ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ណែនាំ​ឱ្យ​បន្ត​ទប់ស្កាត់ បង្ក្រាប​គ្រឿងញៀ.ន ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ជំរុញ​ការងារ​រំដោះ​ទឹក​ចេញពី​រាជធានី

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បន្ត​ទប់ស្កាត់…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បន្ត​ទប់ស្កាត់ បង្ក្រាប​គ្រឿងញៀន ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) និង​ជំរុញ​ការ​អនុវត្ត ការងារ​រំដោះ​ទឹក​ចេញពី​មូលដ្ឋាន​ប្រជាពលរដ្ឋ និង​ចេញពី​ក្នុង​រាជធានី​ភ្នំពេញ ។

ការ​ណែនាំ​បែប​នេះ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៧ តុលា ២០២៥​នេះ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​២​ប្រភេទ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា នៅ​ក្នុងឆ្នាំនេះ គ្រោះ​ធម្មជាតិ​បាន​យាយី​ពេញ​ពិភពលោក ដូច​ជា​គ្រោះ​រញ្ជួយ​ដី ខ្យល់ព្យុះ និង​គ្រោះ​ទឹកជំនន់​ជាដើម ក្នុង​នោះ​សម្រាប់​រាជធានី​ភ្នំពេញ ក៏​បាន​ទទួល​ឥទ្ធិពល​នេះ​ផង​ដែរ នោះ​គឺ​គ្រោះ​ជំនន់​ទឹកភ្លៀង​។ ដូច្នេះ​លោក​អភិបាល​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ទាំង​១៤​ខណ្ឌ ត្រូវ​យកចិត្តទុកដាក់ ពិសេស​ជំរុញ​ការ​អនុវត្ត ការងារ​រំដោះ​ទឹក​ចេញពី​មូលដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បន្ត​ធ្វើ​ការងារ​ចុះ​ពិនិត្យ​ប្រឡាយ លូ ក្នុងភូមិ​សាស្ត្រ​ខ្លួន ហើយ​ណែនាំ​ប្រជាពលរដ្ឋ​កុំឱ្យ​បោះ​សំរាម​ចូល​លូ ប្រឡាយ នាំ​ឱ្យ​ស្ទះ ។ លោក និង​លោកស្រី ជា​អភិបាល​ខណ្ឌ សហការ​ជាមួយ​មន្ទីរ​ជំនាញ នៅ​ខែប្រាំង ស្ដារ លូ ស្ដារ​ប្រឡាយ ហើយ​ខែវស្សា នាំ​គ្នា​ចុះ​ត្រួតពិនិត្យ​ប្រឡាយ​លូ មើល​កន្លែង​ណា​ស្ទះ កាយ​បើកមុខ​ទឹក ។ មន្ត្រី​ជំនាញ ត្រូវ​ចុះ​ពិនិត្យ​រឺ​ហ្គ្រា​លូ មន្ទីរ​សាធារណការ ត្រូវ​ចាត់​ជំនាញ ជិះ​ម៉ូតូ ឡាន មើលផ្លូវ មើល​គំនូស​ចរាចរណ៍ និង​ស្លាក​សញ្ញា​ចរាចរណ៍ ដែល​ធ្លាក់​បាក់បែក ឬ​បាត់ ត្រូវ​រាយ​ការ​មក​រដ្ឋបាល​រាជធានី​ភ្លាម ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ មិនមែន​ធ្វើ​ការងារ​តែ​លើ​ការងារ​សន្តិសុខ សុវត្ថិភាព​ប៉ុណ្ណោះ​ទេ គឺ​យើង​ធ្វើ​ការងារ​គ្រប់ជំពូក​ទាំងអស់ ដើម្បី​ផលប្រយោជន៍ និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​។ ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) វា​ជា​រឿង​សំខាន់ ដែល​រាជរដ្ឋាភិបាល បាន​និង​កំពុង​យកចិត្តទុកដាក់ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ពោល​គឺ បើ​ពិនិត្យ​ឃើញ​មាន​ទីតាំង ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ត្រូវ​ចុះ​បង្ក្រាប​ភ្លាម ។

លោក ឃួ​ង ស្រេង បានឱ្យ​ដឹងផង​ដែរ​ថា ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) កម្លាំង​យើង​បង្ក្រាប​បាន​ប្រមាណ​៨០%​ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង ចំណុះ​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ពោល​គឺ​ត្រូវ​បន្ត​ការ​ចុះ​ពិនិត្យ​នៅ​តាម​បុរី និង​ខុន​ដូ ដែល​មានការ​សង្ស័យ​។ នៅ​ពេល​ចុះ​បង្ក្រាប ត្រូវ​អនុវត្ត​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ភាព​ច្បាស់លាស់ ។

លោក​បន្ត​ថា គ្រឿងញៀន​ក៏​ជា​បញ្ហា​ដ៏​ធំ​មួយ ដោយ​វា​បាន​និង​កំពុង​ចាក់​គ្រឹះ​នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដែល​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ចុះ​បង្ក្រាប ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​លោក​ស្នើ​ឱ្យ​កងរាជអាវុធហត្ថ និង​ប៉ូលិស ត្រូវ​សហការ​គ្នា​ឱ្យ​បាន​ល្អ ដើម្បី​រួម​គ្នា​លុប​បំបាត់​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ បន្ថែម​ពី​នេះ លោក ឃួ​ង ស្រេង បាន​ស្នើ​សុំ​ឱ្យ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការ​គ្នា​ឱ្យ​បាន​ល្អ​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នៅ​ពេល​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ម្តង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ