ត្រៀមខ្លួនទុកជាមុន! កម្ពុជារងឥទ្ធិពលសម្ពាធទាប និងខ្យល់មូសុងឦសាន ធ្វើឱ្យភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៣ថ្ងៃជាប់គ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្ពាធទាបកំពុងជះឥទ្ធិពលខ្លាំងលើប្រទេសកម្ពុជា ធ្វើឱ្យ៣ថ្ងៃខាងមុខនេះ (១៣-១៥ វិច្ឆិកា) នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះថា សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ៖
១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០% ។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ កំពង់ស្ពឺ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥% ។


៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C ។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០% ។ ដោយឡែកចំពោះរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕
ចែករំលែកព័តមាននេះ