រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានកោតសរសើរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា និងបានអះអាងជាថ្មី ពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ។
យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងការបទេសកម្ពុជាពីលទ្ធផល នៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នៅព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ទស្សនកិច្ចនេះ បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វែងរកវិស័យថ្មីៗថែមទៀតសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ។
ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម វីនស្ពាន ភីធឺរ បានចូលជួបសម្ដែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានជួបពិភាក្សាជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ។
ក្នុងឱកាស នៃជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តម វីនសុន ភីធឺរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែង នៃប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ជាថ្មីពីការបន្តពង្រឹងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រទេសទាំងពីរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម វីនស្តុន ភីធឺរ បានជួបពិភាក្សាយ៉ាងស៊ីជម្រៅ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលគ្របដណ្តប់ លើវិស័យជាច្រើន ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរម្លឹកដោយអំណរគុណនូវការរួមចំណែករបស់ប្រទេសនូវែលសេឡង់ចំពោះដំណើរការស្វែងរកសន្តិភាព និងការស្ដារកម្ពុជាឡើងវិញ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងការអភិវឌ្ឍធនធានមនុស្ស។ ភាគីនូវែលសេឡង់ បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្មកម្ពុជា ។
ចំពោះកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការរក្សាការប្រាស្រ័យទាក់ទងគ្នាជាប្រចាំនៅគ្រប់កម្រិត ដើម្បីធ្វើឱ្យទំនាក់ទីកាន់តែស៊ីជម្រៅ និងរិះរកវិស័យថ្មីៗ នៃកិច្ចសហប្រតិបត្តិការ ។
ភាគីទាំងពីរ ក៏បានស្វាគមន៍ការរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការបរទេសកម្ពុជា និងនូវែលសេឡង់ ដែលបានប្រព្រឹត្តទៅ ដោយជោគជ័យ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងវែលីងតោន និងបានឯកភាពគ្នាបន្ត ជំរុញការប្រើប្រាស់យន្តការសន្ទនានយោបាយនេះឱ្យបានទៀងទាត់ ។
ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដោយទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធអនឡាញ គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិ ដែលទាមទារឱ្យមាន កិច្ចសហប្រតិបត្តិការក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងបានឯកភាពធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មទាំងនេះ ។
ក្នុងវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាថា ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់សក្តានុពលដែលមាន ដើម្បីលើកកម្ពស់ ពាណិជ្ជកម្ម ជាពិសេស ក្នុងវិស័យកសិកម្ម បង្កើនរំហូរវិនិយោគ និងជំរុញការបំពេញបន្ថែមឱ្យគ្នាក្នុងវិស័យសេដ្ឋកិច្ច ។
ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន នៅតែជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងទ្វេភាគី។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃវិស័យទេសចរណ៍ សម្រាប់ចូលរួមលើកកម្ពស់ ការយល់ដឹងពីគ្នាទៅវិញទៅមក និងបង្កើនកំណើនសេដ្ឋកិច្ច ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយដ៏យូរអង្វែងរបស់នូវែលសេឡង់ ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីបណ្តុះបណ្តាលរយៈពេលវែង និងខ្លី ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ។
ក្រៅពីកិច្ចពិភាក្សាទ្វេភាគី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តម វីនស្តុន ភីធឺរ អំពីការវិវឌ្ឍថ្មីៗពាក់ព័ន្ធនឹងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដែលបានចុះហត្ថលេខា រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានគូសបញ្ជាក់ថា កម្ពុជានឹងនៅតែប្តេជ្ញាអនុវត្តតាមខ្លឹមសារ នៃសេចក្តីថ្លែងការណ៍រួមនេះ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុង តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រ ផលប្រយោជន៍ទៅវិញទៅមក និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈ កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ។
ឯកឧត្តម វីនស្តុន ភីធឺរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អប្រសើរ សម្រាប់គណៈ ប្រតិភូនូវែលសេឡង់។ ឯកឧត្តម វីនស្តុន ភីធីរ ក៏បានអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឯកភាព ទទួលយកការអញ្ជើញនេះដោយក្តីរីករាយ៕


ចែករំលែកព័តមាននេះ