ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកធ្លាក់ ជី​អាំង គោលដៅ​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ នៅ​ខេត្តមណ្ឌលគិរី កំពុង​ក្លាយជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​ថ្មី ដល់​ជនជាតិ​ដើម​ភាគតិច

12 ម៉ោង មុន

ខេត្តមណ្ឌលគិរី ​៖ តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ជី​អាំង មាន​ចម្ងាយ​ប្រមាណ ៤៥​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​មណ្ឌលគិរី ស្ថិត​នៅ​ភូមិ​ពូ​ញ៉ា​វ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​មួយ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចង់​សម្រាក​លំហែកាយ ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​រីករាយ​ជាមួយ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ ។

អ្នកទេសចរ​អាច​ធ្វើ​ដំណើរ​ចេញពី​ក្រុង​សែន​មនោ​រម្យ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ប្រមាណ ២០​គីឡូម៉ែត្រ ហើយ​បន្ត​ចូល​តាម​ផ្លូវ​មួយ​ខ្សែ​ទៀត​ប្រមាណ ៤​គីឡូម៉ែត្រ ទើប​ដល់ទី​តាំង​ទឹកធ្លាក់​។ មក​ដល់ទី​នេះ អ្នកទេសចរ​ក៏​អាច​មើលឃើញ​ពី​ជីវភាព​រស់នៅ និង​វប្បធម៌​ប្រពៃណី​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ​។

បើ​តាម​លោក សុ​គុណ ជុ ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ជី​អាំង ស្ថិត​នៅ​ភូមិ​ពូ​ញ៉ា​វ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​បញ្ជាក់​ប្រាប់​ថា សហគមន៍​នេះ​ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២៣ ហើយ​នៅ​ទីតាំង​ទឹកធ្លាក់​កន្លែង​នេះ​មាន​បោះ​តង់ មាន​សេវា​ជូន​ភ្ញៀវ​កម្សាន្ត បម្រើ​ម្ហូបអាហារ​។ ក្រៅពី​នេះ ភ្ញៀវ​អាច​ងូតទឹក​កម្សាន្ត ដើរ​លេង​តាម​ព្រៃ​ភ្នំ​ជាដើម​។ នៅ​សហគមន៍​ក៏​មាន​សត្វ​កម្រ​ជា​ច្រើន​ដូច​ជា​៖ ឈ្លូស ប្រើស ជ្រូកព្រៃ ស្វា មាន់ព្រៃ​ជាដើម ​។

លោក​បាន​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ សមាជិក​សហគមន៍​សរុប ៣១​នាក់ ក្នុង​ចំណោម​នេះ​សុទ្ធ​សឹង​ជា​អ្នកបម្រើ​សេវា​វិស័យ​ទេសចរណ៍ និង​ជា​អ្នក​ប្រកប​របរ​កសិកម្ម​។ ពិសេស​ជាង​នេះ រាល់​ដំណាំ និង​សត្វ​ចិញ្ចឹម​របស់​ពួក​គាត់ តែង​យក​មក​លក់​ឱ្យ​ភ្ញៀវ​ទេសចរ ដែល​ផ្តល់​នូវ​ចំណូល​ដល់​គ្រួសារ​ពួក​គាត់​។ សម្រាប់​ម្ហូបអាហារ​ដែល​បម្រើភ្ញៀវ​ទេសចរ​សុទ្ធ​សឹង​ជា​របស់​ធម្មជាតិ ដាំ និង​រកបាន​នៅ​ទីនោះ​ផ្ទាល់​តែ​ម្តង​ ។

ប្រធាន​សហគមន៍​រូប​នេះ​បាន​ប្រាប់​ថា រាល់​ការ​មក​ទស្សនា​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ជី​អាំង គឺជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​ជីវភាព និង​ការ​អភិវឌ្ឍន៍​សហគមន៍​។ វា​បាន​ជួយ​បង្កើត​ឱកាស​ការងារ​សម្រាប់​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​ប្រកប​របរ​ប្រកបដោយ​ចីរភាព ពង្រឹងសមត្ថភាព​សហគមន៍ និង​ជំរុញ​ការ​ការពារ​ធនធានធម្មជាតិ​ដែល​ពួក​គេ​តែង​អាស្រ័យ​ផល​ ។

ដោយឡែក​លោក ហេង ខេ​ង អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់​ប្រាប់​ថា ក្នុង​ចំណោម​សហគមន៍​ទាំង​២៦ នៅ​ខេត្តមណ្ឌលគិរី មាន​ទាំង​សហគមន៍​តំបន់​ការពារ​ធនធានធម្មជាតិ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។ ដោយឡែក​សហគមន៍​ទេសចរណ៍ធម្មជាតិ​វិញ​មាន​ចំនួន​៣ គឺ​សហគមន៍​ឡែ​ង​កៅ នៅ​ភូមិ​អណ្តូង​ក្រឡឹង សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ជី​អាំង និង​សហគមន៍​ទេសចរណ៍​ភ្នំ​ណាំ​លៀរ ដែល​ជាទី​តាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ស្ថិត​នៅ​ក្នុងស្រុក​ពេជ្រ​ចិន្តា ខេត្តមណ្ឌលគិរី​ ។

លោក​បាន​ប្រាប់​ថា ក្រៅពី​តំបន់​ទេសចរណ៍​ល្បី​ៗ​ក្នុង​ខេត្តមណ្ឌលគិរី សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ជី​អាំង មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី​។ លើស​ពី​នេះ ទឹកធ្លាក់​ជី​អាំង​បាន​ផ្តល់​ឱ្យ​ភ្ញៀវ​ទេសចរ​នូវ​បទ​ពិសោធន៍​ពី​ធម្មជាតិ ដែល​រួមចំណែក​គាំទ្រ​ដល់​ជីវភាព​សហគមន៍​មូលដ្ឋាន និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​។ នៅ​ទី​នេះ ភ្ញៀវ​ទេសចរ​អាច​ស្វែង​យល់​ពី​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​មូលដ្ឋាន និង​ស្វែង​យល់​ពី​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ជនជាតិ​ដើម​ភាគតិច​ពូន​ង ។

គួរ​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​គាំទ្រ​ថវិកា​ពី​គម្រោង​រេ​ដ​បូក​កែវ​សីមា ក្រោម​ការ​អនុវត្ត​ដោយ​អង្គការ WCS Cambodia សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី និង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ CRDT សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ជី​អាំង​-Chy Ang Community Based Ecotourism បាន​នឹង​កំពុង​អភិវឌ្ឍ​ខ្លួន ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ត និង​គយគន់​សម្រស់​ព្រៃ​ព្រឹក្សា​ដ៏​ស្រស់​ត្រកាល​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ​។

បន្ថែម​ពី​សម្រស់​ព្រៃ​ដ៏​ខៀវស្រងាត់ និង​ទឹកធ្លាក់​ដ៏​ថ្លា​ឆ្វង់ សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ជី​អាំង ក៏​មាន​សេវាកម្ម​ទេសចរណ៍​ដូច​ជា​៖ ការ​រៀបចំ​ម្ហូបអាហារ ផ្ទះ​ស្នាក់ កន្លែង​បោះ​តង់ ការ​សម្តែង​របាំ​ជនជាតិ​ដើម​ភាគតិច និង​សេវាកម្ម​នាំ​ភ្ញៀវ​ទេសចរ​ផង​ដែរ ​។

ទឹកធ្លាក់ «​ជី​អាំង​» មាន​លក្ខណៈ​ពិសេស ដោយ​ទឹក​ហូរ​ធ្លាក់​ជា​ដំណាក់​ៗ​ជា​ច្រើន​ជាន់ អម​ដោយ​ព្រៃឈើ​បៃតង​ខៀវស្រងាត់ វាលស្មៅ​ធម្មជាតិ និង​ជួរ​ភ្នំ​តូច​ធំ​ដែល​លេច​ត្រដែត ជា​ពិសេស​នៅ​ពេល​ព្រឹក​មាន​អ័ព្ទ​ស្រាល​គ្របដណ្តប់ បង្កើត​បានជា​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត និង​មាន​បរិយាកាស​ត្រជាក់​ស្រួល ស្ងប់ស្ងាត់ សម​ស្រប​សម្រាប់​ការ​សម្រាក និង​កម្សាន្ត​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​។ ក្នុង​រដូវវស្សា និង​ដើមរដូវ​រងា តំបន់​នេះ​កាន់តែ​មាន​សម្រស់​ទាក់ទាញ ដោយ​រុក្ខជាតិ​លូតលាស់​ខៀវស្រងាត់ ពពក និង​អ័ព្ទ​អណ្តែត​តាម​ជ្រលង​ភ្នំ ដែល​ជាទី​ពេញ​និយម​សម្រាប់​អ្នក​ស្រឡាញ់​ធម្មជាតិ ការ​ថតរូប និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ ។

បច្ចុប្បន្ន ទឹកធ្លាក់ «​ជី​អាំង​» នៅ​តែ​អាច​ចុះ​ងូតទឹក និង​លេង​កម្សាន្ត​បាន ទោះបី​លំហូរ​ទឹក​មាន​កម្លាំង​ខ្លាំង​ជាង​រដូវប្រាំង​បន្តិច​ក៏​ដោយ​។ ប៉ុន្តែ ភ្ញៀវ​ទេសចរ​ត្រូវ​បាន​ណែនាំ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ចុះ​លេង​ទឹក និង​គោរព​តាម​ការ​ណែនាំ​របស់​អ្នកគ្រប់គ្រង​តំបន់​។ ជាមួយ​សម្រស់​ធម្មជាតិ​ដ៏​ទាក់ទាញ និង​បរិយាកាស​ស្រស់ស្រាយ រមណីយដ្ឋាន​ទឹកធ្លាក់ «​ជី​អាំង​» កំពុង​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យមក​ទស្សនា​កម្សាន្ត និង​ស្វែង​យល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរ​បែប​របស់​ខេត្តមណ្ឌលគិរី​ ។

គួរ​បញ្ជាក់​ថា តាម​រយៈ​ការ​ដឹកនាំ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូន​ង ស្ថិត​ក្នុងភូមិ​ពូ​ញ៉ា​វ និង​ការ​គាំទ្រ​ពី​គម្រោង​រេ​ដ​បូក​កែវ​សីមា ភ្ញៀវ​ទេសចរ​អាច​រីករាយ​ជាមួយ​សកម្មភាព​ជា​ច្រើន ដូច​ជា​៖ ដើរ​ទស្សនា​ព្រៃ​ព្រឹក្សា​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​, ស្វែង​យល់​ពី​ការ​រស់នៅ​របស់​សត្វព្រៃ​នៅ​ក្នុង​ទីជម្រក​ធម្មជាតិ​, ហែល​ទឹក​លេង​កម្សាន្ត នៅ​ទីតាំង​ទឹកធ្លាក់​ដ៏​ត្រជាក់​ស្រស់ស្រាយ​, ពិសា​ម្ហូប​ប្រចាំ​តំបន់​របស់​ជនជាតិ​ដើម​ភាគតិច​, ទទួល​បទ​ពិសោធន៍​ស្នាក់​នៅផ្ទះ​ស្នាក់​របស់​សហគមន៍​, ស្វែង​យល់​ពី​វប្បធម៌ និង​ប្រពៃណី​ដ៏​អស្ចារ្យ​របស់​ជនជាតិ​ដើម​ភាគតិច​ពូន​ង​ជាដើម ​៕