ទីក្រុងសេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងឆ្លើយតបយ៉ាង ម៉ឺងម៉ាត់ និងដាច់ខាត ចំពោះការទាមទារកម្មសិទ្ធិជាថ្មីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊េ តាកាអ៊ីឈិ លើកោះដុកដូ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី១៣ ខែមីនានេះ។
រដ្ឋការក្រុងសេអ៊ូល បានសង្កត់ធ្ងន់ថា កោះនេះគឺជាទឹកដីស្របច្បាប់របស់កូរ៉េខាងត្បូងទាំងផ្នែក ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ រួមទាំងច្បាប់អន្តរជាតិហើយការទាមទាររបស់ជប៉ុនគឺជាការបដិសេធចំពោះប្រវត្តិសាស្ត្រអាណានិគមដ៏ឈឺចាប់។
ជម្លោះដណ្តើមដែនកោះដែលជប៉ុនហៅថា តាកេស៊ីម៉ា នេះ បានផ្ទុះកម្តៅឡើងវិញ បន្ទាប់ពីលោកស្រី តាកាអ៊ីឈិ បានថ្លែងក្នុងទិវាតាកេស៊ីម៉ា កាលពីថ្ងៃព្រហស្បតិ៍ថា ជប៉ុននឹងប្រាប់ទៅសហគមន៍អន្តរជាតិឱ្យបានច្បាស់ថា កោះទាំងនោះគឺជាទឹកដីរបស់ជប៉ុន។ កូរ៉េខាងត្បូងបានគ្រប់គ្រងកោះដុកដូយ៉ាងពេញលេញចាប់តាំងពីទទួលបានឯករាជ្យពីអាណានិគមជប៉ុនក្នុងឆ្នាំ ១៩៤៥ ប៉ុន្តែជប៉ុននៅតែបន្តប្រារព្ធទិវាទាមទារកម្មសិទ្ធិនេះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៥ មក ដែលបង្កឱ្យមានភាពតានតឹងផ្នែកការទូតឥតឈប់ឈររវាងប្រទេសជិតខាងទាំងពីរ៕
ចែករំលែកព័តមាននេះ