ប្រទេសថៃ៖ អាជ្ញាធរថៃបានចេញសារព្រមានគ្រោះទឹកជំនន់នៅស្រុកកោះសាមុយ ខេត្តសុរ៉ាត់ថានី និងស្រុកថាសាឡា ខេត្តណាខនស៊ីថាំម៉ារ៉ាត កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយសារភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់។ តំបន់ទាំងនេះប្រឈមនឹងទឹកជំនន់ភ្លាមៗ ទឹកហូរធ្លាក់ពីតំបន់ព្រៃ និងការជន់លិចនៅតំបន់ទំនាប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត ផ្ញើសារព្រមានទៅប្រជាពលរដ្ឋតាមទូរស័ព្ទ។ នៅកោះសាមុយ តំបន់ទំនាប និងជម្រាលភ្នំប្រឈមនឹងហានិភ័យទឹកជោរឡើងខ្ពស់ និងការបាក់ដី។
ចំណែកស្រុកថាសាឡា ខេត្តណាខនស៊ីថាំម៉ារ៉ាត ក៏ប្រឈមនឹងការបាក់ដី និងទឹកជន់ហូរលើសប្រឡាយ ដោយសារទឹកភ្លៀងជោកជាំ ជាពិសេសនៅតំបន់ទំនាប និងតាមដងប្រឡាយ។ អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋផ្លាស់ទីយានយន្តទៅកន្លែងមានសុវត្ថិភាព។
ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យផ្លាស់ប្ដូរទ្រព្យសម្បត្តិទៅទីទួលខ្ពស់ ប្រយ័ត្នគ្រោះថ្នាក់ដោយចរន្តអគ្គិសនី និងយកចិត្តទុកដាក់ចំពោះកុមារ មនុស្សចាស់ និងអ្នកដែលត្រូវការជំនួយពិសេស ព្រមទាំងតាមដានការជូនដំណឹងពីអាជ្ញាធរជាបន្តបន្ទាប់៕
ចែករំលែកព័តមាននេះ