ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រឹក​ថ្ងៃ​ទី ៨ ខែធ្នូ ឆ្នាំ ២០២៥ យោធា​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា នៅ​ក្នុង​តំបន់​អានសេះ ប្រាសាទតាមាន់ធំ ៥​មក​រា និង​នៅ​ចំការ​ចេក

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជ្រាប​ពី​ស្ថានភាព​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ថ្ងៃនេះ​ថា ៖

នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពី​វេលា​ម៉ោង​ប្រមាណ ០៥:០៤​នាទី យោធា​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា នៅ​ក្នុង​តំបន់​អានសេះ ខេត្តព្រះវិហារ បន្ទាប់​មក​បាញ់​នៅ​ប្រាសាទតាមាន់ធំ ដោយ​ប្រើប្រាស់​រថក្រោះ​បាញ់​ចូល​ជា​ច្រើន និង​នៅ​តំបន់​ប្រាសាទព្រះវិហារ នៅ ៥​មក​រា និង​នៅ​ចំការ​ចេក និង​ការ​បើក​ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​បង្កហេតុ​ជា​ច្រើន​រាប់​មិន​អស់​ច្រើន​ថ្ងៃ​មក​ហើយ ជា​ពិសេស​ឧបទវហេតុ​កាលពី​ម្សិលមិញ​នៅ​ព្រ​លាន​ថ្ម ក្នុង​ចេតនា​ញុះញង់​ដើម្បី​នាំ​ដល់​ការ​ប៉ះទង្គិច​គ្នា ។

ដោយ​ឈរ​លើ​ស្មារតី​នៃ​ការ​គោរព​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ នៅ​ក្នុង​ឧប្បត្តិហេតុ​លើក​ទី​ពីរ​នោះ កងកម្លាំង​កម្ពុជា​ក៏​មិន​បាន​ធ្វើការ​បាញ់​តបត​ឡើយ និង​កំពុង​បន្ត​តាមដាន​លើ​កា​រវិ​វត្ត​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត ។ ជាមួយ​គ្នា​នេះ កម្ពុជា​បាន​ជូនដំណឹង​ជា​លើក​ទី​ពីរ​ទៅ​ក្រុម​អ្នក​សង្កេត ការណ៍​អាស៊ាន (AOT) អំពី​ឧប្បត្តិ​ហេតុនេះ​រួច​ហើយ ព្រមទាំង​គ្រោង​នឹង​ស្នើ​ឱ្យ AOT ចុះ​ទៅ​ទីតាំង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការ​ពិត និង​ធានា​ឱ្យ​បាន​នូវ​តម្លាភាព យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ ។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​អមនុស្សធម៌ ដ៏​សាហាវឃោរឃៅ​នេះ ហើយ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​កាលដែល​ភាគី​ថៃ​បាន​រំលោភ​បំពាន​លើ ”​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ​” ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ ២០២៥ ដែល​ចុះហត្ថលេខា ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ថៃ ក្រោម​សាក្សី​របស់​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក និង​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន ។

ក្នុង​ន័យ​នេះ កម្ពុជា​សូម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ និង​សកម្មភាព​ខុសច្បាប់​របស់​ថៃ​ម្តង​ហើយ​ម្តងទៀត​នេះ ដោយ​ទាមទារ​ឱ្យ​ថៃ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កំរោល​នេះ ។ កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ​បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ។ ទន្ទឹម​នឹង​នេះ កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ងាក​មក​គោរព​កិច្ច​ព្រម ព្រៀម​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព និង​កាតព្វកិច្ច​ទាំងឡាយ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយ​សុច្ឆន្ទៈ​ពិតប្រាកដ ។

កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ព្រមទាំង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​កន្លង​មក ប្រកបដោយ​សុច្ឆន្ទៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ។ កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​គំរាម ឬ​ការ​ប្រើប្រាស់​កម្លាំង សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​យុ​ត្ត​ធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ