្រភេទសត្វព្រៃដ៏កំណាចនេះ បើតាមលោកក្រេន សាមាន មេភូមិទូលតាថុនបានបញ្ជាក់ថា បើតាមលោក និងអ្នកភូមិមួយចំនួនបានស្គាល់ភិនភាគច្បាស់ វាមិនមែនជាសត្វ«ឆ្កែចចក»ទេ វាជាប្រភេទសត្វ«ស្វាន»។ សត្វទាំង០២ប្រភេទនេះ មានរូបរាងស្រដៀងគ្នា ។
លោកបានបញ្ជាក់ពីប្រភេទសត្វទាំង០២នេះ ដូច្នេះថា«សត្វស្វាន មានរាងនិងមាឌធំជាងសត្វឆ្កែចចក ។ សត្វស្វានមានសម្បុរត្នោត រីឯសត្វចចកមានសម្បុរក្រហម ហើយសត្វស្វាននេះ ក៏មានចរិកកាចសាហាវជាសត្វឆ្កែចចកដែរ ។ វាមិនខ្លាចសត្វឆ្កែក្នុងស្រុក ឬខ្លាចមនុស្សទេ ។ ចឹងហើយទើបវាដេញខាំមនុស្សរបួសប៉ុន្មាននាក់កាលប៉ុន្មានថ្ងៃមុននេះ»។

ជុំវិញវត្តមានហ្វូងសត្វ«ស្វាន»ដែលអ្នកខ្លះអះអាងថា ជាសត្វ«ឆ្កែចចក»កំពុងចូលអុកឡុកអ្នកភូមិ រហូតដេញខាំមនុស្សឲ្យរងរបួសចំនួន០៤នាក់ជាបន្តបន្ទាប់មកនេះ បើតាមប្រភពពីប្រជាពលរដ្ឋ ដែលបានដេញវាយសត្វដ៏កាចសាហាវនេះផ្ទាល់បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទ ក៏ដូចបានរាយការណ៍ទៅកាន់មន្ត្រីមូលដ្ឋានថា ហ្វូងសត្វព្រៃនេះបានបង្ហាញខ្លួនស្ទើរគ្រប់កន្លែងនៅតាមបណ្ដាភូមិនានា ដែលស្ថិតនៅកៀកតំបន់ព្រៃរនាម ជាប់បឹងទន្លេសាប ។
អ្នកភូមិបាននិយាយថា សត្វនេះ បានចូលក្នុងភូមិ ហើយដេញខាំមនុស្ស និងដេញខាំឆ្កែក្នុងស្រុករត់ពេញភូមិ មិនហ៊ានតបតវាទេ ។ បើពិនិត្យលើសកម្មភាពសត្វស្វាននេះ មានចរិកកាចសាហវណាស់ ប្រទះអ្វីខាំហ្នឹង ។ ប្រជាពលរដ្ឋបាននិយាយថា ហ្វូងសត្វ«ស្វាន» ជាប្រភេទសត្វដែលធ្លាប់តែសំងំរស់នៅក្នុងតំបន់ព្រៃរនាម ជាប់បឹងទន្លេសាប តែពេលនេះស្ថានភាពទឹកទន្លេសាបបានហក់ឡើងខ្លាំង ធ្វើឲ្យវាបាត់បង់ទីជម្រក ទើបពួកវារត់រកទីទួល រហូតគេចចូលមកសំងំនៅក្បែរៗផ្ទះអ្នកស្រុក ហើយខ្លះទៀតបានរត់ចូលភូមិ ដេញខាំទាំងមនុស្ស ខាំទាំងសត្វចិញ្ចឹម បង្កចលាចលពេញស្រុកតែម្ដង ។

កាលពីថ្ងៃទី០៦ តុលា សត្វដ៏កាចសាហាវនេះ បានរត់គេចដាច់ឆ្ងាយពីតំបន់ទន្លេសាប រាប់សិបគីឡូម៉ែត្រ រុលចូលជ្រៅរហូតមកជិតដល់ទីប្រជុំជន ស្រុកមោងប្ញស្សីដេញខាំមនុស្សឲ្យរបួសចំនួន០៤នាក់ជាបន្តបន្ទាប់ ក្នុងនោះ មានស្ត្រីចំនួន០២នាក់ផង ។ ក្នុងចំណោមជនរងគ្រោះទាំង០៤នាក់ មាន០៣នាក់រស់នៅភូមិពោធិ៍១ និងម្នាក់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងប្ញស្សី ប៉ុន្តែបន្តិចក្រោយមក សត្វព្រៃចង្រៃមួយក្បាលនោះក៏ត្រូវអ្នកភូមិព្រូតគ្នាដេញវាយសម្លាប់តែម្ដង ។
ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ជាមួយនឹងហ្វូងសត្វព្រៃកាចសាហាវ ដែលកំពុងបាត់បង់ទីជម្រកខាងលើនេះ គិតត្រឹមរសៀលថ្ងៃទី០៧ តុលា គេមិនទាន់ឃើញមានសមត្ថកិច្ច ឬ ថ្នាក់ដឹកនាំណាម្នាក់បញ្ចេញសកម្មភាពចុះសួរនាំ ឬសួរសុខទុក្ខប្រជាពលរដ្ឋដល់មូលដ្ឋាន ដែលពួកគេកំពុងប្រឈមជាមួយនឹងពពួកសត្វព្រៃកាចសាហាវនេះនៅឡើយទេ បើទោះជាអ្នកភូមិ ឬមេភូមិមួយចំនួនបានអះអាងថា ពួកគេបានរាយការណ៍ពីវត្តមាន«សត្វកាចសាហាវ»នេះ កំពុងអុកឡុកអ្នកភូមិទាំងថ្ងៃទាំងយប់ក្ដី ។

មេភូមិទូលតាថុន លោកក្រេន សាមាន បានប្រាប់កោះសន្តិភាពថា បើតាមលោកទទួលបានព័ត៌មាននេះ ពីប្រជាពលរដ្ឋនានាដែលបានរាយការណ៍ជាបន្តបន្ទាប់ គឺមានភូមិចំនួន០៣ គឺភូមិអង្គ្រង ភូមិដូនទ្រី និងភូមិទូលតាថុន មានភូមិសាស្ត្រជាប់តំបន់ព្រៃរនាម បឹងទន្លេសាបនៅក្នុងឃុំជ្រៃ ដែលកំពុងប្រឈមនឹងវត្តមានសត្វ«ស្វាន» ចូលអុកឡុក។ លោកមេភូមិរូបនេះបានបញ្ជាក់ថា បើតាមលោកតាមដានពីសកម្មភាពសត្វព្រៃនេះ ពួកវាបានបង្ហាញខ្លួនប្រហែល០១សប្ដាហ៍កន្លងមកហើយ ស្របពេលទឹកទន្លេសាបកំពុងហក់ឡើងខ្លាំងនៅពេលនេះ ។
លោក ក្រេន សាមាន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋនៅតាមបណ្ដាភូមិខាងលើ បានប្រទះឃើញសត្វស្វាននេះ ពេលវាដេញខាំសត្វឆ្កែចិញ្ចឹម។ នៅយប់មិញមុនវាយវាងាប់ អ្នកភូមិក៏ឃើញវាដេញខាំឆ្កែនៅក្នុងភូមិខ្ញុំដែរ ផ្អើលព្រាតពេញភូមិ លុះព្រឹកឡើង ក៏ឃើញវាដេញខាំឆ្កែទៀត ទើបអ្នកភូមិ និងកម្លាំងប្រជាការពារនាំគ្នាព័ទ្ធវាយសម្លាប់តែម្ដង» ។

លោកមេភូមិទូលតាថុនបានបញ្ជាក់ដែរថា ដោយឃើញប្រជាពលរដ្ឋប្រឈមនឹងគ្រោះថ្នាក់ជាមួយនឹងសត្វកាចសាហាវចូលភូមិបែបនេះ ពេលនេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារទាំងអស់នៅក្នុងភូមិបង្កើនការប្រុងប្រយ័ត្នជានិច្ច និងធ្វើការតាមដានជាប្រចាំមិនថា យប់ឬថ្ងៃទេ ដើម្បតាមឃ្លាំមើលហ្វូងសត្វ«ស្វាន»ដ៏កាចសាហាវនេះ ។ ព្រោះបើតាមលោកដឹង ហ្វូងសត្វនេះច្រើនក្បាលណាស់ កំពុងគេចចេញពីក្នុងព្រៃរនាមដែលលិចទឹករត់រកទីទួលដើម្បីជ្រកកោន ដូននេះយើងត្រូវតែត្រៀមលក្ខណៈការពារ និងទប់ទល់ជាមួយនឹងពួកសត្វព្រៃដ៏កំណាចនេះ ។
បើតាមលោកមេភូមិបានបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកភូមិបានដេញវាយសម្លាប់សត្វព្រៃកំណាចនេះអស់ចំនួន០៣ក្បាលហើយ ខណៈវាបានវាយប្រហារមកលើមនុស្សចំនួន០៤នាក់ឲ្យរងរបួសជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ