ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ជនជាតិ​វៀតណាម​ ចំនួន​២​នាក់​ពាក់ព័ន្ធ​នឹង​ការ​ឆបោ.ក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​យី សុខ​វួ​ច ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៥ បាន​ដីកា​ពីរ​ផ្សេង​គ្នា​បង្គាប់​ឃុំខ្លួន​បុរស​ជនជាតិ​វៀតណាម ចំនួន​២​នាក់…

រាជធានី​ភ្នំពេញ ៖ លោក​យី សុខ​វួ​ច ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៥ បាន​ដីកា​ពីរ​ផ្សេង​គ្នា​បង្គាប់​ឃុំខ្លួន​បុរស​ជនជាតិ​វៀតណាម ចំនួន​២​នាក់ នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ) ជា​បណ្តោះអាសន្ន​ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍ និង​បទ​ឆបោក មាន​ស្ថាន​ទម្ងន់ទោស​ជា​ក្រុម​ដែល​ធ្វើ​សកម្មភាព​ដោយ​មាន​អង្គការ​ចាត់តាំង ។ នេះ​បើ​តាម​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ក្នុង​ដីកា បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​នេះ​ទី​១ ឈ្មោះ VU HUY HOANG ទី​២ ឈ្នោះ NGO VAN TAI ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​ប្រព្រឹត្ត​បទល្មើស​នៅ​ណុ​ច​ផ្ទះ​លេខ​២ ផ្លូវ​បេតុង (​បុរី​ផាក​វិទ្យា​) ភូមិ​ព្រែក​ជាង​ព្រុំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

គួរ​រម្លឹក​ថា ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ដល់​ដើមខែ​ធ្នូ​នេះ ក្រោម​ការ​សម្របសម្រួល​ចង្អុលបង្ហាញ​ពី​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ គ​.​ប​.​ឆ​.​ប​. (online scam) កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​៤ ៨៥១​នាក់ (​ក្នុង​មាន​ស្រី​ចំនួន​៩២៥​នាក់​) មាន​២៣​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​ចិន​, វៀតណាម​, ឥណ្ឌូ​ណេ​ស៊ី​, ឥណ្ឌា​, បង់​ក្លា​ដេ​ស​, ថៃ​, កូរ៉េ​ខាងត្បូង​, ប៉ា​គី​ស្ថាន​, នេ​ប៉ា​ល់ , ម៉ា​ឡេ​ស៊ី​, ជប៉ុន​, មី​យ៉ា​ន់​ម៉ា​, និង​ជនជាតិ​ផ្សេង​ៗ​ទៀត​មាន ហ្វី​លី​ពី​ន ឡាវ កា​មេ​រ៉ូ​ន នី​ហ្សេ​រី​យ៉ា យូ​ហ្គា​ន់​ដា សេ​រ៉ា​លី​អូន ម៉ុង​ហ្គោ​លី រុ​ស្ស៊ី ស្រី​លង្កា អាល់​ហ្សេ​រ៉ី សិង្ហ​បុរី ។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ជំនាញ​បាន​បន្ត​នីតិវិធី​ចំពោះ ១១​សំណុំរឿង​ធំ​ៗ​ក្នុង​ចំណោម​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ក្នុង​រាជធានី​ភ្នំពេញ កណ្តាល ព្រះ​សីហ​នុ និង​ខេត្តកំពត ដោយ​បាន​បញ្ជូន​មុខសញ្ញា​មេខ្លោង និង​បក្ខពួក​សរុប​ចំនួន​៧៧​នាក់ (​ស្រី​៥​នាក់​) ទៅ​តុលាការ ដើម្បី​អនុវត្ត​នីតិវិធី​តាម​ច្បាប់​ជា​ធរមាន ។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ បាន​ដាក់​ចេញ យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ទូ​ទាំង​ប្រទេស​ដោយ​មានការ​ចូលរួម​អនុវត្ត​សកម្មភាព​ពី​ក្រសួង ស្ថាប័ន អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

យុទ្ធនាការ​នេះ សមត្ថកិច្ច​ចម្រុះ​ទូ​ទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការ​លើកលែង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ