ខេត្តក្រចេះ ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗនេះ អាជ្ញាធរស្រុកចិត្របុរី ខេត្តក្រចេះ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រភេទអុសចម្រុះ និងទីតាំងឡធ្យូងខុសច្បាប់ ទ្រង់ទ្រាយធំមួយនៅចំណុចភូមិល្អ ឃុំចង្ក្រង់ ក្រោមការដឹកនាំដោយផ្ទាល់របស់លោក សន ស៊ីដែន អភិបាលរងស្រុក ។
ប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ និងលុបបំបាត់ការកាប់បំផ្លាញព្រៃឈើ និងការប្រមូលផ្តុំវត្ថុធាតុដើមឈើខុសច្បាប់ដើម្បីដុតយកធ្យូង ចែកចាយទៅលើទីផ្សារ ។
យោងតាមសមត្ថកិច្ចចម្រុះ ដែលបានចូលរួមក្នុងប្រតិបត្តិការខាងលើ បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបានចុះបង្ក្រាប និងរកឃើញទីតាំងឡធ្យូងចំនួន ៦កន្លែង ដែលកំពុងដំណើរការយ៉ាងសកម្មក្នុងការប្រមូលអុសព្រៃយកមកដុត។ ឡធ្យូងទាំងនោះ ត្រូវបានគេស្គាល់ថា ជារបស់ម្ចាស់ចំនួន ៦ នាក់ រួមមាន ៖ ១.ឈ្មោះ ទន សេម ២. ឈ្មោះ ស៊ីម សុខលេង ៣. ឈ្មោះ អឿន សុខណេង ៤. ឈ្មោះ មឿន ថាច ៥. ឈ្មោះ ភ័ក្រ សុភាព ៦. ឈ្មោះ ញៀន ថា ។
ទាក់ទិនករណីខាងលើនេះ លោក សន ស៊ីដែន អភិបាលរង ស្រុកចិត្របុរី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១ ខែធ្នូនេះថា មកទល់បច្ចុប្បន្ន ប្រតិបត្តិការចុះបង្ក្រាប និងអនុវត្តនីតិវិធីច្បាប់នៅទីតាំងទាំងនោះ មិនទាន់ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរនៅឡើយទេ ។ ក្រុមការងារចម្រុះ កំពុងបន្តអនុវត្តការងាររបស់ខ្លួន ដើម្បីដកហូតវត្ថុតាង រៀបចំឯកសារពាក់ព័ន្ធ និងចាត់ការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំង ដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិទាំងនេះ ។
ពាក់ព័ន្ធក្នុងការចុះបង្ក្រាបនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការការពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសព្រៃឈើ ដែលជាកត្តារួមចំណែកដល់ការបំផ្លាញបរិស្ថាននៅក្នុងតំបន់ ៕

ចែករំលែកព័តមាននេះ