ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​» ប្រែក្លាយ​បេះដូង​រាជធានី​ភ្នំពេញ ជាទី​ជួបជុំ​វប្បធម៌​ចម្រុះ​ពី​ជុំវិញ​ពិភពលោក រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦

14 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ រាជធានី​ភ្នំពេញ ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ នៃ​ការ​ជួបជុំ​វប្បធម៌​អន្តរជាតិ តាម​រយៈ​ព្រឹត្តិការណ៍ «​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​» (Village de la Francophonie) ដែល​នឹង​បើក​ដំណើរការ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​បរិវេណ​សួនច្បារ​វត្ត​បទុម​វ​តី ក្រោម​ប្រធានបទ «​ស្នាមញញឹម​ខ្មែរ ស្នាមញញឹម​ហ្វ្រ​ង់​កូ​ហ្វូ​នី​» ដើម្បី​បង្ហាញ​ពី​ភាព​សម្បូរ​បែប ​នៃ​អត្តសញ្ញាណ វប្បធម៌ ប្រពៃណី សិល្បៈ និង​សក្តានុពល​របស់​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី ​។

ក្នុង​ដំណើរ​ត្រៀម​រៀបចំ​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​សំខាន់​នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទី​៣ នៃ​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ឆ្នាំ​២០២៦ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​រៀបចំ «​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​» ដើម្បី​ធានា​ឱ្យ​ការ​រៀបចំ​ទីតាំង និង​សកម្មភាព​នានា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​ភាព​ទាក់ទាញ ស្រប​តាម​ផែនការ​ដែល​បាន​កំណត់​ ។

ព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​លោក​ជំទាវ Louise Mushikiwabo អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF)​។

«​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​» ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​កិច្ចការ​នារី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដោយ​មាន​គោលបំណង​បង្កើត​ជាទី​តាំង​ជួបជុំ ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ចែករំលែក​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​រវាង​ប្រទេស​នានា ព្រមទាំង​ផ្តល់​ឱកាស​ដល់​សាធារណជន​បាន​ស្វែង​យល់​ពី​ពិភព​ហ្វ្រ​ង់​កូ​ហ្វូ​នី​កាន់តែ​ទូលំទូលាយ​។

ក្នុង​រយៈពេល​៥​ថ្ងៃនេះ ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នឹង​បើក​ទទួល​ស្វាគមន៍​គណៈប្រតិភូ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​សាធារណជន ចាប់ពី​ម៉ោង​១០:០០​នាទី​ព្រឹក ដល់​ម៉ោង​៩:០០​នាទី​យប់ ដោយ​មានកម្ម​វិធី​ចម្រុះ​ជា​ច្រើន រួម​មាន​៖

១- តំបន់​ពន្លា​ជាតិ​៖ មានការ​តាំង​បង្ហាញ​អំពី​អត្តសញ្ញាណ​ជាតិ វប្បធម៌ ប្រពៃណី សិល្បៈ សក្តានុពល​ទេសចរណ៍ និង​សមិទ្ធផល​នានា​របស់​ប្រទេស រដ្ឋ និង​តំបន់​ដែល​ជា​សមាជិក​អង្គការ OIF ព្រមទាំង​ស្ថាប័ន​ចំណុះ​អង្គការ OIF សរុប​ចំនួន​៧៣​ទីតាំង​ពន្លា​។
២- សន្និសីទ និង​កិច្ច​ពិភាក្សា​៖ មានការ​រៀបចំ​សន្និសីទ និង​វេទិកា​ពិភាក្សា​លើ​ប្រធានបទ​ចម្រុះ​ប្រមាណ​៤០​កម្មវិធី ដើម្បី​ផ្លាស់​ប្តូរ​ចំណេះដឹង បទ​ពិសោធន៍ និង​ទស្សនៈ​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​។
៣- ការ​សម្តែង​សិល្បៈ និង​វប្បធម៌​៖ មានការ​សម្តែង​សិល្បៈ និង​វប្បធម៌​របស់​បណ្តា​ប្រទេស​សមាជិក​អង្គការ OIF ព្រមទាំង​ទស្សនីយភាព​សិល្បៈ​របស់​កម្ពុជា ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សរុប​ជាង​៥០​កម្មវិធី ដើម្បី​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​សិល្បៈ និង​អរិយធម៌​របស់​ប្រទេស​នីមួយ​ៗ​។
៤- តំបន់​តាំងពិព័រណ៍​ទូទៅ​៖ មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​សមាជិក​អង្គការ OIF ក្រសួង ស្ថាប័ន​សាធារណៈ រដ្ឋបាល​រាជធានី​-​ខេត្ត សមាគម អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​វិស័យ​ឯកជន សរុប​ចំនួន​១៣០​ស្តង់ សម្រាប់​បង្ហាញ​សមិទ្ធផល ផលិតផល សេវាកម្ម និង​សក្តានុពល​នានា​។
៥- ភូមិ​អាហារ​ហ្វ្រ​ង់​កូ​ហ្វូ​នី​៖ ជាទី​តាំង​សម្រាប់​បង្ហាញ និង​ផ្សព្វផ្សាយ​ម្ហូបអាហារ ភេសជ្ជៈ និង​ផលិតផល​ម្ហូបអាហារ​ដែល​មាន​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី សរុប​ចំនួន​៣០​ស្តង់ ព្រមទាំង​មាន​សកម្មភាព​កម្សាន្ត និង​កម្មវិធី​អម​ជា​ច្រើន​ទៀត​។

ក្រៅពី​ជា​ព្រឹត្តិការណ៍​តាំងពិព័រណ៍ និង​ការ​សម្តែង​សិល្បៈ «​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​» ក៏​ជា​វេទិកា​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌ កា​រត​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការ​ពង្រឹង​សាមគ្គីភាព​រវាង​បណ្តា​ប្រទេស​ក្នុង​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​។

តាម​រយៈ​ព្រឹត្តិការណ៍​នេះ កម្ពុជា​នឹង​មានឱកាស​បង្ហាញ​មុខមាត់​ជាតិ អត្តសញ្ញាណ​វប្បធម៌ ប្រពៃណី សិល្បៈ និង​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​របស់​ប្រជាជន​ខ្មែរ ជូន​ដល់​មិត្តភក្តិ​អន្តរជាតិ ព្រមទាំង​បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុជា​ក្នុង​ការ​រួមចំណែក​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហគមន៍​អន្តរជាតិ​។ «​ស្នាមញញឹម​ខ្មែរ ស្នាមញញឹម​ហ្វ្រ​ង់​កូ​ហ្វូ​នី​» មិន​ត្រឹមតែ​ជា​ប្រធានបទ​នៃ​ព្រឹត្តិការណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​សារ​នៃ​មិត្តភាព សាមគ្គីភាព និង​ការ​ស្វាគមន៍​ពិភពលោក​មក​កាន់​កម្ពុជា​ផង​ដែរ​ ៕