ទីក្រុងម៉ូស្គ៖ លោកពូទីនយល់ព្រមអនុញ្ញាតឱ្យអ្នកតំណាងអឺរ៉ុបចូលរួមដោះស្រាយបញ្ហាអ៊ុយក្រែននៅក្នុងកិច្ចចរចាលើកក្រោយ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីបេសកជនអាមេរិក។ ប៉ុន្តែលោកពូទីនយល់ថាអាមេរិកត្រូវធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុបជាមុនសិនដើម្បីសិក្សាស្វែងយល់ថាតើពួកគេចង់បានសន្តិភាព ឬចង់បន្តសង្គ្រាមនៅអ៊ុយក្រែន។ ការអនុញ្ញាតឱ្យអឺរ៉ុបមានកៅអីអង្គុយនៅក្នុងការចរចាអាចរកឃើញដំណោះស្រាយថ្មីមួយ។

ប៉ុន្តែពាក្យសម្ដីរបស់លោកពូទីនគូសបញ្ជាក់ថាការចរចាពិតជាពិបាកព្រោះរុស្ស៊ី និងអឺរ៉ុបមានទស្សនៈផ្សេងគ្នាអំពីការបញ្ចប់សង្គ្រាម។ បន្ទាប់ពីជួបជាមួយលោកពូទីនរួច លោកស្ទីវវីតខូសដែលជាបេសកជនរបស់អាមេរិកថ្លែងប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថាអឺរ៉ុបនឹងចូលរួមនៅក្នុងការចរចាលើកក្រោយ។ យើងចាត់ទុកថានេះជាព្រឹត្តិការណ៍ដ៏សំខាន់ ព្រោះពួកគេជាដៃគូរបស់យើង ហើយយើងគិតថាវាជារឿងសំខាន់ដែលពួកគេត្រូវចូលរួម។

ក្រោយមក លោកវីតខូស និងដៃគូរបស់លោកម្នាក់ទៀតគឺលោកឃូសស្នឺក៏បន្តដំណើរទៅប្រទេសអៀកឡង់ដើម្បីជួបលោកហ្សេឡិនស្គី។ មានសញ្ញានៃភាពតានតឹងសាជាថ្មីព្រោះលោកហ្សេឡិនស្គីថ្លែងថាការរឹតត្បិតថ្មីៗប៉ះពាល់ប្រព័ន្ធទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណបរបស់អាមេរិកដែលទីក្រុងកៀវត្រូវការប្រើប្រាស់នៅលើសមរភូមិ។ ម៉្យាងទៀត លោកយល់ថាអ្វីដែលអាមេរិកពិភាក្សាជាមួយរុស្ស៊ីពាក់ពន្ធនឹងសន្តិសុខរបស់អឺរ៉ុបមានលក្ខណៈចម្លែកបន្តិច។

នៅអំឡុងពេលនៃកិច្ចពិភាក្សានោះ លោកឃូសស្នឺជម្រាបជូនលោកពូទីនថាទីក្រុងវ៉ាស៊ីនតោនកត់សម្គាល់ឃើញនូវ «បម្លាស់ប្ដូរដ៏ធំមួយ» នៃជំហររបស់អឺរ៉ុប។ លោកមានទំនុកចិត្តថាការអនុញ្ញាតឱ្យអឺរ៉ុបមានកៅអីអង្គុយនៅក្នុងការចរចាគ្នាមិនបន្ទច់បង្អាក់ដំណើរការចរចាទេ។ លោកពូទីនថ្លែងថាលោកបើកទូលាយជានិច្ចសម្រាប់ដាក់បញ្ចូលអឺរ៉ុបនៅក្នុងការចរចា។ គ្រាន់តែថាលោកបារម្ភក្រែងលោពួកគេនិយាយស្ដាប់គ្នាមិនបានតែប៉ុណ្ណោះ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ