ទីក្រុងញូយ៉ក៖ នាយកដ្ឋានអគ្គិភ័យនៃទីក្រុងញូយ៉ករាយការណ៍ថាក្រោយហេតុការណ៍បាក់អគារកម្ពស់បីជាន់កាលពីយប់មិញ គេរកឃើញជនរងគ្រោះបន្ថែមទៀត។ ដូចនេះចំនួនអ្នកស្លាប់សរុបកើនឡើងដល់៨នាក់ ខណៈដែលអ្នករបួសមានចំនួន១៩នាក់។ នៅសុខៗ អគារដែលស្ថិតនៅសង្កត់ប្រ៊ូកឃ្លីន (Brooklyn) នោះស្រាប់តែបាក់គ្រឹបចុះមកក្រោមតែម្ដង។ ភ្នាក់ងារអគ្គិភ័យបានបញ្ជូនភ្នាក់ងាររបស់ខ្លួន និងភ្នាក់សង្គ្រោះបន្ទាន់មានគ្នាសរុប២៥០នាក់ចុះទៅកន្លែងកើតហេតុ។

មនុស្ស៤នាក់រងរបួសធ្ងន់ ត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្រុមអគ្គិភ័យដើររើកកាយគំនរបាក់បែកដើម្បីស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិត។ នៅក្បែរនោះជាអគារស្នាក់នៅរបស់ប្រជាជន។ អគារនោះក៏រងការខូចខាតខ្លះៗដែរដោយបាក់ជញ្ជាំង ចេញបន្ទប់គេង និងទូដាក់ខោអាវនៅកណ្ដាលវាល។ សាក្សីម្នាក់និយាយថាគាត់ស្ដាប់ឮសំឡេងស្រែករបស់មនុស្ស និងស្ដាប់ឮសំឡេងបាក់អគារឮសូរគ្រាំង។ សាក្សីម្នាក់ទៀតប្រាប់ថាមុនពេលបាក់ អគារនោះចាប់ផ្ដើមយោលយោគៗ មិនយូរប៉ុន្មានក៏បាក់គ្រឹបតែម្ដង។ អគារនោះបានបាក់ទៅលើការដ្ឋានសាងសង់នៅក្បែរនោះដែលកម្មករកំពុងជីកកកាយដី។

គេមិនទាន់ដឹងថាតើមនុស្សប៉ុន្មាននាក់ស្ថិតនៅកន្លែងបាក់នោះទេ។ បុគ្គលិកបម្រើការនៅសាលាក្រុងញូយ៉កកំពុងស៊ើបអង្កេតរកមូលហេតុដែលនាំឱ្យបាក់អគារនោះហើយ។ ចៅហ្វាយក្រុងញូយ៉កប្ដេជ្ញាថាអ្នកដែលទទួលខុសត្រូវនៅក្នុងហេតុការណ៍នេះត្រូវតែផ្ដន្ទាទោសនៅចំពោះមុខច្បាប់។ មន្ត្រីអធិការកិច្ចកំពុងឆែកមើលទីតាំងប្រហែលមួយរយកន្លែងនៅទូទាំងទីក្រុងញូយ៉កដែលជាប់ពាក់ព័ន្ធនឹងកន្លែងបាក់អគារ។

រហូតមកដល់ពេលនេះ គេកំណត់អត្តសញ្ញាណជនរងគ្រោះ៧នាក់។ ក្នុងនោះមានកុមារ២នាក់។ គេថតបានវីឌីអូនៅពេលអគារនោះចាប់ផ្ដើមបាក់ធ្លាក់ចុះមកក្រោម។ យោងតាមព័ត៌មានបច្ចុប្បន្នភាពចុងក្រោយនេះ អាជ្ញាធរបានបិទបញ្ចប់ការស្វែងរក និងជួយសង្គ្រោះហើយ ហើយសន្និដ្ឋានថាមិនមានអ្នកដែលអាចនៅរស់រានមានជីវិតទេ។ មុននេះបន្តិច មានការធ្លាក់ភ្លៀង និងផ្គររន្ទះ ហេតុនេះជាការរំខានប្រតិបត្តិការស្វែងរក៕ ប្រភព៖ CNN

ចែករំលែកព័តមាននេះ