ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ណែនាំ​ចៅក្រម​ព្រះរាជអាជ្ញា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចាត់ការ​សំណុំរឿង​ឱ្យ​បាន​ម៉ឺងម៉ាត់ ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ច្បាប់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ទី​១ នៃ​ឧត្តម​ក្រុមប្រឹក្សា ​នៃ​អង្គចៅក្រម…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ទី​១ នៃ​ឧត្តម​ក្រុមប្រឹក្សា ​នៃ​អង្គចៅក្រម បាន​ណែនាំ​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ​ក្នុង​ការ​ចាត់ការ​សំណុំរឿង​ឱ្យ​បាន​ម៉ឺងម៉ាត់ ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ​។

ការ​លើក​ឡើង​របស់​ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​របស់ ឯកឧត្តម សៀង សុខ ជា​ព្រះរាជអាជ្ញា ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ជំនួស ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ដែល​ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី បាន​គូស​រំលេច​អំពី​ក្រប​ខណ្ឌ​គោលនយោបាយ ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា រួម​មានការ​កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ការ​កែទម្រង់​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ។

ទន្ទឹម​នេះ ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រង ក្រឡាបញ្ជី និង​មន្ត្រី​តុលាការ​ទាំងអស់​ នៅ​តាម​សាលា​ជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលា​ជម្រះក្តី​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង និង​ការ​ដឹកនាំ​អង្គភាព និង​ស្ថាប័ន​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់ អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​បំផុត​ទាំង ៥ ចំណុច របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់​”​។
លើស​ពី​នេះ​ត្រូវ​ពង្រឹង​ឱ្យ​បាន​នូវ​គុណភាព​ នៃ​ការ​ចាត់ការ​សំណុំរឿង​ ដែល​ខ្លួន​កំពុង​ទទួល​បន្ទុក ឱ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ច្បាប់ និង​នីតិវិធី ជា​ពិសេស ត្រូវ​ខិតខំ​ពង្រឹងគុណភាព​ នៃ​ការ​សរសេរ​សាលក្រម​/​សាលដីកា​ឱ្យ​បាន​ឆាប់រហ័ស​ ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ ងាយ​យល់ និង​មាន​សំអាង​ហេតុ និង​សំអាង​ច្បាប់​ច្បាស់លាស់ និង​គ្រប់គ្រាន់​ ។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​ក៏​បាន​ឲ្យ​ប្រធាន​សាលាដំបូង និង​ចៅក្រម ដែល​ត្រូវ​ផ្លាស់​ទៅ​បំពេញការងារ​នៅ​សាលាដំបូង​ផ្សេង ត្រូវ​យកចិត្តទុកដាក់​រៀបចំ​សាលក្រម​/​សាលដីកា​ដែល​នៅ​សេសសល់​ឱ្យ​បាន​រួចរាល់​មុន​ចាកចេញ ចំពោះ​សំណុំរឿង​ដែល​ខ្លួន​បាន​ប្រកាស​រួច​។​ត្រូវ​បន្ត​ចូលរួម​ឱ្យ​បាន​កាន់តែ​សកម្ម និង​ស្វាហាប់ ក៏​ដូច​ជា​ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ពេញលេញ​បន្ថែម​ទៀត ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​ទាំង ២ គឺ យុទ្ធនាការ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្ដី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ ​។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា​ព្រះរាជអាជ្ញា ត្រូវ​ក្តាប់​ឱ្យ​បាន​នូវ​នយោបាយ​ព្រហ្មទណ្ឌ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ចំណែកឯ ចៅក្រម​ត្រូវ​ផ្តន្ទាទោស​ឱ្យ​បាន​ម៉ឺងម៉ាត់​ស្រប​តាម​បន្ទាត់នយោបាយ​ព្រហ្មទណ្ឌ​។​ត្រូវ​គោរព​វិន័យ​ការងារ និង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ចាត់ការ​សំណុំរឿង​ឱ្យ​បាន​ម៉ឺងម៉ាត់ ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​ ។

ត្រូវ​ចូលរួម​លើកកម្ពស់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម ទាំង​ក្នុង​ពេល​បំពេញការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដែល​ជា​កត្តា​រួមចំណែក​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​។

ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​, ក្រុមប្រឹក្សា​ខេត្ត​, អាជ្ញាធរ​ដែនដី​, មន្ទីរ​, អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ផ្នែក គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ដែល​បាន​ផ្តល់​នូវ​ការ​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ក៏​ដូច​ជា​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ