ខេត្តកំពង់ស្ពឺ ៖ អ្នកទោសម្នាក់បានស្លាប់នៅតាមផ្លូវបន្ទាប់ពីមានជំងឺធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សី ក្នុងរាជធានីភ្នំពេញកាលពីវេលាម៉ោង០១និង៥នាទីអធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
បើតាមសម្តីមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ ថាមានជនជាប់ឃុំម្នាក់ បានបញ្ជូនពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានអាការៈជំងឺធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សុី ដើម្បីសង្គ្រោះបន្ទាន់។
អ្នកទោសម្នាក់ខាងលើឈ្មោះ វុធ ប៊ុនធឿន ភេទ ប្រុស អាយុ១៩ឆ្នាំ ឃុំខ្លួននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ពីបទ ហិង្សា កម្រិតទោសចំនួន០២ឆ្នាំ បានទទួលមរណៈភាពហើយនៅវេលាម៉ោង០១និង០៥នាទីអធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
បច្ចុប្បន្ន សពទណ្ឌិតខាងលើត្រូវបានយកមកតម្កល់ទុកនៅសាលមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ