រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដួលបោកក្បាលស្លាប់នៅនឹងកន្លែង ខណៈពេលដែលធ្វើដំណើរជិះម៉ូតូមួយគ្រឿង ចេញពីធ្វើការត្រឡប់ទៅផ្ទះ។ ទោះបីជាយ៉ាងណា គេកុំដឹងថា បុរសរូបនោះ ត្រូវរថយន្តកៀរដួស ឬដួលម៉ូតូខ្លួនឯង បោកក្បាលស្លាប់នោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលាម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះរូបនោះឈ្មោះ សុះ ហ្វាន់ណាហ្វី អាយុប្រមាណ២៥ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ជាសន្តិសុខក្រុមហ៊ុនGSS មានលំនៅសង្កាត់ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក Today ពណ៌ខ្មៅលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1AA-4690 ចេញពីធ្វើការគោលបំណងទៅផ្ទះ។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់នៅនឹងកន្លែង ។
តាមព័ត៌មានខ្លះ បានអះអាងថា ជនរងគ្រោះត្រូវរថយន្តកៀរដួលហើយបោកក្បាលស្លាប់ ហើយរថយន្តក៏បើកគេចបាត់។ ដោយឡែកព័ត៌មានខ្លះទៀតបានអះអាងថា ជនរងគ្រោះដួលម៉ូតូខ្លួនឯង ។
បន្ទាប់ពីកើតហេតុ នគរបាលមូលដ្ឋាន ក៏បានចុះទៅសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ និងទាក់ទងទៅក្រុមគ្រួសារ។ជុំវិញការកើតមានគ្រោះថ្នាក់នេះ នគរបាលកំពុងតែធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ដើម្បីបញ្ជាក់ពីមូលហេតុ នៃការគ្រោះថ្នាក់ចរាចរណ៍នេះ។ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ