ខេត្តកំពង់ចាម ៖ គ្រោះធម្មជាតិបាក់ច្រាំងទន្លេមេគង្គ បានបង្កឲ្យមានផលប៉ះពាល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន មានចំនួនរហូតដល់៩ខ្នងផ្ទះឯណោះ ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរមូលដ្ឋានបានចុះពិនិត្យមើលដោយផ្ទាល់ជាមួយនោះ គឺច្រាំងបានបាក់មកកាន់តែកៀកផ្ទះដោយខ្លាចគ្រោះថ្នាក់ពួកគាត់បានបង្ខំចិត្តរុះរើ ដើម្បីទៅកាន់ទីតាំងថ្មីឆ្ងាយមានសុវត្ថិភាព ។

លោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិនប្រាប់ឲ្យដឹងថា នៅតាមភូមិឋាននានាពីមុនជាប្រភេទផ្លូវដីដែលមានផលវិបាកក្នុងការធ្វើដំណើរខែប្រាំងហុយ និងរដូវវស្សាបែកភក់ ។ដោយមើលឃើញតែលំបាកនេះ អាជ្ញាធរបានអភិវឌ្ឍន៍ស្ថាបនាផ្លូវបេតុងចាប់តាំងពីអំឡុងឆ្នាំ២០១៩ បានរហូតរាប់ពាន់ម៉ែត្រស្ទើរតែពេញឃុំកោះសូទិនទាំងមូលទៅហើយ។

លោកស្រីមេឃុំកោះសូទិនបន្តឲ្យដឹងទៀតថា ដោយសារកត្តាគ្រោះធម្មជាតិច្រាំងទន្លេបានចាប់ផ្ដើមបាក់បន្តបន្ទាប់បន្តិចម្ដងៗ ចូលមកកាន់លំនៅឋានពលរដ្ឋក្នុងឆ្នាំ២០២២ មកដល់ឆ្នាំ២០២៥ នេះ គឺផ្ទះឈើរបស់ពលរដ្ឋត្រូវបានរុះរើរួចរាល់ទាំងស្រុងចំនួន៦ខ្នងដោយនៅសល់ចំនួន៣ខ្នងទៀត ក្នុងនោះ មានម្ចាស់ខ្លះបិទទ្វារផ្ទះចោលរស់នៅភ្នំពេញ តែអាជ្ញាធរបានជូនដំណឹងរួចរាល់ហើយដែរ ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៥ លោកស្រីបានដឹកនាំប្រធានភូមិក្រុមប្រឹក្សាឃុំជាច្រើននាក់ ដើម្បីចុះទៅត្រួតពិនិត្យជាមួយនោះ ក៏បាននាំយកថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទៅឧបត្ថម្ភចំនួន៤គ្រួសារ រួមមាន ៖
១-លោក ថាយ អេង អាយុ៧៧ឆ្នាំ និងប្រពន្ធឈ្មោះ ដោក សៅលី អាយុ៧០ឆ្នាំ នៅភូមិទី៤ ត្រូវរុះរើផ្ទះគេចចេញពីទីតាំងបាក់ច្រាំងទន្លេ ឧបត្ថម្ភថវិកា ១,០០០,០០០រៀល ។ ដោយឡែក សម្ដេចក៏បានជួយឧបត្ថម្ភប្រជាពលរដ្ឋដែលមានជំងឺទើបចេញពីមន្ទីរពេទ្យចំនួនបីនាក់ទៀតដែលត្រឡប់មកផ្ទះវិញក្នុងនោះមាន៖

២-លោកស្រី អួន សាវ៉េន អាយុ៧៧ឆ្នាំ នៅភូមិទី១៤ មានជំងឺលេីសឈាមស្លាប់មួយចំហៀងខ្លួន ឧបត្ថម្ភថវិកា ២០០,០០០រៀល
៣-លោកស្រី ម៉ាត់ ម៉ៃស្មះ អាយុ៦៥ឆ្នាំ មានជំងឺសួតធ្ងន់ធ្ងរ កំពង់សម្រាកព្យាបាលនៅផ្ទះ ឧបត្ថម្ភថវិកា ២០០,០០០រៀល
៤-លោកស្រី លី សាវឿន អាយុ៥២ឆ្នាំ មានជំងឺរលាកសួតធ្ងន់ធ្ងរ កំពង់សម្រាកព្យាបាលនៅផ្ទះ ឧបត្ថម្ភថវិកា ២០០,០០០រៀល។ លោកស្រីមេឃុំបានបញ្ជាក់ថាច្រាំងទន្លេបានបាក់ផ្លូវបេតុងអស់ចំនួនបីផ្ទាំងដោយក្នុងមួយផ្ទាំងមាន ៦ម៉ែត្រសរុប១៨ម៉ែត្រ កត្តាដែលបាក់នេះដោយសារនៅភូមិថ្មី ទីនោះដុះដីធ្វើឱ្យចរន្តទឹកហូរបុកមកចំភូមិទី៤ ដែលនៅខាងក្រោមទើបបណ្ដាលឲ្យបាក់ដូច្នេះ ។



ចែករំលែកព័តមាននេះ