ទីក្រុងតេអេរ៉ង់៖ មេដឹកនាំកំពូលថ្មីរបស់ប្រទេសអ៊ីរ៉ង់ លោកម៉ុចតាបា ខាមេនី (Mojtaba Khamenei) (ដែលត្រូវជាកូនប្រុសរបស់លោកអាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei)) មិនបានដឹងថាសង្គ្រាមកំពុងតែកើតឡើងនៅក្នុងប្រទេសរបស់លោកទេ ហើយក៏មិនបានដឹងថាលោកត្រូវបានគេតែងតាំងជាមេដឹកនាំកំពូលនោះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើន។ ប្រភពខ្លះអះអាងថាលោកម៉ុចតាបាស្ថិតនៅក្នុងគេហដ្ឋានជាមួយនឹងឪពុករបស់លោកនៅថ្ងៃដែលអាមេរិក និងអ៊ីស្រាអែលចាប់ផ្ដើមបើកប្រតិបត្តិការសឹកកាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ចំណុចមួយទៀតដែលគេដឹងគឺថាលោកកំពុងរងរបួសធ្ងន់ធ្ងរ និងសន្លប់បាត់ស្មារតីសម្រាកនៅលើគ្រែពេទ្យជាប់រហូត។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់អះអាងថាលោកម៉ុចតាបាបានចេញសេចក្ដីថ្លែងការណ៍ជាលើកដំបូងកាលពីប៉ុន្មានថ្ងៃមុន។ ប៉ុន្តែនោះជាសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរនៅលើក្រដាសតែប៉ុណ្ណោះ។ ពោលគឺលោកម៉ុចតាបាមិនបានបង្ហាញមុខជាសាធារណៈនោះឡើយ។

លោកម៉ុចតាបា ខាមេនី សព្វថ្ងៃនេះមានអាយុ៥៦ឆ្នាំ នៅតែបន្តសម្លប់បាត់ស្មារតីនៅឯមន្ទីរពេទ្យសាកលវិទ្យាល័យស៊ីណា (Sina University Hospital)។ នេះបើយោងតាមប្រភពពីមន្ត្រីម្នាក់នៅទីក្រុងតេអេរ៉ង់។ ដោយសារស្ថានភាពរបួសបែបនេះហើយទើបធ្វើឱ្យលោកម៉ុចតាបាមិនអាចក្ដាប់សភាពការណ៍អ្វីទាំងអស់ពាក់ព័ន្ធនឹងសង្គ្រាមដែលកំពុងឆាបឆេះនៅលើមាតុភូមិរបស់លោក។ គាត់មិនបានដឹងទេថាសមាជិកគ្រួសាររបស់គាត់រួមទាំងប្រពន្ធ និងកូនរបស់គាត់បានស្លាប់ ហើយក៏មិនបានដឹងទេថាលោកត្រូវគេតែងតាំងជាមេដឹកនាំកំពូលថ្មី។ នេះបើយោងតាមប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះ។

តាមដឹងមកថាលោកម៉ុចតាបារងរបួសធ្ងន់ធ្ងរ និងកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ លោកត្រូវបានការពារដោយភ្នាក់ងារសន្តិសុខជាច្រើននាក់។ ទីតាំងមួយភាគធំនៅមន្ទីរពេទ្យត្រូវបានបិទ មិនអនុញ្ញាតឱ្យមនុស្សចេញ-ចូលទេដើម្បីការពារសន្តិសុខជូនលោកម៉ុចតាបា។ គ្មានប្រភពច្បាស់ការណ៍ណាបញ្ជាក់ថាលោកម៉ុចតាបារងរបួសដោយសារការវាយប្រហារទៅលើគេហដ្ឋានរបស់ឪពុកលោក ឬយ៉ាងណាទេ។ ប្រភពមួយទៀតបានប្រាប់សារព័ត៌មានដឹសាន់ (The Sun) របស់អង់គ្លេសតាមសារសម្ងាត់ថា «លោកម៉ុចតាបាត្រូវកាត់ជើងម្ខាង ឬទាំងសងខាង, ថ្លើម ឬក្រពះរបស់គាត់បានធ្លាយ, ឥឡូវនេះ គាត់កំពុងសន្លប់ធំ»។ ប្រភពដដែលនោះបង្ហើបឱ្យដឹងទៀតថាលោកម៉ុចតាបាកំពុងស្ថិតនៅក្រោមការព្យាបាល និងមើលថែទាំដោយផ្ទាល់ដៃពីរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ លោកមហាម៉ាត់ រ៉េហ្សា ហ្សាហ្វាហ្កាន់ឌី (Reza Zafarghandi)។

កាលពីមុននេះបន្តិច រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកភីត ហេកសឹត (Pete Hegseth) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដោយការជឿជាក់ថាលោកម៉ុតតាបាទំនងជារងរបួស។ លោកទទួលដំណឹងថាមេដឹកនាំកំពូលថ្មីរូបនេះរងរបួស ហើយទំនងជាពិការនៅលើរាងកាយថែមទៀតផង។ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ជាច្រើននាក់ទទួលស្គាល់ថាមេដឹកនាំថ្មីរូបនេះពិតជារងរបួសមែន។ ប៉ុន្តែពួកគេមិនបានផ្ដល់សេចក្ដីពន្យល់លម្អិតអំពីបញ្ហានេះទេ។ សារព័ត៌មានខ្លះចុះផ្សាយថារហូតមកដល់ពេលនេះ មេបញ្ជាការកងទ័ពអ៊ីរ៉ង់មិនដែលបានទទួលបញ្ជាម្ដងណាទេពីមេដឹកនាំកំពូលថ្មីរូបនេះ។

មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់ថ្លែងប្រាប់សារព័ត៌មានតេឡេក្រាហ្វ (The Telegraph) ថា «គ្មាននរណាទទួលដំណឹងអំពីលោកម៉ុចតាបាទេ ទោះបីគាត់រស់ ឬស្លាប់ ឬរងរបួសធ្ងន់កម្រិតណាគឺគ្មានអ្នកណាដឹងទាល់តែសោះ»។ មន្ត្រីដដែលនេះថ្លែងបន្តទៀតថា «យើងគ្រាន់តែដឹងថាគាត់ត្រូវរបួស។ គាត់មិនអាចគ្រប់គ្រងសភាពការណ៍ស្រុកទេសនៅពេលកំពុងមានសង្គ្រាមនោះទេ។ មេបញ្ជាការកងទ័ពអ៊ីរ៉ង់ទាំងអស់ក៏មិនបានទទួលដំណឹងអ្វីសោះអំពីគាត់»៕ ប្រភព៖ ដេលី ម៉េល (Daily Mail) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ