ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតកម្មករម្នាក់​ ងាក​មកប្រកបរបរប្រមូល​ទិញមាន់ស្រែ ដឹកលក់ឆ្លងខេត្ត ទទួលបានប្រាក់​ចំណេញសមរម្យ

1 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ បុរស​ម្នាក់​ធ្លាប់តែ​ស៊ីឈ្នួល​នៅ​សត្តឃាតដ្ឋាន​(​កន្លែង​កាប់​ជ្រូក​.​គោ​) ​ឱ្យ​គេ ​ដោយសារ​​​ចំណាយ​មិន​គ្រប់គ្រាន់​ក្នុង​គ្រួសារ​ ហើយ​ក៏​មានគំនិត​បង្កើត​ថ្មី​ ចេញ​រកស៊ី​ជា​អ្នក​ប្រមូល​ទិញ​មាន់​ស្រែ​ដឹក​ដើរ​លក់​ឆ្លងខេត្ត ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​គ្រាន់បើ​ ហើយ​ថវិកា​ដែល​រក​បាន​យក​មក​ផ្គត់ផ្គង់​មើលថែ​ទាំ​ឪពុក​ជរា​នៅផ្ទះ​។

លោក​ឌៀ​ន ឌី​ម អាយុ​៥១​ឆ្នាំ រស់នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រពន្ធ​របស់​គាត់​បាន​ចេញ​ទៅ​ស៊ីឈ្នួល​ធ្វើការ​ឲ្យ​គេ​នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​២​ទៅ​៣ ខែ​ទើប​មក​លេង​ផ្ទះ​ម្ដង​នៅ​ក្នុង​ខេត្តកំពង់ធំ​។ ដោយសារ​តែ​ជីវភាព​គ្រួសារ​មិន​មាន​លុយ​ចាយ​សម្បូរ​ដូច​គេ​ គាត់​ក៏​បាន​ងាក​ចេញពី​ការងារ​នៅ​សត្តឃាត ដោយ​មានគំនិត​មួយ​គឺ​សន្សំ​លុយ​បាន​គ្រាន់បើ​ក៏​​ប្រមូល​ទិញ​មាន់​ស្រែ​តាម​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្ទោង​២​ទៅ​៣​ថ្ងៃ​ ទើប​ប្រមូល​បាន​ក្នុង​រង្វង់​ជាង​៥០គីឡូក្រាម ដើម្បី​ដឹក​ឆ្លងខេត្ត​យក​មក​លក់​នៅខេត្ត​​កំពង់ចាម​ និង​ត្បូងឃ្មុំ​។

បុរស​អ្នកលក់​មាន់បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ពេល​ណា​ដែល​បាន​មាន់​គ្រប់​ចំនួន​គឺ​​ដឹក​តាម​ម៉ូតូ​ចាស់​មួយ​គ្រឿង​ចេញពីផ្ទះ​ឆ្ពោះ​មក​កាន់​ផ្សារ​នៅ​ក្នុង​ក្រុង​កំពង់ចាម ពេល​ព្រឹក​ព្រលឹម ​ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​​នៅ​​ពេល​យប់​ឯណោះ​។ រាល់ថ្ងៃ​គាត់​មើលថែ​ឪពុក​ចាស់ជរា​ម្នាក់ ចំណែក​ប្រពន្ធ​ទៅ​ស៊ីឈ្នួល​បម្រើ​ការងារ​ជាអ្នក​អនាម័យ​នៅ​តាម​ផ្ទះ​ឱ្យ​គេ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

បុរស​នេះ​បញ្ជាក់​ថា ​ពី​មុន​មក​គាត់​ធ្លាប់​ស៊ីឈ្នួល​ជា​អ្នក​កាប់​គោ ក្របី ឱ្យ​គេ​នៅ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ តែ​ប្រាក់ខែ​បាន​មក​ចាយ​មិន​គ្រប់គ្រាន់​ក៏​មានគំនិត​មួយ​ដោយយក​​លុយ​ដែល​សន្សំ​បាន​ល្មម​ និង​ចេញ​ប្រកប​របរ​ថ្មី​ជា​អ្នកទិញ​មាន់​ក្នុងស្រុក​របស់​គាត់ ដើម្បី​យក​មក​លក់​នៅ​ខេត្តកំពង់ចាម​បាន​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ក្នុង​មួយ​ជើង​គាត់​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ក្នុង​រង្វង់​១០ ទៅ​១២​ម៉ឺន​រៀល​។ ចំពោះ​មាន់​ដែល​ទិញ​នៅ​តាម​ភូមិ​គឺ​គាត់​រក​មើល​មាន់​ណា​ដែល​មាន​សុខភាព​ល្អ​ មិន​ឈឺ​ ដើម្បី​យក​មក​ដាក់​ក្នុង​ទ្រុង​ធំ​ឱ្យ​ចំណី​ថែរក្សា​បាន​ល្អ​ ពេល​គ្រប់​ចំនួន​ហើយ​ លើក​ប្រមូល​ដាក់​លើ​ម៉ូតូ​ដឹក​ចេញ​​ទៅ​​លក់​ដែល​មាន​ម៉ូយ​ចាំ​ទិញ​នៅ​កំពង់ចាម​។

អ្នកលក់​មាន់​រូប​នេះ​លើក​ឡើង​ថា គាត់​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ករណី​ឃើញ​មាន់​ឈឺ​សំកុក ​ហើយ​ក្នុង​ករណី​បើ​ប្រទះ​ឃើញ​សង្ស័យ​ឆ្លង​ផ្ដាសាយ​បក្សី​(H5N1) គាត់​នឹង​រាយការណ៍​ជូន​ទៅ​ដល់​កម្លាំង​ពេទ្យសត្វ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​ពី​សត្វ​មក​មនុស្ស​ ៕​