ប្រទេសឥណ្ឌា ៖ នៅឥណ្ឌាសោកនាដកម្មថ្មីមួយ កើតមានកាលពីយប់ថ្ងៃទី៧ ធ្នូ នៅកន្លែងកម្សាន្តមាត់សមុទ្រដ៏ល្បីគឺទីក្រុងGOA បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២៥នាក់ ក្នុងនោះ មានអ្នកទេសចរច្រើននាក់ ពេលភ្លើងឆេះក្លឹបរាត្រីដែលមនុស្សនិយមចូលក្រោយវេលាយប់រំលងអធ្រាត្រចូលថ្ងៃទី៧ ធ្នូ ។
ទីភ្នាក់ងារព័ត៌មានឥណ្ឌាPTI បានដកស្រង់សម្ដីប៉ូលិសដែលលើកឡើងថា ភ្លើងចាប់ឆេះនារំលងអធ្រាត្រថ្ងៃទី៦ ចូលថ្ងៃទី៧ ធ្នូ ក្នុងក្លឹបរាត្រីARPORA ស្ថិតក្នុងខណ្ឌGOAខាងជើង ។ ប្រមុខប្រតិបត្តិមូលដ្ឋានលោកប្រាម៉ូដសាវ៉ានសរសេរក្នុងបណ្ដាញសង្គមXថា ថ្ងៃនេះ ជាថ្ងៃដែលសោកសៅបំផុត សម្រាប់យើងគ្រប់គ្នានៅក្រុងGOA ។
អគ្គិភ័យដ៏ចម្បងឆេះ ក្លឹបARPORA បណ្ដាលឲ្យមនុស្សស្លាប់ដល់២៥នាក់ ។ ក្នុងចំណោមជនរងគ្រោះទាំងនេះ៣នាក់ស្លាប់ដោយភ្លើងរលាកធ្ងន់ធ្ងរបំផុត ហើយជនរងគ្រោះដទៃៗទៀតស្លាប់ដោយពុលផ្សែងស្ទះដង្ហើម ។ លោកបន្តថា លោកមកកាន់កន្លែងភ្លើងឆេះហើយបានចេញបញ្ជាឲ្យធ្វើការស៊ើបអង្កេតមួយលើមូលហេតុនៃសោកនាដកម្មនេះ ។ លោកសន្យាថា បណ្ដាអ្នកទទួល ខុសត្រូវនឹងនាំមកកាត់ទោសធ្ងន់ធ្ងរយោងតាមច្បាប់និងថា រាល់ការធ្វេសប្រហែសនឹងរងការចាត់ការដោយម៉ឺងម៉ាត់ ។
តាមអ្នកទទួលខុសត្រូវរូបនោះថា ក្នុងចំណោមអ្នកស្លាប់មានអ្នកទេសចរ៣ឬ៤នាក់ ។ បណ្ដាសារព័ត៌មានក្នុងស្រុកដែលផ្អែកលើព័ត៌មានរបស់ប៉ូលិសថា គ្រោះអគ្គិភ័យនេះអាចបណ្ដាលមកពីការផ្ទុះធុងហ្គាស់មួយដោយបន្តថា ការស៊ើបអង្កេតទើបចាប់ផ្ដើម។ ទីក្រុងGOAជាអតីតដែនដីអាណានិគមព័រទុយហ្គាល់ (១៥១០-១៩៦១) ស្ថិតនៅមាត់សមុទ្រអារ៉ាប៊ីក្នុងផ្នែកមហាសមុត្រឥណ្ឌា ៕
ចែករំលែកព័តមាននេះ