រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលមានសភាពហើមស្អុយទៅហើយ ត្រូវបានបុរសជាគូរស្នេហ៍ទូរស័ព្ទចូលជាច្រើនដងមិនលើក ក៏ឡើងទៅគោះទ្វារហៅមិនឆ្លើយទើបគាស់បង្អួចមើល ស្រាប់តែប្រទះឃើញដេកស្លាប់ ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី ០២ ខែធ្នូឆ្នាំ២០២៥ នៅបន្ទប់ជួលជាន់ទី២ តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសជាគូស្នេហ៍មានឈ្មោះ ចក់ ថាញ់ អាយុ៤៦ឆ្នាំ មុខបរម៉ៅការសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
សពស្ត្រីរងគ្រោះឈ្មោះ ផល វ៉ែន អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកើតហេតុ មានស្រុកកំណើតនៅភូមិចំបក់ ឃុំរោង ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ។
បើតាមបុរសជាគូរស្នេហ៍បានអោយដឹងថា ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយមានកូនប្រុសម្នាក់ បន្ទាប់ពីលែងលះគ្នាជាមួយប្តីដើមរួចមក រូបគាត់បានស្រលាញ់គ្នារស់នៅជាមួយស្ត្រីរងគ្រោះបានរយៈពេល៣ឆ្នាំមិនបានរៀបការនិងពុំមានកូនជាមួយគ្នានោះឡើយ។ចំណែកឯកូនប្រុសនៅជាមួយជីដូនឯខេត្តត្បូងឃ្មុំ។
បុរសជាគូរស្នេហ៍បានប្រាប់អោយដឹងថា កាលពីព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រូបគាត់បានជិះម៉ូតូមួយគ្រឿងឌុបស្ត្រីរងគ្រោះទៅធ្វើការនៅរោងចក្រក្បែរកន្លែងកើតហេតុរួចរូបគាត់បានបន្តដំណើរជិះទៅធ្វើការនៅឯខេត្តកោះកុងរហូតដល់យប់ថ្ងៃទី ២៩ ខែឆ្នាំដដែល ស្ត្រីរងគ្រោះបានឆាតរូបគាត់តាមឆាតហ្វេសបុកកំពុងដាក់សេរ៉ូមអោយគាត់មើលហើយបានប្រាប់គាត់ថាមិនសូវស្រួលខ្លួនមានអាការៈថប់ៗដង្ហើមម៉េចទេហើយបានប្រាប់គាត់ថានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ អោយរូបគាត់ត្រឡប់មកពីធ្វើការងារនៅឯខេត្តកោះកុងមកភ្នំពេញវិញ ដើម្បីទៅការក្មួយនៅថ្ងៃទី៣ ខែធ្នូ នៅឯខេត្តត្បូងឃ្មុំហើយក៏បានបិទទូរស័ព្ទ។
បុរសនោះអោយដឹងទៀតថា រហូតដល់ល្ងាចថ្ងៃទី ១ ខែធ្នូ រូបគាត់បានខលទូរស័ព្ទទៅស្ត្រីរងគ្រោះជាច្រើនដងប៉ុន្តែមិនលើកឆ្លើយតបទេ រូបគាត់នឹកស្មានថាស្ត្រីរងគ្រោះរវល់ធ្វើការថែមម៉ោងទើបមិនបានលើកទូរស័ព្ទគាត់រហូតដល់ថ្ងៃកើតហេតុរូបគាត់បានខលទូរស័ព្ទម្តងទៀតចូលហើយមិនលើកឆ្លើយតបទៀត ។ ខណៈពេលរូបគាត់ជិះម៉ូតូមកបន្ទប់ជួលរូបគាត់បានឡើងទៅដល់បន្ទប់ជួលស្រាប់តែឃើញទ្វារបន្ទប់អត់ចាក់សោពីខាងក្រៅទេហើយឃើញភ្លើងបើកក្នុងបន្ទប់ទឹកក៏ប៉ុន្តែបិទភ្លើងកន្លែងសម្រាក់រួចហើយរូបគាត់ស្រែកហៅនិងគោះទ្វារយ៉ាងណាក៏មិនលឺឆ្លើយតបហើយមានធំក្លិនស្អុយចេញមកខាងក្រៅ។
បន្ទាប់មករូបគាត់បានគាស់បង្អូចទើបឃើញស្ត្រីគ្រោះដេកស្លាប់មានសភាពហើមស្អុយទៅហើយមិនដឹងថា ស្លាប់តាំងពីពេលណាបង្កអោយមានការភ្ញាក់ផ្អើលរាយការណ៍អោយសមត្ថកិច្ចជំនាញចុះមកពិនិត្យ ៕









ចែករំលែកព័តមាននេះ