ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​កន្លែង​លក់​ផ្កា តែ​មិន​បាន​សម្រេច

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិន​បាន​សម្រេច កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១​និង​២០​នាទី ត្រង់​ចំណុច​កន្លែង​លក់​ផ្កា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិន​បាន​សម្រេច កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១​និង​២០​នាទី ត្រង់​ចំណុច​កន្លែង​លក់​ផ្កា ស្ថិត​នៅ​ផ្លូវ​៥០​ម៉ែត្រ ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ៖
១.​ឈ្មោះ គៀង ចៅ​សំ ហៅ​ជ័យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
២.​ឈ្មោះ ម៉ែ​ន វិចិត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហួ​ន ច​ន្ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​A០៨ ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​នគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ត្រង់​ចំណុច​កា​រ៉ា​ស់​សាំង​តេ​លា ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត វត្ថុ​តាង​ចាប់​យក ៖ ១.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1BU-0529 ។ ២.​ម៉ូតូ​ម៉ាក ToDay ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1GG-0993 ចំនួន​០១​គ្រឿង ។ ៣.​ទូរ​សព្ទ​ដៃ​ម៉ាក​OPPO ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង ។

នគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១​និង​០០​នាទី ជន​រង​គ្រោះ​ឈ្មោះ ហួ​ន ច​ន្ធី បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1BU-0529 ដើម្បី​ទៅ​ទិញ​ដើម​ផ្កា និង​ដី នៅ​កន្លែង​លក់​ផ្កា ដែល​ស្ថិត​នៅ​ភូមិ​ប្រការ​ខាងលើ​។ ខណៈនោះ ជន​រង​គ្រោះ​ទុក​ម៉ូតូ​ម៉ាក​ខាងលើ នៅ​មុខ​កន្លែង​លក់​ផ្កា ពុំ​បាន​ដក​កូនសោ​ម៉ូតូ​ចេញពី​ម៉ូតូ​ទេ រួច​បាន​ដើរទៅ​យក​លុយ​អាប់​ពី​អ្នកលក់​ផ្កា មាន​ចម្ងាយ​ពី​ម៉ូតូ​ប្រហែល​០៧​ម៉ែត្រ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ គៀង ចៅ​សំ ហៅ ជ័យ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​។ ឃើញ​ដូចនេះ ជន​រង​គ្រោះ ក៏​បាន​ស្រែ​កថា ចោរ​ៗ ហើយ​រត់​ដេញ​តាម​ពីក្រោយ រហូត​ដល់​មុខ​ផ្ទះ​របស់​ខ្លួន បាន​យក​រថយន្ត ដែល​ចត​នៅ​មុខ​ផ្ទះ​ស្រាប់ បើក​ដេញ​តាម រហូត​ដល់​ផ្លូវ​ច្រមុះជ្រូក​វត្ត​ហា ស្ថិត​នៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជនសង្ស័យ​ក៏​បាន​ផ្ដួល​ម៉ូតូ​ជន​រង​គ្រោះ​ចោល​រត់គេច​ខ្លួន ហើយ​ជន​រង​គ្រោះ ក៏​ចុះ​ពី​រថយន្ដ​រត់​ដេញ​តាម​ពីក្រោយ ស្រែក​ចោរ​ៗ ហើយ​កម្លាំង​សមត្ថកិច្ច ដែល​ជិះ​ម៉ូតូ​ល្បាត បាន​ជួយ​អន្ដរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ព្រមទាំង​រហូត​ម៉ូតូ​របស់​ជន​រង​គ្រោះ ត្រឡប់​មក​វិញ​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​តាម​រយៈ​ការ​ឆ្លើយ​សារភាព សមត្ថកិច្ច​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​បក្ខពួក​ម្នាក់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ