ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​វៀតណាម​២៧​នាក់ និង​ខ្មែរ​ម្នាក់ ពាក់ព័ន្ធ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ខណ្ឌ​ច្បារ​អំពៅ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី​០៦​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ ឆែកឆេរ នៅ​ចំណុច​ផ្ទះ​លេខ​២N បុរី Park…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី​០៦​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ ឆែកឆេរ នៅ​ចំណុច​ផ្ទះ​លេខ​២N បុរី Park villa ផ្លូវ​បេតុង ភូមិ​ព្រែក​ជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ក្រោម​ការ​សង្ស័យ​ថា មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ។

គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រតិបត្តិការ​នេះ នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​សង្ស័យ​ខាងលើ ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​អំពី​ការ​ឆបោក បែប​លោង​លោម​ស្នេហា និង​កំហែង​ទារប្រាក់ រហូត​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់​ពាក់ព័ន្ធ​នឹង ការ​ប្រព្រឹត្ត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ខាងលើ​នេះ ។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២៨​នាក់ មាន​ជនជាតិ​វៀតណាម​ចំនួន​២៧​នាក់ (​ស្ត្រី​០៦​នាក់​) និង​បុរស​ជនជាតិ​ខ្មែរ​ចំនួន​០១​នាក់​។
ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ក៏​បាន​រឹបអូស​សម្ភារៈ ជា​វត្ថុ​តាង​រួម​មាន​ម៉ូនីទ័រ ចំនួន ៣៩​គ្រឿង ស៊ី​ភី​យូ ចំនួន ១១​គ្រឿង​, ទូរ​សព្ទ​ចំនួន​១០០​គ្រឿង និង​ស៊ី​មកា​ត​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ក្រោយ​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ បច្ចុប្បន្ន​កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​វែកមុខ និង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មេខ្លោង នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ខណៈ​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ ចំណែកឯ ទីតាំង​ខាងលើ ត្រូវ​បាន​បិទ​បណ្តោះអាសន្ន ។

សូម​បញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូ​ទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ