(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីខ្យល់មូសុង ដែលបង្កឱ្យមានអាកាសធាតុក្តៅហួតហែង លាយឡំជាមួយភ្លៀងកក់ខែតិចតួចនៅតាមបណ្តាតំបន់មួយចំនួន។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់វាលទំនាប និងតំបន់ខ្ពង់រាប សីតុណ្ហភាពអតិបរមាអាចហក់ឡើងខ្ពស់រហូតដល់ ៣៦អង្សាសេ។ ទន្ទឹមនឹងអាកាសធាតុក្តៅខ្លាំងនេះ ខេត្តមួយចំនួនដូចជា បាត់ដំបង ពោធិ៍សាត់ កណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ ប៉ៃលិន និងរតនគិរី អាចនឹងមានភ្លៀងធ្លាក់តិចតួច លាយឡំជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ ក៏អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ១៥%ផងដែរ។ ចំពោះស្ថានភាពរលកសមុទ្រវិញ គឺមានកម្ពស់មធ្យមចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,០០ ម៉ែត្រ ដែលជាលក្ខណៈធម្មតាសម្រាប់ការធ្វើដំណើរតាមផ្លូវទឹក។
អាស្រ័យហេតុនេះ សាធារណជនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលធាតុអាកាស ជាពិសេសត្រូវថែរក្សាសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនេះ៕
ចែករំលែកព័តមាននេះ