ខេត្តបាត់ដំបង ៖ ទំនងម៉ៅការធ្វើផ្ទះ ចំណេញតិចពេកចែកគ្នាចាយមិនគ្រប់ ក៏បបួលបន្ថែមមុខរបរងាយៗមួយទៀត គឺ «ធ្វើផ្ទះបណ្ដើរជូញដូរថ្នាំញៀនបណ្ដើរ» តែភ្លេចខ្លួន ក៏ត្រូវកម្លាំងសមត្ថកិច្ច
ស៊ើបដឹង ឆ្មក់ចូលទៅបង្ក្រាបរហូតឃាត់ខ្លួនបានចំនួន០៥នាក់ (សុទ្ធតែក្រុមជាង) ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងនៅកន្លែងធ្វើការងារ កាលពីរសៀលថ្ងៃទី ១៣ មីនា នៅចំណុចភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ថែមទាំងដកហូតបានវត្ថុតាងមួយចំនួនផង ។

យោងតាមរបាយការណ៍មន្ត្រីផ្នែកគ្រឿងញៀននៃអធិការស្រុកបាណន់បានឱ្យដឹងថា ជនសង្ស័យទាំង០៥នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ជ័័យ វិសាល ភេទប្រុស អាយុ៣៩ឆ្នាំ ២-ឈ្មោះ ស៊ុំ មិនា ភេទប្រុស អាយុ៣៨ឆ្នាំ ៣-ឈ្មោះ ធឿន ហ៊ា ភេទប្រុស អាយុ៣៣ឆ្នាំ ៤-ឈ្មោះ រី រ៉េន ភេទប្រុស អាយុ៤០ឆ្នាំ ទាំង០៤នាក់នេះ រស់នៅភូមិទូលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ និង ៥-ឈ្មោះ សួង ធេន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកបាណន់ ។

បើតាមរបាយការណ៍ ក្រុមនេះ មានមុខរបរជាជាងធ្វើផ្ទះ តែត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះឃាត់ខ្លួនពីបទ «រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់» ខណៈដែលក្រុមជាងផ្ទះនេះ បាននិងកំពុងប្រព្រឹត្តជាក់ស្ដែង ទាំងកណ្ដាលថ្ងៃនៅកន្លែងធ្វើការងារ ។ ជាមួយនឹងការឃាត់ខ្លួនក្រុមជាងធ្វើផ្ទះនេះ មន្ត្រីជំនាញដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន០៥ថង់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

សមត្ថកិច្ចបាននិយាយថា តាមពិតក្រុមនេះ សុទ្ធតែក្រុមជាងសាងសង់ផ្ទះ តែពួកគេបែរជាបែកគំនិតបបូលគ្នាបន្ថែមមុខរបរថ្មីមួយទៀត គឺ «ជួញដូរគ្រឿងញៀន» ។ មិនត្រឹមតែជួញដូរទេ ពួកគេក៏ជាអ្នកសេបគ្រឿងញៀនដែរ ។ បានន័យថា លក់ដូរឲ្យអតិថិជនផង ប្រើប្រាស់ខ្លួនឯងផង ។ ពេលនេះ មន្ត្រីជំនាញបាននិងកំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធីហើយ ៕
ចែករំលែកព័តមាននេះ